(ខេត្តកំពត) ៖ ប្រជាពលរដ្ឋប្រមាណ៤០គ្រួសារស្ថិតក្នុងភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំត បានបញ្ចេញប្រតិកម្មដ៏ពុះកញ្ជ្រោល ខណៈមានបុគ្គលម្នាក់បានចាក់ដីលុបផ្លូវរទេះចាស់ ដែលពួកគាត់ធ្វើដំណើរប្រចាំថ្ងៃ។
ប្រតិកម្មនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតចំណុចជើងភ្នំកូវ ភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
ពាក់ព័ន្ធនឹងករណីទំនាស់ខាងលើ បើតាមសំដីប្រជាពលរដ្ឋនៅទីនោះបាននិយាយថា ដីនៅម្តុំនេះសុទ្ធតែមានប្លង់កម្មសិទ្ធិដូចគ្នា ដោយប័ណ្ណនិមួយៗមានក្បាលដីទល់នឹងផ្លូវរទេះដូចគ្នា ប៉ុន្តែឥឡូវនេះត្រូវបានភាគីម្ខាងបានហៅរថយន្តដឹកដីចាក់លុបផ្លូវរទេះអស់ ថែមទាំងចាក់ដីទន្ទ្រានយកដីក្នុងប័ណ្ណកម្មសិទ្ធិរបស់គាត់ប្រហែល២៥ម៉ែត្រទៀតផង។
ប្រជាពលរដ្ឋខាងលើបានបញ្ជាក់ផងដែរថា ដីនៅចំណុចនេះត្រូវជំនាញចេញប័ណ្ណកម្មសិទ្ធិជូនតាំងពីអំឡុងឆ្នាំ២០០៥មកម្លេះ ហើយផ្លូវរទេះដែលគេចាក់លុបនេះសម្រាប់ប្រើប្រាស់រួមគ្នា ហើយប្លង់កម្មសិទ្ធិក៏បានគូសជាចំណាំជាផ្លូវរួចអស់ទៅហើយ ចុះហេតុអ្វីបានជាភាគីម្ខាងហ៊ានចាក់ដីបិទផ្លូវដោយគ្មានខ្លាចច្បាប់បែបនេះទៅវិញ។
ប្រជាពលរដ្ឋបានលើកឡើងថា ចំណុចផ្លូវរទេះជាគោលដៅមួយដែលប្លង់កម្មសិទ្ធិត្រូវទល់ជាប់នឹងផ្លូវរទេះហ្នឹងដូចគ្នា ពោលគឺត្រូវទទួលខុសត្រូវម្ខាងម្នាក់ ដាច់ខាតគ្មានអ្នកណាបំពានអ្នកណាបានឡើយ ចុះហេតុម្តេចបានជាបុគ្គលម្ចាស់ក្បាលដីលេខ 1134 មកបំពានយកផ្លូវរទេះ ហើយថែមទាំងចាក់ដីរំលោភចូលក្នុងប្លង់កម្មសិទ្ធ លេខ 1821 និងក្បាលដីលេខ1765 ទៅវិញ។
ចំពោះករណីបុគ្គលម្នាក់រំលោភបំពានផ្លូវរទេះខាងលើ ប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរ ឬសមត្ថកិច្ចពាក់ព័ន្ធសូមមេត្តាចុះទៅពិនិត្យ និងដោះស្រាយជូនដល់ពួកគាត់ដោយយុតិ្តធម៌ផងចុះ។
ដោយឡែកតំណាងម្ចាស់ក្បាលដីលេខ 1134 ឈ្មោះ សាយ បានអះអាងថា តាមពិតរូបគាត់ចាក់ដីនៅចំណុចនេះ ដោយសារតែអនុវត្តតាមជំនាញសុរិយោដី ដែលបានបោះបង្គោលសម្គាល់នៅទីនោះ ប៉ុន្តែបើពេលនេះភាគីខាងប្រជាពលរដ្ឋមកតវ៉ារឿងផ្លូវរទេះ គាត់ក៏មិនជំទាស់ដែរ ប៉ុន្តែរង់ចាំអាជ្ញាធរនិងជំនាញចុះមកពិនិត្យ ដោះស្រាយសិន៕