ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះបរមនាមជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា បានសព្វព្រះរាជហឫទ័យ រាជានុញ្ញាត ឱ្យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដឹកនាំគណ:ប្រតិភូកាកបាទក្រហមកម្ពុជា ចូលក្រាបថ្វាយបង្គំគាល់ និងទូលថ្វាយរបាយការណ៍ អំពីសកម្មភាពមនុស្សធ៌មរយ:ពេលកន្លងមក និងទិសដៅបន្ត របស់កាកបាទក្រហមកម្ពុជា នៅថ្ងៃអង្គារ១០រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះ ដែលប្រព្រឹត្តនៅព្រះបរមរាជវាំង។
ទន្ទឹមនឹងការទូលថ្វាយរបាយការណ៍ស្តីពីវឌ្ឍនភាពរបស់កាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្វាយតង្វាយចំនួន ៥០ម៉ឺនដុល្លារ ថ្វាយ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និង ៥០ម៉ឺនដុល្លារ ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការ: ដើម្បីរួមវិភាគទាន ដល់ព្រះរាជសកម្មភាពមនុស្សធម៌នៃព្រះអង្គទាំងទ្វេ។
ព្រះករុណាថ្លៃវិសេស និង សម្តេចព្រះវររាជមាតាជាតិខ្មែរ តែងតែយកព្រះទ័យយកចិត្តទុក្ខដាក់ពី សុខទុក្ខប្រជារាស្ត្រគ្រប់ស្រទាប់វណ្ណ: តាមរយ:កាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានខិតខំធ្វើឱ្យសកម្មភាពការងារមនុស្សធម៌មានគ្រប់ច្រកល្ហកសម្រាប់ជួយសង្គ្រោះ អន្តរាគមន៍ ជូនប្រជាពលរដ្ឋ ពេលរងគ្រោះដោយធម្មជាតិ និងរងគ្រោះដោយយថាហេតុផ្សេងៗបានកើតឡើង៕