ព័ត៌មានខ្លីៗ

កិច្ចប្រជុំបន្ទាន់ជាមួយក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ៦ ដើម្បីដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍ក្នុងដំណើការសាងសង់ផ្លូវជាតិលេខ៦ក្នុងភូមិសាស្ត្រស្រុកពួក និងស្រុកក្រឡាញ់

ខេត្តសៀមរាប៖ នៅថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១១៖៤០នាទីព្រឹក នៅបន្ទប់ប្រជុំរបស់រដ្ឋបាលខេត្តសៀមរាប មានកិច្ចប្រជុំបន្ទាន់ភ្លាមៗជាមួយក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ៦ ដើម្បីដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍ក្នុងដំណើការសាងសង់ផ្លូវជាតិលេខ៦ក្នុងភូមិសាស្ត្រស្រុកពួក និងស្រុកក្រឡាញ់ ខេត្តសៀមរាប ដឹកនាំដោយ លោក ចឹក គឹមជុន នាយករដ្ឋបាលសាលាខេត្តស្តីទី និងមានការអញ្ចើញចូលរួមពីលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន លោក អភិបាល នៃគណៈអភិបាលស្រុកពួក លោក នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក តំណាងក្រុមហ៊ុនសាសង់ និងអ្នកពាក់ព័ន្ធ។

ជាមួយគ្នានេះ ខាងតំណាងក្រុមហ៊ុនសាងសង់ បានបញ្ជាក់ថានឹងធើ្វការអ៊ុតកៅស៊ូតែប្រវែង ២០០ម៉ែត្រម្តង ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងរៀបចំដាក់ស្លាកសញ្ញាចរាចរណ៍បន្ថែម។

ទន្ទឹមនឹងនេះដែរ អង្គប្រជុំបានណែនាំឲ្យក្រុមហ៊ុនអនុវត្តនូវកិច្ចការមួយចំនួនដូចក្រោម៖
១-ក្រុមហ៊ុនសាងសង់ ត្រូវសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត អាជ្ញាធរស្រុក និងកម្លំាងសមត្ថកិច្ច ដើម្បីដោះស្រាយការកកស្ទះ និងជួយសម្រួលចរាចរណ៍រហូតដល់បញ្ចប់គម្រោង ដោយត្រូវដាក់កម្លាំងសមត្ថកិច្ច (នគរបាល និងកងរាជអាវុធហត្ថ) រួមទាំងបុគ្គលិករបស់ក្រុមហ៊ុននៅចំណុចដើម កណ្តាល និងចំណុចចុងនៃការដ្ឋាន ដើម្បីជួយសម្រួលចរាចរណ៍ ព្រមទាំងត្រូវគិតគូរខ្ពស់អំពីសណ្តាប់ធា្នប់សាធារណៈទូទៅនៅតាមការដ្ឋាននីមួយៗ។
២-ក្រុមហ៊ុនសាងសង់ ត្រូវរៀបចំដាក់ស្លាកសញ្ញាចរាចរណ៍ឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបង្កើនចំនួនស្លាកសញ្ញាចរាចរណ៍ទ្វេដងនៅតាមការដ្ឋាន និងពេលយប់ ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ផ្សេងៗ ក៏ដូចជាការកើតឡើងនូវបញ្ហាផ្សេងៗជាយថាហេតុ។
៣-ក្រុមហ៊ុនសាងសង់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត អាជ្ញាធរស្រុក និងកម្លាំងសមត្ថកិច្ច ត្រូវសហការគ្នាទៅវិញទៅមក ដើម្បីដោះស្រាយភ្លាមៗចំពោះការកកស្ទះចរាចរណ៍ និងជួយសម្រួលចរាចរណ៍ឲ្យបានលឿន។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *