ខេត្តកែប៖ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកែប បានសហការណ៍ជាមួយនាយកដ្ឋានគណនេយ្យជាតិក្រសួងផែនការ មន្ទីរផែនការខេត្ត បានរៀបចំពិធីផ្សព្វផ្សាយពីលទ្ធផលបឋមផលិតផលក្នុងស្រុកសរុប(GDP)ខេត្តកែប ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម រីន វិរៈ រដ្ឋលេខាធិការប្រចាំការក្រសួងផែនការ និងឯកឧត្តម កែន សត្ថា អភិបាល នៃគណអភិបាលខេត្តកែប ព្រមទាំងមានការអញ្ជើញចូលរួម ដោយអនុរដ្ឋលេខាធិការ អភិបាលរងខេត្ត ប្រធានាយកដ្ឋាន ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តសរុបប្រមាណ៧០នាក់ ។
ថ្លែងក្នុងពិធីនេះ មតិស្វាគមន៍របស់ឯកឧត្តម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប បានលើកឡើងថា សម្រាប់ខេត្តកែប ទាំងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មន្ទីរអង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់បានខិតខំយកចិត្តទុកដាក់ធ្វើការអភិវឌ្ឍន៍ខេត្ត ឲ្យទទួលបាននូវភាពរីកចម្រើនជាបន្តបន្ទាប់។ ជាក់ស្ដែងអត្រាភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងខេត្ត ថយចុះពីចំនួន១៤,៣៧% នៅឆ្នាំ២០១៥ មកត្រឹម ៤,៤៣% ក្នុងឆ្នាំ២០១៩នេះ។
កន្លងមករដ្ឋបាលខេត្ត មានទិន្នន័យមួយចំនួនដូចជា ឯកសារព័ត៌មានស្ថានភាពស្តីពីសេដ្ឋកិច្ច សង្គមកិច្ច តារាងពិន្ទុវិស័យដែលផលិតដោយមន្ទីរផែនការ ដែលធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ និងព័ត៌មានផ្សេងៗទៀតរបស់មន្ទីរ អង្គភាពជំនាញ សម្រាប់ប្រើប្រាស់ធ្វើជាមូលដ្ឋានក្នុងការរៀបចំផែនការអភិវឌ្ឍន៍ កម្មវិធីវិនិយោគបីឆ្នាំរំកិល ជាពិសេសគឺទិន្នន័យផលិតផលក្នុងស្រុកសរុប(GDP)របស់ខេត្ត ជួយថ្នាក់ដឹកនាំខេត្ត ក្នុងការធ្វើសេចក្តីសម្រេចចិត្តដើម្បីអភិវឌ្ឍន៍ខេត្តឲ្យបានត្រឹមត្រូវ និងចំគោលដៅ។
ឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការប្រចាំការក្រសួងផែនការ មានប្រសាសន៍ថា យោងតាមការគណនារបស់អ្នកបច្ចកទេស ខេត្តកែប មានទំហំសេដ្ឋកិច្ច សរុបប្រមាណ៥០.៧លានដុល្លាអាមេរិក មានប្រមាណ០,២០% នៃសេដ្ឋកិច្ចជាតិទាំងមូល។ កំណើនសេដ្ឋកិច្ចមានប្រមាណ៥,៦% នៅឆ្នាំ២០១៨ បើធៀបនឹងឆ្នាំ២០១៧។ ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ៗនៅឆ្នាំ២០១៨មានចំនួន១,២១៧ដុល្លា ទន្ទឹមនឹងឆ្នាំ២០១៧ មានតែចំនួនមានចំនួន១,១២៩.២ដុល្លាតែប៉ុណ្ណោះ។
ឯកឧត្តម បន្ថែមទៀតថា ថ្វីត្បិតតែទំហំសេដ្ឋកិច្ចខេត្តមានការកើនឡើងក៏ដោយ ក៏ខេត្ត ត្រូវយលកចិត្តទុកដាក់លើវិស័យមួយចំនួនដូចជា សេវាកម្ម កសិកម្ម និងឧស្សាហកម្ម ព្រោះវិស័យទាំងនេះហើយ ដែលជម្រុញសេដ្ឋកិច្ចខេត្តកែប អោយមានការរីកចម្រើនខ្លាំង ។ ក្នុងឆ្នាំ២០១៨ នេះ ផ្នែកសេវាកម្ម មាន៥៤.០% ផ្នែកកសិកម្ម មាន២៩.៧% និងផ្នែកឧស្សាហកម្ម មានតែ១៦.៣% ក្នុងការជម្រុញសេដ្ឋកិច្ចខេត្តឲ្យមានការរីកចម្រើន ។