ព័ត៌មានជាតិ

អភិបាលខេត្តសៀមរាប ចុះពិនិត្យការរុះរើសំណង់ប៉ះពាល់ការដ្ឋានសាងសង់ពង្រីកផ្លូវ និងអរគុណនូវការចូលរួមរុះរើដោយស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋ

ខេត្តសៀមរាប៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងាររដ្ឋបាលខេត្ត ក្រុង សង្កាត់ មេភូមិស្ទឹងថ្មី ចុះពិនិត្យផ្លូវកដប ត្រង់ចំណុចផ្លូវភូមិ ស្ទឹងថ្មី ប្រសព្វនឹងផ្លូវសម្តេចទេពវង្ស( ផ្លូវផ្សារញ៉ែ ទៅស្តុបឡាប៉េ ទល់មុខផ្សារទំនើប ចៅសាំងហុក) ដើម្បីពិនិត្យមើលផ្ទះនិងសំយ៉ាបផ្ទះដែលប៉ះពាល់លើដីចំណីផ្លូវរបស់ប្រជាពលរដ្ឋចំនួនពីរគ្រួសារដែលបានឯកភាពឲ្យក្រុមការងារចម្រុះរដ្ឋបាលខេត្ត រុះរើដើម្បីពង្រីកផ្លូវឲ្យបានធំទូលាយ និងងាយស្រួលក្នុងការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងសៀមរាប ក៏ដូចជាការចូលរួមបញ្ជៀសការកកស្ទះចរាចរណ៍ផងដែរ។

ជាមួយគ្នានេះ លោកអភិបាលខេត្តសៀមរាប បានកោតសរសើរ និងថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំង២គ្រួសារ ដែលមានឈ្មោះ ទៀវ សុខវី និងឈ្មោះ ម៉ៅ សុខលី ស្ថិតនៅភូមិស្ទឹងថ្មីតាមបណ្តោយផ្លូវពីកេសរកូល ទៅប្រសព្វនឹងផ្លូវសម្តេចទេពវង្ស( ផ្លូវផ្សារញ៉ែ ទៅស្តុបឡាប៉េ ទល់មុខផ្សារទំនើប ចៅសាំងហុក ) សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលបានយល់ព្រមឲ្យក្រុមការងារចម្រុះរដ្ឋបាលខេត្ត រុះរើផ្ទះ និងសំយ៉ាបផ្ទះដែលប៉ះពាល់ដីចំណីផ្លូវដោយស្ម័គ្រចិត្តដែល រដ្ឋបាលខេត្តសៀមរាប បាន និងកំពុងដំណើរការអនុវត្តគម្រោងសាងសង់ផ្លូវភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ដោយមានការពង្រីកផ្លូវតាមទំហំដែលបានកំណត់ដោយគណៈកម្មការរដ្ឋបាលខេត្ត។

លោក ទៀ សីហា បានថ្លែងថា នេះគឺជាសកម្មភាពជាគំរូមួយដែលបានចូលរួមនៅក្នុងសកម្មភាពអភិវឌ្ឍក្រុង។ ក្នុងនាមអាជ្ញាធរខេត្តសៀមរាប សូមស្នើដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ចូលរួមសហការលើការងារអភិវឌ្ឍន៍នានានៅក្នុងខេត្តសៀមរាប ទាំងមូលផងដែរ។

សូមបញ្ជាក់ថា ទិសដៅការងារឆ្នាំ២០២០ ក៏បានកំណត់យកការងារបើកផ្លូវ និងការសាងសង់ផ្លូវ ជាការងារអាទិភាពតាមរយៈសេចក្តីសម្រេចសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *