ខេត្តព្រះសីហនុ៖ លោក ម៉ាង ស៊ីណេត អភិបាលខេត្តស្តីទី អនុញ្ញាតឱ្យគណ:ប្រតិភូគណ:កម្មាធិការអចិន្ត្រៃយ៍សភាស្រុកចាងខូ នៃទីក្រុងហ្វាងជីងកាង (ប្រទេសចិន) ចូលជួបសម្តែងការគួរសម ឈ្វេងយល់ពីការអភិវឌ្ឍ និងសក្តានុពលខេត្តព្រះសីហនុ ដឹកនាំដោយលោក ជាំង ស៊ីនឆាង ZHANG XINCHANG ប្រធានគណ:កម្មាធិការអចិន្ត្រៃយ៍សភាស្រុកចាងខូ នៃទីក្រុងហ្វាងជីងកាង នៅសាលាខេត្តព្រះសីហនុ នារសៀលថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ។
លោក ម៉ាង ស៊ីណេត អភិបាលស្តីទីខេត្តព្រះសីហនុ បានជម្រាបជូនពីសក្តានុពលខេត្តជាប់ឆ្នេរសមុទ្រថានៅឆ្នាំ២០១៨ កំណើនសេដ្ឋកិច្ចរបស់ខេត្តមាន ៨.៧ភាគរយ និងឆ្នាំ២០១៩ កំណើនសេដ្ឋកិច្ចមានរហូតដល់ ១០.៣ភាគរយ GDP របស់ប្រជាពលរដ្ឋម្នាក់ ៣.៧២៦ដុល្លារអាមេរិកឆ្នាំ២០១៩ ។ បច្ចុប្បន្នរាជរដ្ឋាភិបាលបានចាត់ទុកខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចគំរូពហុបំណងស្របតាមគោលនយោបាយឧស្សាហកម្ម ២០១៥-២០២៥ ។ ខេត្តមានសក្កានុពល ខាងវិស័យកសិកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ និងសំណង់ ដែលជាវិស័យសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងនោះមានកំពង់ផែទឹកជ្រៅ ផ្លូវដែក ព្រលានយន្តហោះ តំបន់សេដ្ឋកិច្ច ឆ្នេរ កោះ និងតំបន់ឧទ្យានជាតិ ។
លោកអភិបាលស្តីទីខេត្តព្រះសីហនុ បានរំលេចពីវិស័យសំខាន់ៗមានដូចជាកំពង់ផែទឹកជ្រៅ ១៣.៥០ម៉ែត្រ ហើយនៅឆ្នាំ២០២៣ កំពង់ផែនេះ ត្រូវអភិវឌ្ឍជម្រៅទឹករហូតដល់ ១៤.៥០ម៉ែត្រ តភ្ជាប់ជាលក្ខណៈជាតិ និងអន្តរជាតិ មានទំនិញកុងតឺន័រឆ្លងកាត់ ៧៣ភាគរយ ។ ផ្លូវដែកតភ្ជាប់ពីខេត្តព្រះសីហនុ ទៅភ្នំពេញ ហើយថ្មីៗនេះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបើកសម្ពោធផ្លូវល្បឿនលឿនពីភ្នំពេញ មកខេត្តព្រសីហនុ ។ ផ្លូវអាកាសមាន ១៤ក្រុមហ៊ុន ហោះហើរក្នុងមួយសប្តាហ៍ ១៣៣ជើង មានទិសដៅហោះហើរដូចជា ថៃ ម៉ាឡេស៊ី វៀតណាម ពិសេសប្រទេសចិនមាន ២៥ក្រុង ។ ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ កំពុងដំណើរការដែលមានរោងចក្រតូច ធំចំនួន ២១០ ។ វិស័យកសិកម្ម មានដូចជាដូងប្រេង ចំការកៅស៊ូ និងអំណោយផលផ្នែកវារីវប្បកម្ម ដូចជាចិញ្ចឹមត្រី ក្តាម បង្គា ។ វិស័យទេសចរណ៍ឆ្នាំ ២០១៨ មានភ្ញៀវទេសចរជាង ២លាននាក់កើន ២.៦៣ភាគរយ បើធៀបទៅនឹងឆ្នាំ២០១៧ ។ ដោយឡែកអចលនទ្រព្យរយៈពេល ៣ឆ្នាំចុងក្រោយ មានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ ទន្ទឹមនឹងការអភិវឌ្ឍរីកចម្រើនក៏មានបញ្ហាប្រឈមមួយចំនួនដូចជាផ្លូវតូច និងខូចខាត ក៏ប៉ុន្តែរដ្ឋបាលខេត្តកំពុងកែលម្អ ។
លោក ម៉ាង ស៊ីណេត បានបញ្ជាក់ថា ទំនាក់ទំនងកិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរ អនុវត្តតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងយុទ្ធសាស្ត្រផ្លូវមួយ ក្រវ៉ាត់មួយរបស់ប្រធានាធិបតីចិន ធ្វើឲ្យប្រទេសទាំងពីរមានទំនាក់ទំនងកាន់តែជិតស្និទ្ធ អាចហៅបានថា ទំនាក់ទំនងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយធ្វើឱ្យសេដ្ឋកិច្ច នៃប្រទេសទាំងពីរមានការរីកចំរើន ។
លោក ជាំង ស៊ីនឆាង ZHANG XINCHANG មានប្រសាសន៍ថា ខេត្តព្រះសីហនុ មានសមិទ្ធផលថ្មីៗជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគួរឱ្យកត់ សម្គាល់ការអនុវត្តគោលនយោបាយបើកចំហររបស់រដ្ឋាភិបាលកម្ពុជា ។ ទីក្រុង Fang Cheng Gang នៃប្រទេសចិន ជាកំពង់ផែធំមួយ និងជាមូលដ្ឋានឧស្សាហកម្ម ពាណិជ្ជកម្មសេរីចិន-អាស៊ាន ដើរតួយ៉ាងសំខាន់ក្នុងយុទ្ធសាស្ត្រជាតិ ខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស នៃឧស្សាហកម្មលីងហ្គាង នៃឧស្សាហកម្មឆ្នេរសមុទ្រ ជាមូលដ្ឋានផលិតដែកចំនួន ១០លានតោន មានសួនឧស្សាហកម្ម ក៏មានគម្រោងធំៗ ដូចជាមូលដ្ឋានអាលុយមីញ៉ូម អេកូឡូសុី បានបោះទីតាំងនៅតំបន់កំពង់ផែនោះ វាបានបង្កើតសួនឧស្សាហកម្មសសរស្តម្ភចំនួន៦ ក្នុងវិស័យធញ្ញជាតិប្រេង ចំណីអាហារ ដែកថែប ដែក លោហៈ ប្រេងឥន្ធនៈ ព្រមទាំងការផលិតឧបករណ៍ផ្សេងៗជាដើម ។ ជាមូលដ្ឋានផលិតកម្មប្រេងធម្មជាតិធំជាងគេនៅប្រទេសចិន និងជាមូលដ្ឋានតំបន់កែច្នៃ Phosphorate សម្រាប់ការនាំចេញ និងជាមូលដ្ឋានថាមពលថ្មី ដ៏សំខាន់មួយនៃភាគខាងលិចប្រទេសចិន ។ តាមរយៈទំនាក់ទំនងជាមួយសាលាខេត្តព្រះសីហនុ សង្ឃឹមថាអាចនឹងជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជាវិស័យទេសចរណ៍ ជំរុញកិច្ចសហប្រតិបត្តិការ និងការប្រស្រ័យទាក់ទងរវាងវិស័យដ៏ទៃទៀត ដើម្បីបង្កើតសមិទ្ធផលយ៉ាងច្រើនបន្ថែមទៀត ៕