ស្វាយរៀង៖ នាព្រឹកថ្ងៃចន្ទ ១៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ លោកជំទាវ ឯក សុវណ្ណភារៈ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូក សរុបលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០១៩ និងទិសដៅការងារបន្តខែសីហា កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោក នួន លីហួន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង លោកអនុប្រធានមន្ទីរ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ លោកប្រធានការិយាល័យសាធារណការ និងដឹកជញ្ជូនក្រុង ស្រុកទាំងប្រាំបី លោក លោកស្រី មន្រ្តីរាជការ ក្រោមឱវាទ សរុបចំនួន ៦០នាក់ ។
លោក នួន លីហួន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានឡើងថ្លែងការស្វាគមន៍ ជូនចំពោះលោកជំទាវ ឯក សុវណ្ណភារៈ អភិបាលរងខេត្តស្វាយរៀង ដែលឆ្លៀតឱកាសដ៏មមារញឹក អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្តនេះ ព្រមទាំងអាននវរបាយការណ៍ ស្ដីពីវឌ្ឍនភាពការងារដែលសម្រេចបាន លើវិស័យសាធារណការ និងដឹកជញ្ជូន និងបញ្ហាប្រឈមនានា ដែលពើបប្រទះលើការអនុវត្តកន្លងមក ។
លោកជំទាវ ឯក សុវណ្ណភារៈ អភិបាលរងខេត្ត បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្រ្តីជាប់កិច្ចសន្យានៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តទាំងអស់ ដែលខិតខំប្រឹងប្រែងបំពេញការងារយ៉ាងសកម្មសម្រេចលទ្ធផល គួរជាទីមោទនៈ និងមានការបែងចែកការងារ និងការទទួលខុសត្រូវមានលក្ខណៈច្បាស់ ។
នាឱកាសនោះ លោកជំទាវអភិបាលរងខេត្ត បានលើកទឹកចិត្ត មន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យាទាំងអស់ ត្រូវខិតខំប្រឹងប្រែងពង្រឹងការងារជំនាញ មានសាមគ្គីភាពផ្ទៃក្នុង ស្មារតីទទួលខុសត្រូវខ្ពស់លើការងារ ជាពិសេស ការផ្ដល់សេវាជូនប្រជាពលរដ្ឋ អោយបានទាន់ពេលវេលា និងមានភាពច្បាស់លាស់ ៕