ខេត្តត្បូងឃ្មុំ៖ បុរសខ្លាំងខាងបើកល្បែងជល់មាន់ ដែលស្គាល់ថាឈ្មោះទ្រី កំពុងតែខ្លាំងជាមួយសមត្ថកិច្ច ខណៈដែលសមត្ថកិច្ចទើបតែចុះបង្ក្រាប និងដុតចោលសង្វៀនកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ នៅវេលាម៉ោង០៣និង៤០នាទីរសៀល នៅចំណុចចម្ការចំប៉ី ភូមិទួលទ្រា ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយកម្លាំងជំនាញអធិការនគរបាលស្រុកត្បូងឃ្មុំ តែនៅថ្ងៃទី១៦ ខែតុលាឆ្នាំ២០១៩ បែរជាហ៊ានបើកលេងវិញដដែល ដោយគ្រាន់តែប្ដូរទីតាំង ទៅលេងនៅខាងលិច ពីទីតាំងចាស់ប្រហែល៥០០ម៉ែត្រ តែប៉ុណ្ណោះ។
ប្រភពពីប្រជាពលរដ្ឋបានសម្ដែងការមិនពេញចិត្តជាខ្លាំងទៅលើអាជ្ញាធរ និងសមត្ថកិច្ចថា ល្បែងស៊ីសងក្នុងខេត្តត្បូងឃ្មុំ តាមភូមិស្រុក គឺមានសឹងតែគ្រប់ទីកន្លែង តែយូៗឃើញមានចុះបង្ក្រាបម្តង ហើយកំរឃើញចាប់បានម្ចាស់សង្វៀន និងអ្នកញៀនល្បែងទេ បានណាស់ ។ ប្រភពបានបន្តទៀតថា ពេលខ្លះពួកគាត់បានទូរសព្ទ័ទៅរាយការណ៍ប្រាប់ បានត្រឹម ឆ្លើយថាចាំឲ្យកូនចៅទៅមើល និងដេញបង្អើលតែប៉ុណ្ណោះ ស្អែកលេងវិញដដែល។
បើតាមប្រភពព័ត៌មាន ពីអ្នកញៀនល្បែងបានអោយដឹងថាលោកទ្រី ដែលជាម្ចាស់សង្វៀនមាន់ហ្នឹង គឺជាមិត្តភក្រ័ លោកអធិការស្រុកត្បូងឃ្មុំ អញ្ចឹងហើយបានជាសង្វៀនមួយនេះ បើកលេងបានយ៉ាងរលូនយ៉ាងនេះ ។
ប្រជាពលរដ្ឋ បានសំណូមពរដល់ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ប៉ែន រត្ន័ ស្នងការខេត្ត សូមមេត្តាជួយចាត់តាំងមន្ត្រីក្រោមឱវាទ ចុះត្រួតពិនិត្យ ទីតាំងល្បែងដុះស្លែរមួយនេះផង ៕