ស្រុកកៀនស្វាយ៖ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាស្រុក រដ្ឋបាលស្រុក បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកកៀនស្វាយ ក្រោមអធិបតីភាព លោក អ៊ូ ឈាង ប្រធានក្រុមប្រឹក្សាស្រុកកៀនស្វាយ និង លោក ឡូវ សុខសាន អភិបាលនៃគណៈអភិបាលស្រុកកៀនស្វាយ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក នាយក នាយករងរដ្ឋបាលស្រុក មេបញ្ជាការកងកម្លាំងទាំងបី ប្រធាន អនុប្រធានការិយាល័យ អង្គភាព ចំណុះរដ្ឋបាលស្រុក ប្រធានការិយាល័យ អង្គភាពជុំវិញស្រុក មេឃុំ ស្មៀនឃុំ ទាំង៨ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
ក្នុងកិច្ចប្រជុំនេះដែរ លោកប្រធានក្រុមប្រឹក្សាស្រុក បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំស្រុក ការិយាល័យ អង្គភាព ដែលបានខិតខំអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ លើកកម្ពស់សុខុមាលភាព សុខសុវត្ថិភាព សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ជាពិសេសធានាបានភាពរលូនក្ន្ងដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៨ តុលា ២០២៤។ ជាមួយគ្នានេះ លោកប្រធានក្រុមប្រឹក្សាបាន ណែនាំដល់ក្រុមការងារត្រូវរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកក្នុងឆ្នាំ២០២៤នេះ ត្រូវត្រៀមរបៀបវារៈឱ្យបានគ្រប់ជ្រុងជ្រោយ ត្រូវសង្ខេបរបាយការណ៍ដែលត្រូវផ្សព្វផ្សាយឱ្យបានខ្លី ដើម្បីទុកពេលវេលាដល់ប្រជាពលរដ្ឋឡើងសំណូមពរ លើកឡើងអំពីបញ្ហាប្រឈមបានច្រើន ជាពិសេសត្រូវចេះលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ឱ្យឡើងមានមតិយាបល លើកឡើងអំពីបញ្ហាប្រឈមនានាឱ្យបានច្រើន ហើយត្រូវស្រង់យកបញ្ហាទាំងអស់នោះ យកមកពិភាក្សាដោះស្រាយឱ្យបានភ្លាមៗ ករណីលើសដែនសមត្ថកិច្ចខ្លួន ត្រូវបន្តយកមកពិនិត្យពិភាក្សាដោះស្រាយនៅថ្នាក់ខេត្ត ឬ ថ្នាក់ជាតិបន្តទៀតមិនត្រូវទុកចោលឡើយ។
បន្ថែមពីលើនេះលោក អ៊ូ ឈាង ក៏បានជំរុញដល់គ្រប់បណ្ដាការិយាល័យអង្គភាពចំណុះរដ្ឋបាលស្រុក និងជុំវិញស្រុកទាំងអស់ ត្រូវតែទៅចូលរួមគ្រប់វេទិការទាំងអស់ហាមអវត្តមាន ដើម្បីចូលរួមស្រាយបំភ្លឺលើបញ្ហាដែលលើកឡើងក្នុងវេទិកាពីសំណាក់ប្រជាពលរដ្ឋ ឱ្យបានកាន់តែច្បាស់លាស់ និងដោះស្រាយប្រកបដោយប្រសិទ្ធភាពខ្ពស់។
គួរបញ្ជាក់ផងដែរថា ក្រុមប្រឹក្សាស្រុកកៀនស្វាយ នឹងរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅតាមបណ្ដាឃុំទាំង៨ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ដោយក្នុងមួយវេទិកាតម្រូវឱ្យមានប្រជាពលរដ្ឋចូលរួមយ៉ាងតិចណាស់ ៣០០នាក់ ហើយប្រជាពលរដ្ឋអាចលើកឡើងរាល់បញ្ហាប្រឈមនិងសំណូមពរនានាបានទាំងអស់ដោយសេរី ប្រកបដោយតម្លាភាព មិនមានការបង្ខិតបង្ខំ ឬគំរាមកំហែងអ្វីទាំងអស់៕