(ភ្នំពេញ)៖ ក្រៅពីបំពេញតួនាទីភារកិច្ចស្នូលរបស់ខ្លួន ក្នុងការ បង្កា ទប់ស្កាត់ និង បង្ក្រាប បទល្មើស ការពារសន្តិសុខ សុវត្ថិភាពសង្គម អាវុធហត្ថរាជធានីភ្នំពេញ ក៏តែងតែឆ្លៀតចូលរួម ផ្សារភ្ជាប់មនោសញ្ចេតនា ជួយដល់ពលរដ្ឋ ជាញឹកញាប់ ប្រកបដោយភាព ស្និតស្នាលកក់ក្តៅ បង្កប់នូវសេចក្តីស្រឡាញ់យ៉ាងទូលំទូលាយ។
នៅរៀងរាល់ឆ្នាំ នាឱកាសថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ ថ្ងៃទី១៤កុម្ភ: អាវុធហត្ថរាជធានីភ្នំពេញមួយក្រុម ដឹកនាំដោយលោកវរសេនីយ៍ឯក សៀ ទីន ដែលជាកូនប្រុសរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានក្រោកតាំងពីព្រលឹម រៀបចំអំណោយលើកដាក់លើរថយន្ត នាំទៅចែកជូន ជនទីទាល់ក្រ ចាស់ជរាទុរគត់គ្មានទីពឹង រស់នៅក្នុងតំបន់ផ្សេងៗគ្នា ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ព្រមជាមួយការសួរសុខទុក្ខពួកគាត់ដោយមនោសញ្ចេតនានៃការគោរពស្រឡាញ់។
ក្នុងគ្រួសារនីមួយៗដែលអាវុធហត្ថរាជធានីភ្នំពេញទៅដល់ ទទួលបាននូវ ថវិកាចំនួន២០ម៉ឺនរៀល, ចានស្រាក់១ឈុត មានដាក់បាយម្ហូបពេញ, ស្លាបព្រាសម១ឈុត, អង្ករ៣០គីឡូ, ទឹកសុទ្ធដបធំ១កែស, ទឹកស៊ីអ៊ីវ១យួរ, មី២កែស, ត្រីងៀត១គីឡូ, សាច់ក្រក១គីឡូ, ទឹកដោះគោឆៅមួយយួរ, ទឹកដោះគោខាប់ ៤កំប៉ុង, ច្រាស់ដូសធ្មេញ៥ដើម, ថ្នាំដូសធ្មេញ៥ប្រអប់, សាប៊ូដុសខ្លួន១០ដុំ, ថ្នាំដាក់ភ្នែក២ដប, អាល់កុលលាងដៃដបតូចនិងធំ ១ឈុត, មុង១, ភួយ១, ក្រម៉ា១, សារ៉ុង១, និង ម៉ាស២ប្រអប់ មិនត្រឹមប៉ុណ្ណោះ អាវុធហត្ថរាជធានីភ្នំពេញ បានបន្ថែមនូវរទេះរុញចំនួន០៥ ជូនដល់លោកតាលោកយាយដែលពិកាដើរពុំរួចចំនួន០៥នាក់ និងបន្ថែមនូវឈើរច្រត់ចំនួន០៥ ជូនដល់អ៊ុពូពិកា ០៥នាក់ផ្សេងទៀតផងដែរ។
បើនិយាយដល់ថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ ត្រូវបានយុវវ័យជាច្រើនតែងយល់ច្រលំថា គឺជាថ្ងៃបុណ្យសម្រាប់គូសង្សារ រហូតធ្វើឲ្យពួកគេហ៊ានប្រព្រឹត្តិខុសប្រពៃណីខ្មែរ លះបង់ខ្លួនប្រាណ ដើម្បីតែ បញ្ជាក់ពីក្តីស្រឡាញ់ចំពោះគូរស្នេហ៍ ដែលទង្វើទាំងនេះ គឺជាការខុសឆ្គងទាំងស្រុង។ អ្វីដែលគួរតែធ្វើ សម្រាប់យុវវ័យក៏ដូចជាមនុស្សទូទៅ គឺត្រូវបង្ហាញ ក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក រវាងឪពុកម្ដាយនិងកូន រវាងបងប្អូន រវាងមិត្តភក្តិ រវាងមិត្តរួមការងារ និងរវាងជាតិសាសនា ដើម្បីលើកដម្កើងអត្ថន័យនៃក្ដីស្រឡាញ់ដ៏បរិសុទ្ធ មានចំពោះមនុស្សគ្រប់គ្នាជានិច្ចនិរន្តរ៍៕