ខេត្តកណ្តាល៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ឯកឧត្ដម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្ត តំណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល រួមជាមួយ ឯកឧត្ដម ចៅ សម្បត្តិ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកលេីកដែក និងអាជ្ញាធរមូលដ្ឋាន ស្រុកលេីកដែក បានចុះសំណេះសំណាល សាកសួរសុខទុក្ខ និងចែកម៉ាស់ សាប៊ូ ជូនដល់កម្មករ កម្មការិនី នៅរោងចក្រ Winsand Garment ស្ថិតក្នុងភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលេីកដែក ខេត្តកណ្តាល ។
មានសាសន៍សំណេះសំណាលទៅកាន់ បងប្អូន កម្មករ កម្មការិនី ឯកឧត្ដម នូវប៉េង ច័ន្ទតារា បានណែនាំអំពីវិធានការណ៍ ការពារខ្លួនប្រាណ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ហើយឯកឧត្ដម បានផ្ដាំផ្ញើដល់បងប្អូនកម្មករ កម្មការិនី ទាំងអស់មិនត្រូវមានការធ្វេសប្រហែសជាមួយជំងឺកូវីដ១៩ឡើយ បើទោះបីជានៅប្រទេសកម្ពុជារបស់យើង មានស្ថានភាពប្រសើរក៏ដោយក្ដី តែនៅទូទាំងពិភពលោកមិនទាន់មានថ្នាំព្យាបាលនៅឡើយទេ។ ដូច្នេះយើងត្រូវតែ អនុវត្តអោយបានជាប្រចាំនូវ ការសំអាតអនាម័យខ្លួនប្រាណ លាងសំអាងដៃជាមួយសាប៊ូ អាកុល ឬជែល ចេញក្រៅត្រូវពាក់ម៉ាស់ ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។
គួរបញ្ជាក់ផងដែរថា កម្មករ កម្មការិនីក្នុងរោងចក្រWinsand Garment មានចំនួន៨៥៤នាក់ ស្រី៧៨៦នាក់ ក្នុងម្នាក់ៗទទួលបានម៉ាស២ និងសាប៊ូមួយដុំ៕