ខេត្តកំពត,, នាព្រឹកថ្ងៃសៅរ៍ ១រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រាច បានអញ្ជើញអម ដំណើរឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចុះពិនិត្យទីតាំង សាងសង់ផ្សារគំរូ ព្រំដែនជិតច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ស្រុកកំពង់ត្រាច។
ទីតាំងគម្រោងអភិវឌ្ឍសាងសង់ ផ្សារគំរូព្រំដែននេះគឺស្ថិតនៅ ក្នុងភូមិថ្កូវ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត លើផ្ទៃដីចំនួន ២ ហ.ត ជាជំហានដំបូង តាមគម្រោងផែនការគឺក្នុងទំហំផ្ទៃដីសរុប៥០ ហ.ត។ គម្រោងនេះ គឺជាគម្រោងអាទិភាពទី២ បន្ទាប់ពីផ្សារគំរូព្រំដែនបានសង់រួចរាល់នៅក្នុងខេត្តត្បូងឃ្មុំ ក្នុងចំណោមខេត្តនានាជាប់ព្រំដែនវៀតណាម។
នៅក្នុងជំហានដំបូងគម្រោងនេះ អភិវឌ្ឍទៅលើហេដ្ឋារចនា សម្ព័ន្ធ មានការកសាងតភ្ជាប់ផ្លូវ ក្នុងតំបន់ព្រំដែនរវាងកម្ពុជា- វៀតណាម អគារផ្សារកម្ពស់២ជាន់រួមនឹងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាលប្រមាណ២លានដុល្លារ និងអាចសាងសង់បញ្ចប់នៅដើមឆ្នាំឬពាក់កណ្ដាលឆ្នាំ២០២២ខាងមុខនេះ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើដល់ឯកឧត្តមអភិបាលខេត្ត ក៏ដូចអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់និងអ្នកពាក់ព័ន្ធទាំងអស់ជួយសម្រួលនិងសហការបានល្អ ជាមួយនឹងក្រុមហ៊ុនសាងសង់ ដើម្បីធ្វើយ៉ាងណាឲ្យដំណើរការគម្រោងសាងសង់នេះបានសម្រេចលទ្ធផលជោគជ័យឆាប់រហ័សតាមគោលការណ៍របស់សម្ដេចតេជោហ៊ុនសែនប្រមុខរាជរដ្ឋាភិបាល។
ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានសំដែងការអបអរសាទរ និងគាំទ្រ សហការ ព្រមទាំងសង្ឃឹមថា សមិទ្ធ ផលនៃគម្រោងនេះ បន្ទាប់ពីកសាងរួចរាល់ហើយ នឹងអាចធ្វើឱ្យការដោះដូរទំនិញនៅតាមព្រំដែនមានលក្ខណៈកាន់តែល្អថែមទៀតនឹងធ្វើឲ្យជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើងមួយកម្រិតទៀត។