ព័ត៌មានជាតិ

សំរាម​និង​កាកសំណល់​ជា​ច្រើន ត្រូវបាន​គេ​ជញ្ជូន​យកទៅ​ស្តុក​ទុក​នៅ​តាម​ចញ្ចើមផ្លូវ​យ៉ាង​អាណាធិបតេយ្យ ប៉ុន្តែ​ស្ថាប័ន​ជំនាញ​បែរជា​មើលមិនឃើញ​

(​ខេត្ត​កំពត​)៖ ការ​រ​យល់ដឹង​ផ្នែកអនាម័យ បរិស្ថាន​របស់​ប្រជាពលរដ្ឋ​ទូទាំង​តំបន់​ហាក់ដូចជា​នៅ​មាន​កម្រិត​នៅឡើយ ខណៈ​ដែល​ការបញ្ជ្រាប​បាន និង​កំពុង​បន្ត​អនុវត្ត​ជា​បន្តបន្ទាប់​ដូច​គ្លៀង​រលឹម​។

​គេ​សង្ឃឹមថា អំណើស​ត​ទៅ​ការសន្តោសប្រណី​ចំពោះ​អ្នក​ដែល​តែងតែ​លួច​ប្លុង​សំរាម​និង​កាកសំណល់​ពាស​វាល​ពាស​កាល​ដូច​ក្នុង​រូបភាព​នេះ នឹងរង​ការផាកពិន័យ​ដោយ​ពុំ​មានក្តី​យោគយល់​បានឡើយ​។​

​នេះ​ជា​ការ​ក្រើនរំឭក​មួយ ដែល​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ​តែងតែ​លើក​ទៅ​អនុវត្ត ក្នុង​ពិធី​ផ្សព្វផ្សាយ​ទាក់ទិន​នឹង​ការធ្វើ​អនាម័យ​សម្អាត​បរិស្ថាន​នា​ពេលកន្លងមក ប៉ុន្តែ​ប្រធានបទ​ខាងលើ​ហាក់ដូចជា​ពុំ​បាន​ទទួល​លទ្ធផល​ជា​វិជ្ជមាន​នោះឡើយ ហើយ​ប្រសិន​គោលការណ៍​នេះ​ត្រូវបាន​សាធារណជន​អនុវត្ត​តាម​នោះ ប្រហែល​ជា​នៅតាម​ដងផ្លូវ​សាធារណៈ គ្មាន​សំរាម​និង​កាកសំណល់​បោះចោល​រប៉ាត់រប៉ាយ​បែប​នេះ​ឡើយ​។​

​ទោះជា​យ៉ាងណា​ក៏ដោយ គេ​ពិតជា​ដឹង​ថា​កន្លងមក ក្រសួង​បរិស្ថាន ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ខេត្ត​កំពត​មាន​ការយកចិត្តទុកដាក់​បំផុត​អំពី​បញ្ហា​បរិស្ថាន ប៉ុន្តែ​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​ហាក់​នៅ​មាន​កម្រិត​នៅឡើយ ហើយ​ការ​បោះចោល ឬ​ប្លង់​នូវ​កា​រ៉ុង​ច្រក​កាកសំណល់​ផ្សេងៗ​ត្រូវបាន​ប្រជាពលរដ្ឋ​ដែល​ភាគច្រើន​រស់នៅ​តាម​ទីប្រជុំជន បាន​លួច​ដឹក​តាម​រថយន្ត​ឬ​ម៉ូតូ​យក​ទៅ​ទម្លាក់ចោល​នៅ​តាម​ដងផ្លូវ​នៅ​វេលា​យប់​ស្ងាត់​ដែល​ពុំ​មាន​អាជ្ញាធរ សមត្ថកិច្ច​មើលឃើញ​។​

​ម្លោះ​ហើយ​កិច្ចការពារ ថែរក្សា​បរិស្ថាន ក៏​ដូចជា​ការគ្រប់គ្រង​សំរាម​នៅ​តាម​តំបន់​នានា​ក៏​ជា​បន្ទុក និង​ភារកិច្ច​របស់​មន្ត្រី​មូលដ្ឋាន​នីមួយៗ​ដែល​ថ្នាក់​ខេត្ត​បាន​ផ្ទេរ​ជូន​រយៈពេល​ជិត​ពីរ​ឆ្នាំ​កន្លង​មក​ហើយ​ដែរ​។​

​យោង​តាម​ការលើកឡើង​ពី​សំណាក់​មន្ត្រីរាជការ​ក្នុងស្រុក​កំពង់ត្រាច​ម្នាក់​បាន​បញ្ជាក់​ថា កន្លងមក ក៏ដូចជា​ពេល​បច្ចុប្បន្ន មន្ត្រី​ជំនាញ​បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ថែមទាំង​បាន​បញ្ជ្រាប និង​កំពុង​បន្ត​ផ្សព្វផ្សាយ​ដល់​គ្រប់​ប្រជាពលរដ្ឋ​ទូទាំង​ស្រុក ឲ្យ​យកចិត្តទុកដាក់ លើ​បញ្ហា​សោភ័ណភាព អនាម័យ ព្រមទាំង​ផ្នែក​បរិស្ថាន ដោយ​បាន​ដាក់​គោលការណ៍​ចាប់ពីពេលនេះ​តទៅ ក្នុងករណី​ដែល​មាន​ជនខិលខូច​នៅតែ​បន្ត​ចោល​សំរាម​ពាសវាល​ពាសកាល​ក្រោយ​ទទួលបាន​ការអប់រំ​ម្តង​ជា​ពីរ​ដង​រួចមក នោះ​អាជ្ញាធរ​នឹង​ចាត់ការ​ផាកពិន័យ​តាម​នីតិវិធី​ដោយ​មិន​លើកលែង​ឡើយ​។​

​មន្ត្រី​ដដែល​បាន​បញ្ជាក់ទៀតថា ប្រភព​ចម្បង នៃ​គំនរ​សំរាម​តាម​តំបន់​នីមួយៗ​តែង​កើតចេញ​ពី​សកម្មភាព​អាជីវកម្ម​នៅ​ក្បែរ​តំបន់​នោះ​ដោយ អាជីវករ​មួយចំនួន​មិន​បាន​ទុកដាក់​ក្នុង​ធុង​ត្រឹមត្រូវ ហើយ​ឆ្លៀត​ឱកាស​ដឹក​យក​មក​ចាក់​ចោល​តាម​ទីសាធារណៈ ពិសេស​តាម​ដងផ្លូវ​ជាតិ​តែម្តង​។ ចំពោះ​គំនរ​សំរាម​ដែល​កើតមាន​ក្នុង​ភូមិសាស្ត្រ​ស្រុក​កំពង់ត្រាច​នេះ ភាគច្រើន​នាំមក​ពី​ទីប្រជុំជន​ផ្សារ​កំពង់ត្រាច ដែល​អាជីវករ​ខ្លះ​បាន​ដឹក​មក​លប​លួច​ចាក់​ពេលយប់ ស្រប​ពេល​កម្លាំង​មូលដ្ឋាន​មិនទាន់​មាន​គ្រប់គ្រាន់​ក្នុងការ​ឃ្លាំ​ចាំមើល​នោះ​។ ជាធម្មតា អ្នក​សម្អាត​មិន​ត្រឹមតែ​ហត់​ទេ គឺ​ថែមទាំង​ខឹងសម្បារ​ចំពោះ​ក្រុម​អ្នក​យក​សំរាម​មក​ចោល​នេះ​ទៀតផង​។​

​ជាមួយគ្នា​នេះ​អាជ្ញាធរ​ស្រុក​កំពង់ត្រាច សូម​អំពាវនាវ​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ឈប់​យក​សំរាម​មកចាក់​ពាសវាល​ពាសកាល​នៅតាម​ដងផ្លូវ​បែបនេះ​ទៀត​ឲ្យសោះ ប្រយ័ត្ន​តែ​កម្លាំង​មូលដ្ឋាន​ចាប់​បាន​ពិតជា​ផាកពិន័យ​តាម​ផ្លូវច្បាប់​មិន​ខាន​៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *