ភ្នំពេញ៖ កម្លាំងនគរបាលរាជធានីភ្នំពេញជាង៨០០នាក់បានប្រមូលផ្តុំជាទ្រង់ទ្រាយធំទទួលផែនការនិងបទបញ្ជាថ្នាក់លើ ដើម្បីចេញប្រតិបត្តិការពង្រឹងសន្តិសុខ ថែរក្សាសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំកំពូលៗមកពីបណ្តាប្រទេសនានាដែលគ្រោងចូលរួមក្នុងកិច្ចប្រជុំអន្តរជាតិនៅរាជធានីភ្នំពេញ។គ្រាដែលកម្ពុជា បានត្រៀមធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំអាស៊ី-អឺរ៉ុប លើកទី១៣ និងកិច្ចប្រជុំផ្សេងៗទៀតនៅពេលឆាប់ៗខាងមុខនេះ។
អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញលោកឧត្តមសេនីយ៍ឯក ស ថេត ថ្លែងក្នុងពិធីគោរទង់ជាតិនៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ រំលឹកដល់កងកម្លាំងក្រោមឱវាទទាំងអស់ត្រូវប្រមូលផ្តុំនិងការគ្រប់គ្រងកម្លាំងឱ្យបានច្បាស់លាស់ហើយត្រូវមានមុខប្រចាំការទាំងយប់ទាំងថ្ងៃដើម្បីសហការចេញដោះស្រាយសភាពការណ៍សន្តិសុខ និងការចេញជួយសង្រ្គោះប្រជាពលរដ្ឋនិងបង្ការទប់ស្កាត់បទល្មើសផ្សេងៗទៀត។ ជាពិសេសធានាឱ្យបានសុវត្ថិភាពគ្រប់គ្រាន់ជូនដល់ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំកំពូលទាំងនៅក្នុងប្រទេសនិងថ្នាក់ដឹកនាំកំពូលបណ្តាប្រទេសជាអន្តរជាតិ។កិច្ចការងារការពារសន្តិសុខឱ្យរឹងមាំនេះផងដែរឯកឧត្តម ក៏បានរំលឹកត្រូវតែទាមទារមានកម្លាំងគ្រប់គ្រងក្នុងដៃឱ្យបានគ្រប់គ្រាន់នៅពេលមានសភាពការណ៍ណាមួយកើតឡើងកម្លាំងត្រូវចេញប្រតិបត្តិការជាបន្ទាន់ដើម្បីដោះស្រាយសភាពការណ៍ទាន់ពេលវេលា។
លោកឧត្តមសេនីយ៍ឯក ស ថេត ក៏បានជម្រុញឱ្យកងកម្លាំងនគរបាលរាជធានីភ្នំពេញ ត្រូវគោរពវិន័យកងកម្លាំងនគរបាលជាតិឱ្យបានម៉ឺងម៉ាត់ ទាំងស្លៀកពាក់ឯកសណ្ឋានឱ្យបានសមរម្យ ការគោរពថ្នាក់ដឹកនាំនិងគោរពអនុវត្តបទបញ្ជាថ្នាក់លើ ចៀសវាងធ្វើសកម្មភាពទាំងឡាយណាខុសពីវិន័យកងកម្លាំងនគរបាលជាតិនិងខុសគោលការណ៍ច្បាប់៕