ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបគ្រូពេទ្យស្ម័គ្រចិត្ត ប្រមាណជាង៤០០នាក់ មុនចេញទៅព្យាបាលជម្ងឺកូវីដ១៩

នៅព្រឹកថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តប្រមាណជា ៤២២នាក់ មុននឹងពួកគេចេញបេសកកម្មជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ (COVID-19)។

តាមរបាយការណ៍របស់ លោកជំទាវ ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលបានក្រុមគ្រូពេទ្យស័គ្រចិត្តសម្តេចតេជោបានអោយដឹងថា ក្រោយពីការមានការពីការអំពាវនាវពីក្រសួងសុខាភិបាល ក្នុងការចូលរួមជាកម្លាំងក្នុងការប្រយុទ្ធនឹងជម្ងឺកូវីដ១៩ នោះ ក៏មានអ្នកប្រកបវិជ្ជាជីវៈពេទ្យ សិស្ស និងនិស្សិត ដែលបានបញ្ចប់ការសិក្សា និងកំពុងសិក្សា ក៏បានដាក់ពាក្យចូលរួមសកម្មភាពប្រយុទ្ធនឹងជំងឺកូវីដ១៩ជាបន្តបន្ទាប់។ ក្រោយបានទទួលអ្នកស្ម័គ្រចិត្តហើយនោះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ក៏បានបើកវគ្គបណ្តុះបណ្តាល និងបំពាក់បំប៉នបច្ចេកទេសបន្ថែមទៅលើការបង្ការ និងត្រួតពិនិត្យការចម្លងជំងកូវីដ១៩នេះ។ បានចាត់ទុកការចូលរួមរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រយុទ្ធជំងឺកូវីដ១៩ ថាជាខ្សែត្រៀមទី១ ដើម្បីសង្គមជាតិ និងគ្រួសារ ហើយការចូលរួមនេះ គឺប្រកបដោយទឹកចិត្តដ៏អង់អាច។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានអញ្ជើញមកជួបក្រុមគ្រូពេទ្យប្រឆាំងជម្ងឺកូវីដនាពេលនេះ ហើយក៏ជាពេលវេលាមួយដែលសម្តេចតេជោបានថ្លែងជូនសារដ៏សំខាន់ៗទៅដល់បងប្អូនប្រជាពលរដ្ឋផងដែរ។ សម្តេចតេជោបានអរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមលះបង់កម្លាំងកាយចិត្ត បើទោះបីជាដឹងថាជម្ងឺនេះជាឃាតករលាក់មុខក៏ដោយ។ ការលះបង់របស់ក្មួយៗក្រុមគ្រូពេទ្យគឺជាតម្លៃដ៏ធំធេងសម្រាប់ជួយសង្គ្រោះជីវិតមនុស្ស។ សម្តេចតេជោក៏បានអរគុណដល់អាណាព្យាបាលរបស់ក្មួយៗទាំងអស់ដែលបានអនុញ្ញាតកូនៗមកចូលរួមក្នុងប្រតិបត្តិការនេះ។

សម្តេចតេជោបានបញ្ជាក់ពីមូលហេតុ ដែលត្រូវយកក្រុមគ្រូពេទ្យនេះស្ម័គ្រចិត្តនេះ គឺយើងបន្ថែមលើកក្រុមគ្រូពេទ្យជំនាញដែលមានជាង២,០០០នាក់នោះ ហើយយើងមិនត្រឹមតែព្យាបាលតែកូវីដ១៩ទេ គឺយើងមានជម្ងឺផ្សេងៗទៀត ហើយប្រតិបត្តិការនេះក៏ជាពេលអោយពួកគាត់បានទទួលការបណ្តុះ
បណ្តាលជំនាញវិជ្ជសាស្ត្រផងដែរ។

នៅថ្ងៃនេះសម្តេចតេជោបានមានប្រសាសន៍ថា ពេលយើងបានរៀបបន្ទប់ចំនួន ៣,០០០បន្ទប់ហើយ សម្រាប់ត្រៀបដាក់អ្នកជម្ងឺ មានទាំងសណ្ឋាគារ សាសារៀន និងអគារស្នាក់នៅរបស់សិស្សផងដែរ។
សម្តេចតេជោបានធានាពីសុវត្ថិភាពក្រុមគ្រូពេទ្យទាំងអស់ ដែលសម្រេចចិត្តមកនេះ។ សម្តេចតេជោបានសង្កត់ធ្ងន់ថា បើគ្មានអាវុធមិនគ្រប់គ្រាន់ទេ គឺមិនអោយចូលប្រយុទ្ធទេ បើគ្មានបរិក្ខាពេទ្យគ្រប់គ្រាន់ទេ គឺមិនអោយចេញព្យាបាលអ្នកជម្ងឺនោះឡើយ។ ទន្ទឹមនឹងនេះ សម្តេចតេជោបានថ្លែងនូវការអរព្រះគុណចំពោះព្រះមហាក្សត្រ និងសម្តេចម៉ែដែលបានព្រះរាជទានអំណោយជាថវិកាក្នុងសកម្មភាពប្រឆាំងជម្ងឺកូវីដ១៩ និងអរគុណបណ្តាសប្បុរសជន និងប្រជាពលរដ្ឋទាំងអស់ដែលចូលរួមបរិចាគក្នុងសកម្មភាពនេះ ដែលរហូតមកដល់ពេលនេះ យើងទទួលបានថវិកាប្រមាណជាង៨លានដុល្លារ និងនៅទទួលជាបន្តបន្ទាប់ទៀត ហើយបើថវិកានេះសល់ក្រោយបញ្ចប់កូវីដ១៩ យើងនឹងបង្វែរចូលមូលនិធីគន្ធបុប្ផា។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា តាមរយៈការវិវត្តនៃជម្ងឺនេះ កម្ពុជាបានដាក់វិធានការដល់ដំណាក់កាលទី២ហើយ។ ក្នុងស្ថានភាពនាពេលបច្ចុប្បន្ននេះ សម្តេចតេជោបានជំរុញអោយអាជ្ញាធរថ្នាក់ក្រោមជាតិទាំងអស់ត្រូវប្រមូលការខិតខំចុះមូលដ្ឋានដើម្បីផ្សព្វផ្សាយពីការការពារជម្ងឺនេះ នៅតាមស្រុកភូមិអោយប្រជាពលរដ្ឋយើងបានដឹង ជាពិសេសអ្នកដែលទើបមកពីក្រៅប្រទេស ។ សម្តេចតេជោបន្តថា ក្នុងដំណាក់កាលទី២នេះយើងមានកិច្ចការសំខាន់៣ គឺ៖

កិច្ចការទី១) គឺត្រូវទប់ស្កាត់ការរីករាលដាលអ្នកមកពីក្រៅប្រទេស។ សម្តេចតេជោបានបញ្ជាក់ថា ជនជាតិបរទេសទាំងអស់ដែលកើតជម្ងឺនេះនៅកម្ពុជាត្រូវបានទទួលការព្យាបាលដោយមិនគិតថ្លៃនោះទេ។ ជាមួយគ្នានេះផងដែរ កម្ពុជាមិនត្រូវការជម្លៀសនិស្សិតដែលកំពុងសិក្សានៅក្រៅប្រទេសឡើយ។ ត្រូវមានការគ្រប់គ្រង់ពលករដែលមកពីប្រទេសថៃ ត្រូវដាក់ពួកគាត់អោយនៅដាច់ដោយឡែកចំនួន១៤ថ្ងៃសិន។ កម្ពុជាក៏ មិនអោយមានមន្ត្រីកម្ពុជាទៅប្រជុំនៅខាងក្រៅប្រទេសឡើយ ។ ក្នុងនោះសម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានអោយអាជ្ញាធរកម្ពុជាត្រូវសហការជាមួយអាជ្ញាធរថៃក្នុងការធ្វើមាតុភូមិនិវត្តប្រកបដោយសុវត្តិភាពនៃពលករខ្មែរ។

កិច្ចការទី២) គឺការពារអ្នកឆ្លងកុំអោយឆ្លងទៅអ្នកដ៏ទៃ និងបន្តរកអ្នកពាក់ព័ន្ធជាមួយអ្នកជម្ងឺ ត្រូវយកគាត់មកដាក់ដោយឡែក មុនពេលដឹងលទ្ធផលនៃការធ្វើតេស្ត។ ត្រូវខិតខំផ្សព្វផ្សាយគ្រប់មធ្យោបាយពីវិធីបង្កាការពារជម្ងឺកូវីដ១៩។ សម្តេចតេជោបន្តថា រហូតមកដល់ពេលនេះ កន្លែងដែលអាចប្រឈមយើងបានបិទមួយចំនួនហើយ តែយើងមិនអាចបិទបានទេនៅកន្លែងសំខាន់ៗមួយចំនួនដូចជាផ្សារ រោងចក្រ ភោជនីយដ្ឋាន ហាងកាហ្វេ ពិធីបុណ្យចូលឆ្នាំនៅប្រារព្ធធ្វើដដែល តែហាមជួបជុំគ្នាច្រើន គឺឆ្នាំនេះកម្ពុជាមិនបានធ្វើព្រឹត្តិការណ៍សង្ក្រាន្តទេ តែសូមឲ្យបងប្អូនប្រជាពលរដ្ឋសប្បាយជាមួយក្រុមគ្រួសារនៅតាមផ្ទះ។ សម្តេចតេជោសូមកុំអោយប្រជាពលរដ្ឋកុំប្រើអបីយជំនឿបណ្តេញជម្ងឺកូវីដ ដូចជាការអុចភ្លើងជាដើម ពីព្រោះវាអាចបង្កនូវហានិភ័យខ្ពស់។ សម្តេចតេជោ អំពាវនាវសូមអោយអាជ្ញាធរចុះចែកម៉ាស់ ឬក្រមារអោយប្រជាពលរដ្ឋតាមបណ្តាខេត្ត បើអាចធ្វើបាន។ សម្តេចតេជោក៏បានប្រកាសថា សម្តេតតេជោអាចនឹងបិទកន្លែងលក់ម៉ាសណាដែលលក់តម្លៃថ្លៃជ្រុលហួសហេតុ ហើយនឹងអាចនឹងបិទមិនអោយធ្វើអាជីវកម្មរហូតតែម្តង។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានអំពាវនាវមិនអោយមានការរើសអើង អ្នកជម្ងឺកូវីដនោះ ជាពិសេសក្រោយពេលដែលគាត់បានជាសះស្បើយ។

កិច្ចការទី៣) ត្រូវខិតខំព្យាបាលអ្នកជម្ងឺអោយជាសះស្បើយ។ ត្រូវរៀបចំបញ្ជើឈ្មោះអ្នកជម្ងឺ អោយបានត្រឹមត្រូវ ទាំងអ្នកជម្ងឺបរទេស និងខ្មែរ។ ការបែងចែកទីតាំងសំរាប់ព្យាបាលអ្នកដែលបានឆ្លង ជម្ងឺ និងទីតាំងសម្រាប់អ្នកដែលសង្ស័យ ដែលត្រូវដាក់អោយនៅដាច់ដោយឡែក គឺយើងត្រូវយកចិត្តទុកដាក់សម្រាប់ពួកគាត់ ដោយមានរៀបចំជាគ្រែ កន្ទេល ម៉ុង ភួយ ខ្នើយ ត្រឹមត្រូវ និងរៀបចំអាហារ៣ពេលអោយគាត់។ ចំពោះគ្រូពេទ្យដែលចេញប្រតិបត្តិការទាំងអស់ ត្រូវបំពាក់សម្ភារអោយបានគ្រប់គ្រាន់ មុននឹងចេញប្រយុទ្ធ ហ្វឹកហាត់អោយបានច្បាស់លាស់ មិនត្រូវធ្វេសប្រហែសនោះទេ ត្រូវគិតពីសុខភាពខ្លួនឯង។ ត្រូវមានកិច្ចសហប្រតិបត្តិការជាមួយដៃគ្រូអន្តរជាតិដូចជាអង្គការសុខភាពពិភពលោក ក្រុមគ្រូពេទ្យជំនាញមកពីប្រទេសចិន និងក្រុមប្រទេសផ្តល់ជំនួយមកយើង។

សម្តេចតេជោសូមអោយប្រជាពលរដ្ឋទូទាំងប្រទេសចូលរួមក្នុងប្រតិបត្តិការប្រឆាំងកូវីដនេះទាំងអស់គ្នា។ សូមប្រែក្លាយវិបត្តិនៃជម្ងឺនេះអោយក្លាយទៅជាកាលានុវត្តភាព នៃការយកចិត្តទុកដាក់ថែទាំសុខភាពរបស់ប្រជាពលរដ្ឋយើងម្នាក់ៗ។ ក្នុងប្រតិបត្តិនេះ សម្តេចតេជោបានផ្តល់ជូនម្នាក់១លានរៀល សសម្រាប់ថ្ងៃដំបូង និងបន្ទាប់មកទៀត សម្តេចតេជោបានទទួលរ៉ាប់រងចិញ្ជឹមក្មួយៗពេទ្យស្ម័គ្រចិត្តក្នុងប្រតិបត្តិការនេះទាំងអស់១០០ថ្ងៃ ដោយម្នាក់ៗទទួលបានការឧបត្តម្ភ ១ខែចំនួន១លាន២សែន រៀលដែលជាថវិការក្រុមគ្រួសារសម្តេចតេជោផ្ទាល់។ ហើយសម្រាប់ពេលហ្វឹកហាត់វិញក្រសួងនឹងផ្តល់ជូនពួកគាត់ ចំនួន៨ម៉ឺនរៀលក្នុង១ថ្ងៃ និងពេលចេញប្រតិបត្តិការគឺទទួលបាន១៤ម៉ឺនរៀល ដូចគ្រូពេទ្យធម្មតាដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *