ព័ត៌មានជាតិ

នគរបាល​ខេត្តកណ្ដាល បញ្ជូន​អ្នក​ផលិត​ស្រាស ចំនួន ១៣ នាក់ មក​តុលាការ ក្រោយ​មាន​មនុស្ស ១២ នាក់​ស្លាប់,,

កណ្ដាល​៖ នៅ​រសៀល ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២១​អ្នក​ផលិត​ស្រា​.​ស ចំនួន​១៣​នាក់ ត្រូវបាន​នគរបាល​ខេត្ត កណ្ដាល បញ្ជូនមក​សាលាដំបូង​ខខេត្ដ ក្រោយ​អ្នក​ទទួលទាន​ស្រា ស្លាប់​ជា​បន្ដបន្ទាប់ ជាង ១០ នាក់ ខណៈ​ជាច្រើន​នាក់ ផ្សេងទៀត កំពុង​តាមដាន​សុខភាព នៅ​ស្រុក​ល្វាឯម ខេត្តកណ្ដាល​។​

​លោក​វរសេនីយ៍ឯក ឡាក់ ម៉េង​ធី នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា បន្ទាប់ពី​បញ្ចប់​ការសួរនាំ អ្នកលក់​ស្រា​.​ស ទាំង​១៣​នាក់​នោះ ត្រូវបញ្ជូន​ទៅកាន់ សាលាដំបូង ខេត្តកណ្ដាល នៅ​រសៀល​ថ្ងៃនេះ ដើម្បី​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់ ក្រោយ​អ្នក​ទទួលទាន បាន​ពុល​ស្លាប់ ជា​បន្ដបន្ទាប់​។​

​ជនសង្ស័យ​ទាំង ១៣ នាក់ រួមមាន​៖
១- ឈ្មោះ ប៊ូ ស៊ន ភេទ​ប្រុស អាយុ​៧៨​ឆ្នាំ​
២- ឈ្មោះ ង៉ូ​វ សៀ ភេទ​ស្រី អាយុ​៦៦​ឆ្នាំ​
៣- ឈ្មោះ អៀម នៅ ភេទ​ស្រី អាយុ​៤៨​ឆ្នាំ​
៤- ឈ្មោះ អេង ដូរ ភេទ​ស្រី អាយុ​៣១​ឆ្នាំ​
៥- ឈ្មោះ ឌួង ឌី ភេទ​ប្រុស អាយុ​៦១​ឆ្នាំ​
៦- ឈ្មោះ ខុន សារី ភេទ​ស្រី អាយុ​៣៦​ឆ្នាំ​
៧- ឈ្មោះ សេង លី​សុភាព ភេទ​ប្រុស អាយុ​៣៦
៨- ឈ្មោះ អុ​ឹ​ម សំ​អូន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ​
៩- ឈ្មោះ ព្រៃ ចិន្តា ភេទ​ស្រី អាយុ​៣០​ឆ្នាំ​
១០- ឈ្មោះ ឈឿន សុភា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​
១១- ឈ្មោះ ពៅ ហៀ​ង ភេទ​ស្រី អាយុ​៤៣​ឆ្នាំ​
១២- ឈ្មោះ ឆាយ សេង​ឃៀង ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ ។​
​អ្នក​ទាំង​១២ ខាងលើ រស់នៅ​ភូមិ​តា​ស្គរ ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្តកណ្តាល​។​
១៣- ឈ្មោះ ផាត់ សុផាន់​នី ភេទ​ស្រី អាយុ​៥៩​ឆ្នាំ រស់នៅ​ភូមិ​អរិយ​ក្សត្រ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល​។​

​លោកនាយ​ការិយាល័យ បាន​បញ្ជាក់ថា ក្នុងចំណោម​អ្នកលក់​ស្រា​ទាំង ១៣ នាក់​នោះ មាន​អ្នក​ដែល​សមត្ថកិច្ច ទើបតែ​ចាប់ខ្លួនបាន គឺ​ឈ្មោះ ប៊ូ សន បន្ទាប់ពី នាំ​ក្រុមគ្រួសារ រត់គេចខ្លួន មួយរយៈ ក្រោយ​ហេតុការណ៍ ពុល​ស្រាល​នេះ កើតឡើង​ភ្លាម​។​

​សូមជម្រាបថា ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា នា​យប់​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២១ មានការ​រាយការណ៍ មក​មន្ទីរ​សុខាភិបាល ខេត្តកណ្តាល និង​ក្រសួង សុខាភិបាល ថា​មាន​ករណី​ស្លាប់ ចំនួន​២​នាក់​កើតឡើង នៅ​ភូមិ​តា​ស្គរ ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្តកណ្តាល ហើយ​ភ្លាមៗ​នោះ មន្ទីរ​សុខាភិបាល​ខេត្ត ក៏បាន​ចាត់ ឱ្យ​ក្រុម​ឆ្លើយតប​បន្ទាន់ របស់​មន្ទីរ​សុខាភិបាល​ខេត្ត និង​គ្រូពេទ្យ នៅ​មន្ទីរពេទ្យបង្អែក សហការ​ជាមួយ នគរបាល​ស្រុក នគរបាល ឃុំ មេឃុំ និង​ក្រុម​កោសល្យវិច័យ នៃ​ស្នងការ​នគរបាល​ខេត្ត ចុះទៅពិនិត្យ និង​ស្រាវជ្រាវ​ផ្ទាល់ ដល់ទី​កន្លែងកើតហេតុ ព្រមទាំង​បានធ្វើ​តេស្ត​រហ័ស ដើម្បី​រក​វីរុស​កូ​វីដ​-១៩ ហើយ​លទ្ធផល​បង្ហាញថា សាកសព​ទាំងពីរ ពុំមាន​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ទេ​។​

​នា​យប់​ថ្ងៃ​ដដែល​នេះ ក្រុមការងារ បាន​បន្ត​ការស្រាវជ្រាវ ដើម្បី​ស្វែងរក​មូលហេតុ ដែល​បណ្តាល ឱ្យមាន​បញ្ហា​សុខភាព និង​ស្លាប់​ខាងលើនេះ ហើយ​តាមរយៈ​ការ សាកសួរ​ឃើញថា ពួកគាត់​ជា​អ្នក ចូលចិត្ត​ហូប​ស្រា​ជាប្រចាំ និង​មាន​អ្នកស្លាប់ ជា​បន្តបន្ទាប់ នៅក្នុង​ភូមិ​ខាងលើនេះ អាស្រ័យហេតុនេះ ក្រុម​ឆ្លើយតប​បន្ទាន់ បានដាក់​ការសង្ស័យ លើ​ការ​ពិសា​ស្រា ហើយក៏​បាន​យក​សំណាក​ស្រាថ្នាំ និង​ស្រាស ពី​ទីតាំង​សិប្បកម្ម​ផលិត​ចែកចាយ​ស្រា​២​កន្លែង និង​ពី​ទីតាំង​លក់ រាយ​តូចៗ ចំនួន​២៩​កន្លែង សម្រាប់ធ្វើ​ការវិភាគ និង​បាន​ផ្ញើមក​ក្រសួងសុខាភិបាល នា​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២១​។​

​លទ្ធផល នៃ​ការអង្កេត​ស្រាវជ្រាវ​រកឃើញថា ករណី​ដំបូងបង្អស់​កើត​មាននៅ​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២១ ហើយ​ករណី​ទាំងអស់​ចាប់​ផ្តើមឡើង ដោយមាន​រោគ សញ្ញា​ដូចជា ឈឺក្បាល ក្អួត ឈឺពោះ វិលមុខ​ស្រវាំងភ្នែក សន្លប់ ប្រកាច់ ពិបាក​ដក ដង្ហើម​អ្នកខ្លះ មាន​សភាព​ឡេះឡះ ថប់ដង្ហើម​ណែន​ទ្រូង ពិបាក​ដកដង្ហើម រីក​ប្រ​ស្រី​ភ្នែក​សន្លឹម និង​បាន​បញ្ជូនទៅ សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មួយចំនួន និង​ជា​សរុប​រួម​ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១៩ ខែឧសភា​នេះ មាន​ករណី​ស្លាប់ សរុប​ចំនួន ១២​នាក់ នៅ​ភូមិ​ចំនួន​២ គឺ​ភូមិ​តា​ស្គរ​ភូមិ​ក្តី​កណ្ដាល ឃុំ​សារិកា​កែ ស្រុក​ល្វាឯម​។​

​លទ្ធផល​ពី​មជ្ឈមណ្ឌល​ជាតិ មន្ទីរពិសោធន៍​សុខាភិបាល នៅ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២១ បង្ហាញថា មន្ទីរពិសោធន៍​ទទួលបាន​សំណាក​ស្រា ២៨​សំណាក ក្នុងនោះ​ស្រាថ្នាំ ១៥ សំណាក ស្រាស ១៣ សំណាក ដែលមាន​សារធាតុ​មេ​តា​ណុល (Metfanp) លើស​កម្រិត​ធំ​ជាង​០,៥​ភាគរយ (>0,៥%) មាន​ចំនួន​២០​សំណាក ដែល​ធ្វើឱ្យពុល ដែល​កម្រិត​មិន​ពុល​នោះ​មិនត្រូវ​លើសពី​០,១% ឡើយ​។​

​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ ក្រសួងសុខាភិបាល សន្និដ្ឋានថា ហេតុការណ៍​ស្លាប់ នៅ​ភូមិ​ទាំង​២​ខាងលើ បានកើត​ឡើង ដោយសារ​ពួកគាត់ បាន​ពិសា​ស្រាស ឬ​ស្រាថ្នាំ ដែលមាន​សារជាតិ មេ​តា​ណុល​ខ្ពស់ បញ្ជាក់​តាម​លទ្ធផល​បានមកពី មន្ទីរពិសោធន៍ ហើយ​នាពេល​កន្លងមក ក៏មាន​ករណី​ពុល​ស្រាស​ឬ​ស្រាថ្នាំ​ពី​ពេល មុនៗ ជាច្រើន​ដង​មក​ដែរ​។​

​ក្រសួងសុខាភិបាល សូម​ឲ្យ​ប្រជាពលរដ្ឋ បញ្ឈប់​ជាបន្ទាន់​នូវ ការ​ពិសា​ស្រាស ឬ​ស្រាថ្នាំ ដែល​ផលិត​ដោយ មិនមាន​បច្ចេកទេស​ត្រឹមត្រូវ ជាពិសេស​ស្រា ដែល​យក​មេ​តា​ណុល មក​លាយ (​ហាម​ដាច់ខាត​)​។ បើ​នៅតែ​បន្ត​ពិសា​ស្រាស ឬ​ស្រាថ្នាំ​ទាំងនេះ​ទៀត​នោះ នឹង​បណ្តាល​ឲ្យ​ប៉ះពាល់ ដល់​សុខភាព ទៅជា​ឈឺ ឬ​អាច​បាត់​បង់ជីវិត​។ ប្រសិនបើ​បងប្អូន​មាន​បញ្ហា​សុខភាព ឬ​ជំងឺ​សូម​ប្រញាប់ ទៅកាន់ មណ្ឌល​សុខភាព​ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​បំផុត​៕/

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *