ព័ត៌មានជាតិ

ពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរសាធារណការ និងដឹក​ជញ្ជូនខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសា​លា​ខេត្តកំពង់ស្ពឺ ឯកឧត្ដម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុង​ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីសំណាក់​ថ្នាក់ដឹកនាំក្រសួង ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អភិបាលនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំនៃ​មន្ទីរពាក់ព័ន្ធជុំវិញ​ខេត្ត និងមន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូន សរុប​ទាំង​អស់ប្រមាណ២០០នាក់។

យោងតាមសេចក្ដីប្រកាសលេខ៣៥១ សក.ប្រក ចុះថ្ងៃទី៦ ខែ​វិច្ឆិកា ឆ្នាំ២០១៩ បានសម្រេចផ្ទេរសម្រួលភារកិច្ច លោក ហុង ចាន់សុខា ក្របខណ្ឌ ក.២.២ ពីប្រធានមន្ទីរសាធារណការ និងដឹក​ជញ្ជូនខេត្តកំពង់ស្ពឺ ឱ្យមកបម្រើការងារនៅទីស្ដីការ ក្រសួងសា​ធារណ​​ការ និងដឹកជញ្ជូន ដើម្បីទទួលភារកិច្ចថ្មី និងផ្ទេរសម្រួល​ភារកិច្ច លោក ស៊ូ ស៊ុន្ធរ៉ា ក្របខណ្ឌ ក.១.៦ ពីអនុប្រធាននាយ​ក​ដ្ឋាន គ្រឿងចក្រ និងសា្ថបនាផ្លូវ នៃអគ្គនាយកដ្ឋានសាធារណការ មកជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ នៃ​ក្រសួងសាធារណការ និងដឹកជញ្ជូន ។

ឯកឧត្តម តូច ចាន់កុសល បានកោតសរសើរវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់លោក ហុង ចាន់សុខា ប្រធាន​មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺចាស់ កន្លងមក​បានខិតខំអនុវត្តការងារ សម្រេចបាននូវ ការអភិវឌ្ឍហេដ្ឋា រចនា​សម្ព័ន្ធនានា មានផ្លូវថ្នល់ ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ផ្លូវទឹក ការគ្រប់គ្រងប្រព័ន្ធលូ អូរ ប្រឡាយ និងទឹកកខ្វក់បានល្អ។

ឯកឧត្តម ក៏បានស្នើប្រធានមន្ទីរសាធារណការខេត្តថ្មី ប្រកាន់ភ្ជាប់​នូវ​សាមគ្គីជាធ្លុងមួយ សម្រេចបាននូវស្នាដៃធំៗបន្តទៀត និង​អនុវត្ត​នូវអភិក្រមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ និង​បាវចនា​ពីរ​បន្ថែមទៀត គឺកែទម្រង់ខាងក្នុង និងបង្កើន​មិត្តខាង​ក្រៅ។

ជាមួយគ្នានោះ ឯកឧត្តម តូច ចាន់កុសល ក៏បានណែនាំដល់​ប្រធាន មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ត្រូវខិត​ខំបំពេញការងារ សហការសាមគ្គីភាពផ្ទៃក្នុង ជាមួយមន្ទីរអង្គភាព​ពាក់ព័ន្ធក្នុងខេត្ត អនុវត្តនូវយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៤ និងគោលនយោបាយកែទម្រង់ ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល​កម្ពុជា លើហេដ្ឋារចនា សម្ព័ន្ធផ្លូវ ថ្នល់ ច្បាប់ និងលិខិតបទដ្ឋាន​នានា តាមគោលការណ៍ក្រសួង និងតាមគណបញ្ជាការ​ឯកភាព​ខេត្ត ឲ្យមានប្រសិទ្ធិភាព គណនេយ្យភាព និងតម្លាភាព ក្នុងការ​ចូលរួមចំណែកអភិវឌ្ឍខេត្តកំពង់ស្ពឺ ឲ្យកាន់តែរីកចម្រើន​បន្ថែមទៀត៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *