ព័ត៌មានជាតិ

ពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ ២០១៩ និងទិសដៅបន្តឆ្នាំ ២០២០ របស់មន្ទីរសុខាភិបាលខេត្តក្រចេះ

ខេត្តក្រចេះ៖ រសៀលថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ក្រោយពីបានធ្វើសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៩ និងទិសដៅបន្តឆ្នាំ ២០២០ រយៈពេល១ថ្ងៃពេញ មន្ទីរសុខាភិបាលខេត្តក្រចេះ បានធ្វើពិធីបិទសន្និបាតក្រោមអធិបតីភាពឯកឧត្តម តែ កុយស៊ាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្តម ប៉ែន លីណាត អភិបាលរងខេត្តក្រចេះ តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត។

តាមការបញ្ជាក់ពីលោក ឈ្នាង សុវត្ថា ប្រធានមន្ទីរសុខាភិបាលខេត្ត បានឲ្យដឹងថា ៖ រយៈពេលពេញ១ថ្ងៃ អង្គសន្និបាតបានពិភាក្សាផ្លាស់ប្ដូរយោបល់គ្នា ប្រកបដោយន័យស្ថាបនាឈរលើមូលដ្ឋាននៃការវិភាគវាយតម្លៃរបាយការណ៍សមិទ្ធផលវិស័យសុខាភិបាលឆ្នាំ២០១៩ ដោយបានធ្វើការកំណត់ដូចជា ៖ -ការពិភាក្សាកម្មវិធីសុខភាពបន្តពូជយុវវ័យ មាតា ទារក កុមារ និងអាហាររូបត្ថម្ភ -ការពិភាក្សាស្ដីពីកម្មវិធីប្រយុទ្ធនឹងជម្ងឺមិនឆ្លង និងបញ្ហាសុខភាពសាធារណៈដទៃទៀត -ការពិភាក្សាស្ដីពីកម្មវិធីពង្រឹងប្រព័ន្ធសុខាភិបាល -ការពិភាក្សាស្ដីពីកម្មវិធីប្រយុទ្ធជំងឺឆ្លង។

ឯកឧត្តម រដ្ឋលេខាធិការក្រសួងសុខាភិបាលមានប្រសាសន៍កោតសរសើរ និងវាយតំលៃខ្ពស់ចំពោះមន្ត្រីរាជការ បុគ្គលិកសុខាភិបាល ដែលបានខិតខំអនុវត្តគោលនយោបាយ និងកម្មវិធីរបស់រាជរដ្ឋាភិបាលឲ្យសម្រេចបានលទ្ធផលជាច្រើនគួរជាទីមោទនៈ ពិសេសអប់រំសុខភាព ការពិនិត្យព្យាបាល និងយន្តការគាំពារសុខភាពជូនប្រជាពលរដ្ឋដែលទទួលបាននូវភាពរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ។

ទន្ទឹមនឹងនេះ ក៏បានការចូលរួមគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពីសំណាក់ដៃគូអភិវឌ្ឍសុខាភិបាល អង្គការមិនមែនរដ្ឋាភិបាល ជាតិ អន្តរជាតិ និងវិស័យពាក់ព័ន្ធនានា រួមនិងវិស័យឯកជនដែលបានសហការចូលរួមគាំទ្រយ៉ាងសកម្មដើម្បីអនុវត្តសកម្មភាពសំខាន់ៗនៅក្នុងវិស័យសុខាភិបាល ដើម្បីឱ្យគុណភាពសេវាសុខភាពសាធារណៈបានពង្រីក ការគ្របដណ្តប់ និងកែលម្អកាន់តែល្អប្រសើរស្របតាមតម្រូវការ សេវាសុខភាពកំណើនប្រជាជន ការវិវត្តប្រជាសា្រស្ត ការប្រែប្រួល សណ្ឋានជំងឺ និងជីវភាពរស់នៅរបស់ប្រជាជន ។

ឯកឧត្តមបញ្ជាក់ថា ៖ សព្វថ្ងៃនេះ យើងកំពុងជួបនូវបញ្ហាជម្ងឺសកល គឺកូវីដ១៩ ដែលតម្រូវឲ្យយើងទាំងអស់គ្នាចូលរួមជាសកលក្នុងការការពារ និងទប់ស្កាត់ ដោយត្រូវមានអនាម័យជាប្រចាំ ទៅតាមបទដ្ឋានក្រសួងសុខាភិបាល លាងសម្អាតដៃនិងសាប៊ូ ឬអាល់កុល ជាប្រចាំមុននិងក្រោយចាប់កាន់អ្វីមួយ ឬបរិភោគអាហារ និងត្រូវពាក់ម៉ាស់ ប្រើក្រម៉ា ពេលចេញដំណើរ ឬនិយាយជាមួយអ្នកដទៃ ត្រូវនៅឲ្យឆ្ងាយពីអ្នកដទៃចម្ងាយ១ម៉ែត្រកន្លះ ហើយក៏តម្រូវឲ្យគ្រូពេទ្យជាអ្នកផ្សព្វផ្សាយបន្តដល់ប្រជាមូលដ្ឋានផងដែរ ស្តីពីការរស់នៅនៃវីរុស និងការឆ្លងនូវវីរុសកូវីដ១៩នេះ ក្រៅពីនេះគ្រូពេទ្យត្រូវណែនាំអ្នកជម្ងឺអំពីការប្រើប្រាស់គ្រឿងស្រវឹង គ្រោះថ្នាក់នៃចរាចរណ៍ និងការប្រើប្រាស់គ្រឿងកំប៉ុងភេសជ្ជ:ប៉ូវ ដែលប៉ះពាល់ដល់សុខភាព តែតាមច្បាប់ពេទ្យមិនបានហាមឃាត់ក្នុងការបរិភោបនោះទេ តែត្រូវកាត់បន្ថយនូវការបរិភោប និងចេះពិនិត្យឲ្យបាលច្បាស់លាស់ និងប្រើប្រាស់ឲ្យមានកម្រិត និងបរិភោបម្ហូបអាហារណាដែលសម្បូរទៅដោយជាតិប្រូតេអ៉ីន ហើយតម្រូវឲ្យគ្រូពេទ្យមូដ្ឋានជាអ្នកផ្សព្វផ្សាយ និងអប់រំណែនាំ ទើបមានប្រសិទ្ធភាព។ ជាពិសេសត្រូវផ្សព្វផ្សាយពីគោលនយោបាយលើកទឹកចិត្តស្រ្តីមានផ្ទៃពោះ ក្នុងការមកពិនិត្យផ្ទៃពោះ និងពេលសម្រាល ក៏ដូចជានាំកូនមានអាយុក្រោម២ឆ្នាំ មកពិនិត្យ និងទទួលបានប្រាក់ឧបត្ថម្ភផងដែរ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *