ព័ត៌មានជាតិ

សមត្ថកិច្ចស្រុកបាទី នាំខ្លួនអន្ទិត នួន ឆានី ករណីប្រើប្រាស់ហឹង្សាដោយចេតនា បញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់

ខេត្តតាកែវ÷បន្ទាប់ពីផ្ទុះករណី ប្រើប្រាស់អំពើហឹង្សាដោយចេតនា រវាងព្រះសង្ឃ និងព្រះសង្ឃ ដែលបានកើតឡើងកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅក្នុងវត្ត ទ្រព្យគរ ស្ថិតនៅភូមិត្រកៀត ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ត្រូវបានកម្លាំងសមត្ចកិច្ចអនុវត្តន៍តាមនីតិវិធីច្បាប់ ជុំវិញករណីនេះដែរ លោក ជួង វ៉ាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តតាកែវ បានថ្លែងប្រាប់បណ្ដាញសារព័ត៌មានឱ្យដឹងថា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះដែរថា ក្រោយពេលកើតហេតុភ្លាមៗ មន្រ្តីសង្ឃ សហការជាមួយអាជ្ញាធរមូលដ្ឋាន គឺបានចាប់តេជគុណផ្សឹករួចរាល់ហើយ ប៉ុន្តែសំណុំរឿងមិន ទាន់បញ្ចប់ទេ គឺខាងសមត្ថកិច្ចជាអ្នកបន្តនីតិវិធីច្បាប់ ករណីប្រើប្រាស់អំពើហឹង្សានេះ ។

ដោយឡែកចំពោះករណីនេះដែរ លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី បានថ្លែងប្រាប់នៅរសៀលនេះដែរថា ករណីប្រើប្រាស់អំពើហឹង្សា ដោយចេតនា ដែលបង្កឡើងដោយ ជនសង្ស័យឈ្មោះ នួន ឆានី ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរព្រះសង្ឃ (គ្រូសូត្រឆ្វេង) ស្នាក់នៅវត្តទ្រព្យគរ ស្ថិតនៅភូមិត្រកៀត ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដែលបានធ្វើសកម្មភាពយកចានបាយទាប ធ្វើអំពីថ្ម វាយនិងគប់ទៅលើព្រះកេសរបស់សាមណេរព្រះនាម ពេជ្រ សាវុធ ភេទប្រុស អាយុ ១៤ឆ្នាំ ស្នាក់នៅក្នុងវត្តទ្រព្យគរ ភូមិត្រកៀត ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ បណ្ដាលឲរងរបួសត្រង់ព្រះកេសចំនួន ៣ កន្លែង ចំហៀងខាងឆ្វេង ប្រវែង ៤សង់ទីម៉ែត្រ ដេរចំនួន ៣ថ្នេរ របួសត្រង់ព្រះកេស ពីលើប្រវែង ៥សង់ទីម៉ែត្រ ដេរចំនួន ៣ថ្នេរ និង រងរបួសត្រង់លើចិញ្ចើមចំហៀងខាងឆ្វេង ប្រវែង ១សង់ទីម៉ែត្រ ដេរចំនួន ១ថ្នេរ ។ មូលហេតុ ទំនាស់ពាក្យសម្ដី ទើបបង្កអោយមានករណីហឹង្សានេះកើតឡើង ។
អធិការនគរបាលស្រុកបាទី លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី បានបន្តថា បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចយកមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនចាត់ការបន្តតាមនីតិវិធីច្បាប់នៅតុលាការ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *