ស្រុកកៀនស្វាយ៖ ក្រោមការយកចិត្តទុកដាក់របស់ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ លោក អ៊ូ ឈាង ប្រធានក្រុមប្រឹក្សាស្រុក រួមជាមួយលោក ឡូវ សុខសាន អភិបាល នៃគណៈអភិបាលស្រុកកៀនស្វាយ រួមជាមួយអភិបាលរងស្រុក នាយក នាយករងរដ្ឋបាលស្រុកនិងមន្ត្រីជំនាញកសិកម្មស្រុក ព្រមទាំងអាជ្ញាធរឃុំ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកសិករ និងពិនិត្យស្ថានភាពដំណាំស្រូវរបស់ប្រជាកសិករ ព្រមទាំងឧបត្ថម្ភជី និងថ្នាំធម្មជាតិ ដើម្បីប្រើប្រាស់ដោះស្រាយបញ្ហាស្រូវដែលរងការបំផ្លាញដោយរុយស និងដង្កូវមូរស្លឹក នៅចំនុចភូមិស្ដៅកន្លែង៥ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ក្នុងឱកាសនេះដែរ លោក ឡូវ សុខសាន អភិបាលស្រុក បានជំរុញ និងលើកទឹកចិត្តដល់ប្រជាកសិករទាំងអស់ សូមប្រើប្រាស់ថ្នាំកំចាត់សត្វល្អិតចង្រៃផ្សំពីរុក្ខជាតិ ជៀសវាងការប្រើប្រាស់ថ្នាំគីមីដែលធ្វើឱ្យប៉ះពាល់សុខភាពរបស់អ្នកប្រើប្រាស់ផ្ទាល់។
លោកអភិបាលស្រុកបានបន្តថា៖ បន្ទាប់ពីទទួលបានព័ត៌មានថា ស្រូវរបស់ប្រជាពលរដ្ឋ មានការគំរាមកំហែងពីរុយស និងដង្កូវមូរស្លឹក ទើបអាជ្ញាធរស្រុកបានដឹកនាំមន្ត្រីជំនាញបច្ចេកទេស មកធ្វើការពន្យល់ណែនាំពីរបៀបនៃការកំចាត់ រុយស និងដង្កូវមូរស្លឹក ជៀសវាងប្រជាពលរដ្ឋប្រើប្រាស់ថ្នាំទៅតាមការស្មានរបស់ខ្លួន ដែលមិនត្រូវនឹងបច្ចេកទេស ហើយធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ផ្ទាល់ ក៏ដូចជាអ្នកដែលទទួលបានផលយកទៅប្រើប្រាស់ផងដែរ។
ក្នុងឱកាសនោះដែរ លោក ឡូវ សុខសាន បានណែនាំដល់មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន សូមបន្តតាមដានយកចិត្តទុកដាក់ខ្ពស់ ចំពោះការគំរាមកំហែងដល់ស្រូវរបស់ប្រជាកសិករ ប្រសិនបើនៅតែបន្តគំរាមកំហែងពី រុយស និងដង្កូវមូលស្លឹក កាន់តែធ្ងន់ធ្ងរបន្ថែមទៀត សូមឱ្យអាជ្ញាធរ និងមន្ត្រីជំនាញទាំងអស់ត្រូវចាត់វិធានការឱ្យបានទាន់ពេលវេលា ធ្វើយ៉ាងណាកុំឱ្យស្រូវរបស់ប្រជាពលរដ្ឋរងការខូចខាតឡើយ។
លោកអភិបាលស្រុកបន្ថែមថា៖ ការចុះមកពិនិត្យនៅពេលនេះ គឺដើម្បីពន្យល់ដល់ប្រជាពលរដ្ឋឱ្យយល់ច្បាស់ពីវិធីសាស្ត្រនៃការ ការពារ រុយស និងដង្កូវមូរស្លឹក កុំឱ្យមានការបំផ្លាញផលស្រូវរបស់ប្រជាពលរដ្ឋយើង ហើយថ្នាំដែលប្រើប្រាស់ទៅនេះគឺមិនបំផ្លាញសុខភាពយើង និងសុខភាពអ្នកដែលប្រើប្រាស់ភោគផលរបស់យើងទៅថ្ងៃអនាគតឡើយ។
ជាមួយគ្នានេះ រដ្ឋបាលស្រុក និងក្រុមការងារជំនាញ ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន និងអាជ្ញាធរឃុំ បានចុះពិនិត្យ និងបានផ្តល់ថ្នាំកំចាត់សត្វល្អិតផ្សំពីរុក្ខជាតិជូនប្រជាពលរដ្ឋចំនួន ៧៥០លីត្រ និងបានឧបត្ថម្ភដល់ប្រជាកសិករកចំនួន ៥០នាក់ ក្នុងម្នាក់ថវិកា ២០ ០០០រៀល និងក្រម៉ា ១ផងដែរ។