ព័ត៌មានជាតិ

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តកណ្តាល និងអភិបាលរងខេត្ត ក្រោមអធិបតីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ

ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល នៅសាលាខេត្តកណ្តាល ភូមិដើមមៀន សង្កាត់ដើមមៀន ខេត្តកណ្តាល ដោយមានការចូលរួមពី ប្រតិភូរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្រុមប្រឹក្សា អភិបាល អភិបាលរងខេត្ត និងមន្ទីរ អង្គភាព អាជ្ញាធរជុំវិញខេត្តគ្រប់ជាន់ថ្នាក់ជាច្រើនរូបផងដែរ។

មានប្រសាសន៍ក្នុង ពិធីសម្ដេចក្រឡាហោម បានជំរុញឱ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបន្តថែរក្សាពង្រឹងសន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមឲ្យបានល្អប្រសើរ ដោយត្រូវយកចិត្តទុកដាក់ ក្នុងការអនុវត្តគោលនយោបាយ“ភូមិ ឃុំមាន សុវត្ថិភាព” ឲ្យបានជាប់ជាប្រចាំនៅគ្រប់មូលដ្ឋាន ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា នៅតាមមូលដ្ឋានរបស់ខ្លួន។

សម្ដេចក្រឡាហោម បានស្នើដល់ អាជ្ញាធរខេត្ត ត្រូវលើកកម្ពស់ការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋប្រកបដោយ ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកាន់តែ មានការកើនឡើង ក្នុងពេលដែលប្រទេសជាតិយើងកំពុងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ពិសេសការផ្តល់សេវារដ្ឋបាលតាមរយៈអង្គភាពច្រកចេញចូលតែមួយ និងត្រូវបន្តរួមគ្នាខិតខំដោះស្រាយសំណើ សំណូមពរ និងបញ្ហាប្រឈមនានា នៅតាម មូលដ្ឋាន ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ជាពិសេសសំណើ សំណូមពរ និង បញ្ហាប្រឈម ដែលបានលើកឡើងក្នុងវេទិកាសាធារណៈនានា។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលរងខេត្តកណ្តាល ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យតែងតាំងជាអភិបាលខេត្តកណ្តាល ជំនួសឯកឧត្តម ម៉ៅ ភិរុណ ត្រូវចូលនិវត្តន៍ និងឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តក្រចេះ ត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្រេចផ្លាស់ប្តូរមកជាអភិបាលរងខេត្តកណ្តាលវិញ ជំនួសកន្លែងឯកឧត្តម គង់ សោភ័ណ្ឌ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *