ព័ត៌មានជាតិ

ឯកឧត្ដម​នាយឧត្ដមសេនីយ៍​សន្តិបណ្ឌិត​ នេត​ សាវឿន​ បញ្ជាអោយ​ស្រាវជ្រាវ​បង្ក្រាប​ករណី​បេីកល្បែងស៊ីសងតាមអនឡាញ Keno online

 ភ្នំពេញ,, នៅរសៀលថ្ងៃទី ៣ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០២០​នេះថា ឯកឧត្ដម​នាយឧត្ដមសេនីយ៍​សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​ បានមានប្រសាសន៍ប្រាប់​ថា​បន្ទាប់​ពី​ទទួល​បាន​សេចក្ដី​រាយការណ៍​អំពី​ករណី​ ក្រុមហ៊ុន​ សុិននីវ ទទួលបាន​អាជ្ញា​ប័ណ្ណ​ធ្វើ​អាជីវកម្ម​ឆ្នោត​ឡូតូ​ ហេីយបំប្លែងជាល្បែងស៊ីសងតាមអនឡាញ Keno online រួចមក​ ឯកឧត្តម​នាយឧត្ដមសេនីយ៍​ អគ្គស្នងការ​នគរបាលជាតិ​ បាន​បញ្ជាអោយ​នាយកដ្ឋាន​ជំនាញ​ចុះ​ស្រាវជ្រាវ​ដេីម្បី​មានចាត់វិធានការតាមច្បាប់​ ដោយមិនលេីកលែងឡេីយ​ ។

ឯកឧត្តម​ឧត្ដមសេនីយ៍​ឯក​ សៀង​ សេន ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពណិជ្ជកម្ម​ បានអោយដឹងដែរថា​ ឯកឧត្តម​បានទទួល​បទបញ្ជា​ដ៏ម៉ឺងម៉ាត់​ពី​ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​អគ្គស្នងការ​នគរបាលជាតិ​ រួចហេីយ​នៅរសៀល​ថ្ងៃនេះ​ ដេីម្បី​ដឹកនាំ​កម្លាំង​ស្រាវជ្រាវ​ករណី​ក្រុមហ៊ុន​ សុិន នីវ​ ដែល​ប្រជាពលរដ្ឋ​រាយការណ៍​ថា​បាននឹងកំពុង​បេីកល្បែងស៊ីសងតាមអនឡាញ Keno Online ជ្រកក្រោម​ស្លាក​ ឆ្នោត​ឡូតូ​ ។  ឯកឧត្ដម​ឧត្ដមសេនីយ៍​ឯក​ បានបន្ថែមថា​ បេីក្នុងករណី​សមត្ថកិច្ច​របស់​លោក​ស្រាវជ្រាវ​រក​ឃើញ​ការពិត​ដូចប្រជាពលរដ្ឋរាយការណ៍​ ឯកឧត្ដម​ឧត្ដមសេនីយ៍​ឯក​ នឹងចាត់​ការតាមច្បាប់​តែម្ដង​ ។

គួរបញ្ជាក់ថា​ ករណី​ក្រុមហ៊ុន​ សុិន នីវ​ ដែល​ទទួលបាន​អាជ្ញា​ប័ណ្ណ​ពី​រាជរដ្ឋាភិបាល​ និង​ ក្រសួង​សេដ្ឋកិច្ច​ និង​ ហិរញ្ញវត្ថុ​ អោយធ្វេី​អាជីវកម្ម​ឆ្នោត​ឡូតូ​ ត្រូវបាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា​ ក្រុមហ៊ុន​នេះ​បានបំប្លែងឆ្នោតឡូតូ​ទៅ​ជា​ល្បែង​ស៊ីសងតាមអនឡាញ បង្វក់ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ដោយគ្មាន​ខ្លាច​សមត្ថកិច្ច​អ្វី​ទាំងអស់​ ។  ជាពិសេស​ក្រុមហ៊ុន​ បានដាក់​តាំង​ទូរទស្សន៍​តាម​ហាងនានាជាសាធារណៈថែមទៀតផង​ ។

ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់នេះ​ តំណាង​ក្រុមហ៊ុន​ សុិន នីវ​ មួយរូប​បានអោយដឹងថា​ ក្រុម​ហ៊ុន​ របស់​លោក​ ពិតជា​ទទួលបាន​អាជ្ញា​ប័ណ្ណ​ពី​រាជរដ្ឋាភិបាល​និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ អោយធ្វេី​អាជីវកម្ម​ឆ្នោត​ឡូតូ​មែន​ តែ​មិនបាន​បេីកល្បែងស៊ីសងតាមអនឡាញនោះទេ ។

ទោះជាយ៉ាងណាក្ដី​ មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ ហិរញ្ញវត្ថុ​ មួយរូប​បានង្ហេីបអោយដឹងថា​ អាជ្ញា​ប័ណ្ណ​របស់​ក្រុម​ហ៊ុន​ សុិន នីវ​ បានហួសសុពលភាពហេីយ​ ហេីយ​ក្រុម​ហ៊ុន​នេះ​នៅ​តែ​លួចលាក់​ធ្វើ​អាជីវកម្ម​ដោយមិនរាយការណ៍​ជូនក្រសួងនោះទេ​ ។  ពាក់ព័ន្ធ​នឹងការបំពានរបស់​ក្រុម​ហ៊ុន​នេះ​ ក្រសួង​កំពុង​ចាត់​ការ​តាមនិតិវិធី​ផងដែរ​ដោយ​ពិន័យ​ក្រុមហ៊ុន​តាមច្បាប់​កំណត់​ ។  ចំពោះ​ព័ត៌មាន​ដែល​ថា​ក្រុមហ៊ុន​នេះ​បានបំប្លែងឆ្នោតឡូតូ​ទៅ​ជា​ល្បែង​ស៊ីសងតាមអនឡាញបង្វក់ប្រជាពលរដ្ឋទូទាំងប្រទេស​នោះ​ បេី​ សមត្ថកិច្ច​ស្រាវជាវ​រកឃើញ​ ក្រុមហ៊ុន​នេះ​អាចប្រឈម​មុខ​ចំពោះ​ផ្លូវ​ច្បាប់​ផង​ និង​ អាចដកអាជ្ញាប័ណ្ណវិញផងដែរ​ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *