(ខេត្តកែប)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារកំពុងផ្ទុះការតវ៉ា ខណៈអាជ្ញាធរស្រុកដំណាក់ចង្អើរ បានយកគ្រឿងចក្រទៅជីកកាយដីកំណត់ព្រំ នៅត្រង់ចំណុចទីតាំងព្រលានយន្តហោះចាស់ កាលពីព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិសាស្ត្រស្រុកដំណាក់ចង្អើរ ខេត្តកែប។
យោងតាមការលើកឡើងពីប្រជាពលរដ្ឋឈ្មោះ គាត មួយ ភេទស្រី អាយុ ៥៧ ឆាំ្ន ដែលរស់នៅក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប បានប្រាប់ឲ្យដឹងថា ដីគាត់បានកាន់កាប់នៅក្នុងបរិវេណព្រលានយន្តហោះវាលវង្ស នេះតាំងពីឆាំ្ន ២០០០ មកម្លេះ ប៉ុន្តែជំនាញមិនទាន់ចេញប្លង់កម្មសិទ្ធិឱ្យនៅឡើយ តែដីរបស់ពលរដ្ឋនៅជាប់គ្នាបែរជាមានប្លង់កម្មសិទ្ធិកាន់កាប់ស្របច្បាប់ទៅវិញ។ ប្រជាពលរដ្ឋដដែលបានរៀបរាប់ទៀតថា ចំពោះគ្រឿងចក្រមកកាយព្រំនៅចំណុចនេះ បែរជាបានជ្រៀតជ្រែកដីរបស់គាត់ដែលធ្លាប់កាន់កាប់អាស្រ័យផលជាច្រើនឆ្នាំមកហើយ។
ដោយឡែក បើតាមការអះអាងប្រជាពលរដ្ឋម្នាក់ទៀត ឈ្មោះ តាន់ មី ភេទស្រី អាយុ៤៨ឆាំ្ន រស់នៅ ភូមិភ្នំលាវបាននិយាយថាគាត់ជាពលរដ្ឋរស់នៅដូចគេឯងដែរតែហេតុអ្វីដីគាត់នៅក្បែរ ព្រលានយន្តហោះដូចអ្នកផ្សេងដែរតែគេបែជាបានប័ណ្ណកម្មសិទ្ធិ ចំណែកគាត់វិញបែរជា អត់បានអញ្ចឹង តើយុតិ្តធម៌នៅត្រង់ណាណាទៅ?។អ្នកមីង តាន់ មី បាននិយាយទាំងខឹងសម្បាថា ពេលនេះជាពេលដែលគាត់ចេញមុខតតាំងហើយបើអាជ្ញាធរប្រកាសថាមិនឱ្យដូចគ្នាក៏គាត់មិនជំទាស់ដែរ តែគ្រឿងចក្របានមកកាយព្រំមានការបត់បែនហាក់ដូចនិយមបក្ស ពួកពេកហើយ។
ទាក់ទិននឹងករណីប្រើគ្រឿងចក្រកាយព្រំព្រលានយន្តហោះចាស់ខាងលើ លោកស្រី គឹម ចន្នី អភិបាលស្រុក ដំណាក់ចង្អើរ បានអោយដឹង នៅរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩នេះថា ពលរដ្ឋដែលចេញមុខមកតវ៉ានោះសុទ្ធតែត្រូវបានវាស់វែងឱ្យពួកគាត់រួចអស់ទៅហើយរឿងអីបានពួកគាត់មកតវ៉ាទៀតនោះ។ទោះបីជាបែបណាដីព្រលានយន្តហោះមួយនេះខាងអជ្ញាធរ ខេត្តបានមានគម្រោងឱ្យក្រុមហ៊ុនមួយធ្វើការអភិវឌ្យន៍ប៉ុន្តែមិនទាន់ចេញជាហេតុផលនៅឡើយទេ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បើតាមការពិនិត្យជាក់ស្ដែងការយកគ្រឿងចក្រមកកាយព័ទ្ធជុំវិញបរិវេណដីព្រលានយន្តហោះចាស់ចំណុចវាលវង្ស នេះគឺជាសម្ភារៈរបស់តំណាងរាស្ត្រមណ្ឌលខេត្តកែប ហើយគេក៏មិនទាន់ដឹងថា តើខាងជំនាញបានកំណត់ព្រំប្រទល់រវាងដីព្រលានយន្តហោះ និិងដីរបស់ពលរដ្ឋត្រង់ចំណុចណានោះឡើយ៕