ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា ដឹកនាំកិច្ចប្រជុំពិនិត្យវាយ​តម្លៃ​សភាព​ការណ៍បទល្មើស លួច ឆក់ ក្នុងរាជធានីភ្នំពេញ, ខែធ្នូ ឆ្នាំ២០១៩ បទល្មើសកើតឡើង៥៦ករណី បង្ក្រាបបាន៤១ករណី

ភ្នំពេញ៖ លេខាធិការដ្ឋានបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើលួច ឆក់ ក្នុង​ភូមិ​សាស្ដ្ររាជធានីភ្នំពេញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹក​ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំត្រួតពិនិត្យវាយ​តម្លៃ​សភាព​ការណ៍បទល្មើសលួច ឆក់ នៅរាជធានីភ្នំពេញ ប្រចាំ​ខែធ្នូ ឆ្នាំ២០១៩ និងលើកទិសដៅបន្ដ។

កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ និងមានការចូលរួមពីប្រធាននាយក​ដ្ឋានពាក់ព័ន្ធ, អនុប្រធាននាយកដ្ឋាន, ស្នងការរងនគរបាល​រាជធានីភ្នំពេញ, នាយការិយាល័យ នៃនាយកដ្ឋានជំនាញ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអធិការខណ្ឌ​ទាំង១៤ ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

យោងតាមរបាយការណ៍របស់ លោកឧត្តមសេនីយ៍ទោ ស៊ុយ សុគន្ធា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងជា​ប្រធានលេខាធិការដ្ឋានបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើលួចឆក់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បទល្មើស​ជារួម​កើតឡើងនៅក្នុងខែធ្នូ ឆ្នាំ២០១៩កន្លងទៅ មានចំនួន៥៦ករណី កើន២ករណី ក្នុងនោះបទលួច២៧ករណី និងបទឆក់២៩ករណី។

បើតាមលោកឧត្តមសេនីយ៍ទោ ស៊ុយ សុគន្ធា ជាលទ្ធផល​នៃប្រតិបត្តិការ ដោយមានការខិតខំប្រឹងប្រែងពីកង​កម្លាំង​គ្រប់​អង្គភាព​ទាំងអស់ បានសហការគ្នាចូលរួមបង្ក្រាប ចំនួ​នសរុប៤១​ករណី ចាប់ជនសង្ស័យ៥២នាក់ ក្នុងនោះជនសង្ស័យបង្ក្រាបបាន​ក្រោយធ្វើតេស្ដធ្លាប់ប្រើសារធាតុញៀន មាន៤៨នាក់ ស្មើនឹង​៩២ភាគរយ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា នៅតែ​បន្ដក្រើនរំលឹក និងដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់អោយកម្លាំង​នាយកដ្ឋានជំនាញពាក់ព័ន្ធ ត្រូវសហការជាមួយស្នងការ​ដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើយ៉ាងណាត្រូវតែបង្ការ ទប់ស្កាត់កុំឲ្យបទល្មើសកើតមាន ហើយប្រសិនបើបទល្មើស​កើតឡើងរួចហើយ ត្រូវតែរួមគ្នាបង្ក្រាបឲ្យខាងតែបាន សម្ដៅកាត់​បន្ថយបទល្មើសក្នុងរាជធានីភ្នំពេញ។

អគ្គស្នងការរងនគរបាលជាតិ​រូបនេះ ក៏បានកោតសរសើរដល់​កង​កម្លាំង​គ្រប់អង្គភាពទាំងអស់ ដែលកន្លងទៅសហការគ្នា​បានយ៉ាង​ល្អ ក្នុងការបង្ក្រាបបទល្មើសដែលកើតមាន។ បន្ថែមពីនេះ ឯកឧត្តម ក៏បានណែនាំឲ្យរិះរកនៅអ្វីដែលជាបញ្ហាប្រឈម ដែល​នាំ​ឲ្យបទល្មើសកើតឡើង។

លើសពីនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា បានបញ្ជា​ឲ្យ​ពង្រឹង និងជំរុញការងារគ្រប់គ្រងមុខសញ្ញា និងនីតិវិធីកសាង​សំណុំរឿង ដើម្បីមានភស្ដុតាងរឹងមាំដាក់បន្ទុកផ្តន្ទាទោស​ឲ្យបានកម្រិតខ្ពស់ (បទឧក្រិដ្ឋ) ស្របតាមក្រមព្រហ្មទណ្ឌ។ ពិនិត្យឡើងវិញករណីមុខសញ្ញាឆក់ ដែលត្រូវបានដោះលែង ហើយធ្វើសកម្មភាពឡើងវិញ ដើម្បីរាយការណ៍ជូនថ្នាក់ដឹក​នាំមានវិធានការបន្ដ និងបន្ដស្រាវជ្រាវស៊ើបអង្កេតបង្ក្រាប​ករណីសេសសល់៕

ប្រភព៖ អគ្គស្នងការនគរបាលជាតិ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *