ខេត្តកណ្ដាល៖ ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល ស្នើឱ្យកងកម្លាំងសមត្ថកិច្ច ពិសេសកងកម្លាំងពន្លត់អគ្គភ័យ នៃស្នងការនគរបាលខេត្តកណ្ដាល ត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ក្នុងករណីអគ្គិភ័យកើតឡើង ត្រូវរួមគ្នាដោះស្រាយ ពន្លត់ឱ្យទាន់ពេលវេលា និងទាន់សភាពការណ៍។
ឯកឧត្ដមអភិបាលរងខេត្ត ស្នើបែបនេះក្នុងឱកាសដែលឯកឧត្តម អញ្ជើញចូលរួមក្នុង ទិវាជាតិបង្ការ និងពន្តត់អគ្គិភ័យ ឆ្នាំ២០២០ នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពី អភិបាល អភិបាលរងក្រុង ស្រុក កងកម្លាំងទាំង៣ មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាក្រុងតាខ្មៅ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ជាច្រើននាក់។
ឯកឧត្ដមបន្តថា គ្រោះមហន្តរាយភ្លើឆេះផ្ទះ គឺជាសោកនាដកម្មដ៏ធំធេង គ្មានអ្នណាម្នាក់ចង់ឱ្យកើតមានឡើយ ព្រមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត និងជីវភាពរស់នៅប្រជាពលរដ្ឋ។ ដូច្នេះកម្លាំងសមត្ថកិច្ច ពិសេសកងកម្លាំងពន្លត់អគ្គភ័យ នៃស្នងការនគរបាលខេត្តកណ្ដាល ត្រូវយកចិត្តទូកដាក់ និងទទួលខុសត្រូវខ្ពស់ ក្នុងករណីមានឧប្បត្តិហេតុ អគ្គិភ័យកើតឡើង ត្រូវរួមគ្នាដោះស្រាយ ពន្លត់ឱ្យទាន់ពេលវេលា និងទាន់សភាពការណ៍។ ត្រូវមានកម្លាំងប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង និងផ្សព្វផ្សាយលេខទូរសព្ទគ្រប់មូលដ្ឋាន ដើម្បីទទួលការរាយការណ៍ ពីប្រជាពលរដ្ឋ ក្នុងករណីមានហេតុការណ៍កើតឡើង។ ត្រូវចុះតាមរោងចក្រ សហគ្រាស សណ្ឋាគារ ដេប៉ូលក់ប្រេងឥន្ទនៈ និងទីកន្លែងដែលងាយរងគ្រោះ ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងសុពលភាពបំពង់ពន្លត់អគ្គីភ័យ។
ឯកឧត្ដមបន្ថែមថា ទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យនេះ ធ្វើឡើងក្នុងគោលបំណងកាត់បន្ថយគ្រោះមហន្តរាយបង្កឡើងដោយអគ្គិភ័យ ដែលពី១ឆ្នាំទៅ១ឆ្នាំ ចេះតែមានកំណើនគួរឱ្យព្រួយបារម្ភ ព្រមទាំងគម្រាមកំហែងដល់សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ប៉ះពាល់អាយុជីវិត សុខុមាលភាព និងបំផ្លាញទ្រព្យសម្បត្តិ បរិស្ថាន ជះឥទ្ធិពលធ្ងន់ធ្ងរដល់គោលនយោបាយកាត់បន្ថយភាពក្រីក្រដល់រាជរដ្ឋាភិបាល។
លោកឧត្តមសេនីយ៍ត្រី អុល ប៊ុណ្ណា ស្នងការរងនគរបាលខេត្តកណ្តាល ទទួលផែនសង្គ្រោះ និងបង្ការ ពន្លត់អគ្គិភ័យ បានឱ្យដឹងថា នេះគឺជាលើកទី៥ហើយ ក្នុងការប្រារព្ធទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ ហើយក្នុងឆ្នាំ២០១៩កន្លងទៅនេះ ខេត្តកណ្តាល កើតមានគ្រោះអគ្គិភ័យចំនួន៥៧លើក ពោលគឺកើនឡើងចំនួន២៣លើក បើប្រៀបធៀបជាមួយឆ្នាំ២០១៨ ហើយស្រុកដែលកើតមានច្រើនជាងគេ គឺស្រុកអង្គស្នួល រហូតដល់ទៅ១២លើក បន្ទាប់មកគឺក្រុងតាខ្មៅ ចំនួន១១លើក៕