(ភ្នំពេញ)៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបន្ដចូលរួមសហការអនុវត្តសេចក្តីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពី វិធានការបំរាមគោចរចាប់ពីម៉ោង ៨៖០០យប់ រហូតដល់ ម៉ោង ៥៖០០ភ្លឺ ចំនួន៣០គោលដៅ និងល្បាតការពារសន្តិសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋទូទាំងភូមិសាស្រ្តរាជធានីភ្នំពេញ នាយប់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១។
បំរាមគោចរ ត្រូវបានដាក់ចេញដោយរដ្ឋបាលរាជធានីភ្នំពេញ រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១តទៅ ដែលជាវិធានការរដ្ឋបាលថ្មីមួយ ដើម្បីទប់ស្កាត់ និងបង្ការការឆ្លងរីករាលដាលជំងឺកូវីដ១៩។សម្រាប់អ្នកដែលមិនគោរពតាមបំរាមគោចរនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវដកហូតមធ្យោបាយធ្វើដំណើរ។បន្ទាប់ដកហូតមធ្យោបាយហើយនោះ ម្ចាស់ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅក្នុងផ្ទះរៀងៗខ្លូន។ នៅពេលធ្វើចត្តាឡីស័ក អាជ្ញាធរមូលដ្ឋានត្រូវតាមដានត្រួតពិនិត្យឲ្យបានត្រឹមត្រូវ ក្នុងករណីការអនុវត្តមិនត្រឹមត្រូវ តាមការណែនាំទេនោះ នឹងអនុវត្តនូវការផាកពិន័យតាមច្បាប់តែម្ដង។
ដោយឡែក បុគ្គលដែលបម្រើការងារនៅស្ថាប័នរដ្ឋ និងឯកជន ដែលចេញពីធ្វើការក្រោយម៉ោង៨យប់ ស្ថិតក្នុងបំរាមគោចរដែលបានដាក់ចេញនេះ គឺត្រូវមានលិខិតបញ្ជាក់ពីប្រធានអង្គភាព ឬក្រុមហ៊ុន និងតម្រូវឲ្យពាក់កាតជាប់ខ្លួនជានិច្ចពេលធ្វើដំណើរ។ សម្រាប់ប្រជាពលរដ្ឋទូទៅដែលត្រូវធ្វើដំណើរបន្ទាន់ភ្លាមៗ មិនអាចខាតបាន ត្រូវផ្ដល់ដំណឹងជាមុនដល់ចៅសង្កាត់ ឬអាជ្ញាធរមូលដ្ឋាន ដើម្បីឲ្យចៅសង្កាត់ ឬអាជ្ញាធរមូលដ្ឋាន ងាយស្រួលប្រាប់ទៅតាមគោលដៅត្រួតពិនិត្យនៅតាមដងផ្លូវ ទើបអាចធ្វើបានដោយគ្មានការហាមឃាត់។
មួយវិញទៀត ក្នុងករណីប្រជាពលរដ្ឋត្រូវការធ្វើដំណើរពេលយប់ ក្នុងម៉ោងដែលត្រូវហាមឃាត់ (មិនបន្ទាន់តែមានកំណត់វេលាច្បាស់លាស់) ត្រូវសុំលិខិតបញ្ជាក់ និងមានវាយត្រាពីចៅសង្កាត់ ឬអាជ្ញាធរមូលដ្ឋាន ដោយប្រាប់អំពីមូលហេតុ និងគោលបំណង នៃការធ្វើដំណើរ ដើម្បីបង្ហាញជូនសមត្ថកិច្ចនៅតាមគោលដៅត្រួតពិនិត្យ៕