ខេត្តក្រចេះ៖ រសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភះ និងលើកទិញដៅអនុវត្តបន្តខែមិនា ២០២០ ។
កិច្ចប្រជុំនេះ បានពិភាក្សាទៅលើកិច្ចការមួយចំនួន នៅក្នុងដំណើរការអភិវឌ្ឍន៍ខេត្តក្រចេះ ក្នុងពេលបច្ចុប្បន្ន ពីផលវិជ្ជមាន និងផលប៉ះពាល់ដែល ក្រុង ស្រុក បានលើកឡើងមតិ ដែលបានរិះគន់ ពីប្រជាពលរដ្ឋមួយចំនួន លើកក្នុងវេទិកាសាធារណៈ ក្នុងនោះដូចជា៖ បញ្ហា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាបរិស្ថាន រួមបញ្ហាមួយចំនួន
ចំពោះបញ្ហា អសកម្មមួយចំនួន ឯកឧត្តម វ៉ា ថន អភិបាលខេត្ត ក៏បានណែនាំឱ្យមន្ត្រីមានសមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធត្រូវពង្រឹង និងបង្កើនសកម្មភាពការងារ ក្នុងការដោះស្រាយបញ្ហា ដែលប្រជាពលរដ្ឋបានស្នើឡើង ហើយត្រូវតែដោះស្រាយអោយបានទាន់ពេលវេលា និងកាន់តែមានប្រសិទ្ធភាពល្អ ។ ម្យ៉ាងវិញទៀត គ្រប់មន្ទីរ អង្គភាពទាំងអស់ក្នុងខេត្ត ត្រូវតែបោសសំអាតបរិវេណទីធ្លាក្នុងមន្ទីរអោយបានស្អាត និងចូលរួមដាំដើមឈើទាំងគ្នា ហើយជាភាពទាក់ទាញ និងសោភ័ណភាពរបស់ខេត្ត ដែលជាប់ទៅនិងដងទន្លេមេគង្គផង ដើម្បីអោយភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សន៍ខេត្តក្រចេះបានកាន់តែច្រើនឡើង និងដើម្បីប្រកួតប្រណាំទីក្រុងស្អាតយកផ្ការំដួល៣ទង ។
ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះរដ្ឋបាល ក្រុង ស្រុក ដែលកន្លងមកខិតខំបំពេញ តួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវ ក្នុងកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ។ ក្នុងនោះដែរ ឯកឧត្តមក៏បានដាក់នូវបទបញ្ជា និង វិធានការមួយចំនួន ដល់គ្រប់សមត្ថកិច្ចនៃកងកម្លាំងប្រដាប់អាវុធ និង គណៈបញ្ជាការឯកភាពក្រុង ស្រុក ក្នុងការគ្រប់គ្រងនូវរាល់សភាពការណ៍ដែលកើតមានឡើងនៅតាមមូលដ្ឋាន ក្នុងការបញ្ចៀសនូវរាល់បាតុភាពផ្សេងៗនៅតាមមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ត្រូវធ្វើការជំរុញលើការអនុវត្តនូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ក្នុងការធានានូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ ម៉្យាងទៀតត្រូវក្តាប់ឱ្យបាននូវរាល់សមាសភាព ដែលតែងបង្កភាពអសន្តិសុខនៅក្នុងមូលដ្ឋាន សំខាន់ក្រុមក្មេងទំនើង មុខសញ្ញាជួញដូរផ្លូវភេទ គ្រឿងញៀន និង បទល្មើសព្រៃឈើជាដើម ៕