ភ្នំពេញ,, ជនសង្ស័យ០៤នាក់ ត្រូវ អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីគ្រឿងញៀន និង លួចកាច់កម៉ូតូ ជនសង្ស័យ ឈ្មោះ សុខ ពៅ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ លក់ក្ដាពុម្ព ស្នាក់នៅភូមិកាកាប សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ បានសហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន កាលពីវេលាម៉ោង ២២:៣០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ នៅចំណុចភូមិតាងួន១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជយ័ ពាក់ព័ន្ធករណីលួចកាច់កម៉ូតូ ០១គ្រឿង ម៉ាក ស៊ុយស៊ូគីនិច ពណ៌ ស.ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1IK-4472 ប្រព្រឹត្តកាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ នៅចំណុចក្នុងបុរីមហាសែនសុខ វិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ ដោយចាប់យកវត្ថុតាង ម៉ូតូ០១គ្រឿង ម៉ាក C125 ពណ៌ខ្មៅ ហើយជនសង្ស័យ បានយកស្លាកលេខរបស់ជនរងគ្រោះខាងលើ មកបំពាក់លើម៉ូតូខ្លួនដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ចទៀតផង។ និងបន្តស្រាវជ្រាវឃាត់បានបក្ខពួកម្នាក់ទៀត ឈ្មោះ ឡូ រតនា ភេទ ប្រុស អាយុ ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ កាលពីវេលាម៉ោង ៩:៣០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ នៅចំណុច ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ ចាប់យកវត្ថុតាង ម៉ូតូស៊ុយស៊ូគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BW-8808 ។
ចំណែកឯជនសង្ស័យឈ្មោះ កែវ សម្បត្តិ ភេទ ប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិ អង្គ សង្កាត់ ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល ឃាត់ខ្លួន កាលពីថ្ងៃទី១៨ ខែ មករា ឆ្នាំ២០២៣ នៅចំណុចផ្លូវរថភ្លើង ស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល និងបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ យឿន វឌ្ឍនះ ភេទ ប្រុស អាយុ ៣០ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិ អង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ (ធ្លាប់ជាប់ពន្ធនាគារចំនួន០៣ដង) ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ដោយចាប់យកវត្ថុតាង ក្រាមសថ្លាចំនួន០៣កញ្ចប់។
ជនសង្ស័យទាំង០៤នាក់ខាងលើ ត្រូវបានកម្លាំងជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕