ភ្នំពេញ៖ វិទ្យាស្ថានជាតិអធិការកិច្ច បានបិទបញ្ចប់ វគ្គបណ្តុះបណ្តាលជំនាញអធិការកិច្ចបឋម ស្តីពី មូលដ្ឋានគ្រឹះ នៃការងារអធិការកិច្ច ជំនាន់ទី២ វគ្គ៤ កំរិត១ ក្នុងឆ្នាំ២០១៩ នៅ ទីស្តីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តម ចាប សុថារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នារសៀលថ្ងៃសុក្រ ១០រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដាឆ្នាំ២០១៩ ។
ឯកឧត្តម សោម បូរ៉ាន់ នាយកវិទ្យាស្ថានជាតិអធិការកិច្ចឲ្យដឹងថា ៖ សិក្ខាកាមដែលជាមន្ត្រីក្រសួង និង បានចូលរួមវគ្គបណ្តុះបណ្តាលនេះ សុទ្ធសឹងតែយកចិត្តទុកដាក់ ពីបញ្ហាអធិការកិច្ចបឋមនេះ ពិសេសទាក់ទងនឹងនីតិវិធី ដែលត្រូវអនុវត្ត។ មួយវិញទៀតជំនាញនេះ ក៏ជាផ្នែកមួយដើម្បីពង្រឹងសមត្ថភាពមន្ត្រីរាជការ ដែលធ្វើការងារនេះ ឲ្យមានប្រសិទ្ធិភាព ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ របស់រាជរដ្ឋាភិបាលកម្ពុជា ហើយវិទ្យាស្ថាននេះ ក៏ប្តូវបានបបង្កើតឡើងក្រោមការយកចិត្តទុកដាក់ពីសំណាក់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួង ។
ឯកឧត្តម ចាប សុថារិទ្ធ បានពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និង អបអរសាទរ ចំពោះសិក្ខាកាមដែលបានបញ្ចប់វគ្គសិក្សានេះដោយជោគជ័យ ។ ជោគជ័យរបស់មន្ត្រីអធិការកិច្ច គឺជាកាយវិការមួយដ៏មានសារៈសំខាន់ សម្រាប់ត្រួតពិនិត្យ ការគ្រប់រដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព តាមរយៈការធ្វើអធិការកិច្ចលើគ្រប់វិស័យ សំដៅបង្ការ ទប់ស្កាត់ កែលំអ និងមានវិធានការ ដើម្បីប្រឆាំងអំពើពុករលួយ ការរំលោភដោយអំណាច និងបាតុភាពអសកម្មនានា តាមរយៈជំនាញផ្នែកច្បាប់ ប៉ុន្តែមិនមែនការវែករកកំហុស ដើម្បីរិះគន់រាជរដ្ឋាភិបាលនោះទេ គឺយើងមានតួនាទីធ្វើជាសេនាធិការដើម្បី ចូលរួមបំពេញបំបន្ថែម សំរាប់ឈានទៅសម្រេចយុទ្ធសាស្ត្រចតុកាណរបស់រាជរដ្ឋាភិបាល ដែលមានអបាលកិច្ចល្អជាស្នូល ។
ឯកឧត្តម ចាប សុថារិទ្ធ បញ្ជាក់ថា តាមចក្ខុវិស័យរបស់លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានដាក់ ចេញ នូវផែនការទិសដៅច្បាស់លាស់ដើម្បីពង្រឹង និងពង្រីកសមត្ថភាពរបស់មន្ត្រីយើងឲ្យកាន់តែមានគុណភាព តាម រយៈនៃការបណ្តុះបណ្តាលរបស់វិទ្យាស្ថានជាតិអធិការកិច្ច ឲ្យបានគ្រប់កំរិត ចាប់ពីបឋម មធ្យម និងឧត្តមសិក្សា ស្របតាមភារកិច្ចធំៗពីរជាសំខាន់ ក្នុងចំណោមភារកិច្ចមួយចំនួនផ្សេងទៀត រួមមាន៖ ទី១ ផ្តល់ការបណ្តុះ បណ្តាល ដល់មន្ត្រី រាជ ការ កងកំលាំងប្រដាប់អាវុធ និស្សិតក្នុងវិស័យអធិការកិច្ច និងវិស័យពាក់ព័ន្ធ ទី២ សិក្សាស្រាវជ្រាវ ផ្សព្វផ្សាយ ឯក សារពាក់ព័ន្ធ ក្នុងវិស័យអធិការកិច្ច និងវិស័យពាក់ពាក់ព័ន្ធ។ ឯកឧត្តម ក៏បានផ្តាំផ្ញើរឲ្យសិក្ខាកាមទាំងអស់ដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលនេះ ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត និងយកចំណេះដែលខ្លួនទទួលបានទៅពង្រឹងស្ថាប័នរបស់ខ្លួន ។
បើតាម ឯកឧត្តម ណុប ចាន់ ណារិន្ទ អ្នកនាំពាក្យរបស់ក្រសួង បញ្ជាក់ថា ៖ វិទ្យាស្ថាន ជាតិ អធិការ កិច្ច បានរៀបចំឲ្យមានរចនាសម្ព័ន្ធគ្រប់គ្រងពេញលេញនៅដើមឆ្នាំ២០១៨ បន្ទាប់ពីបានបង្កើតឡើងដោយ អនុក្រិត្យ លេខ ០៣ អនក្រ.បក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រិត្តទៅ របស់ក្រសួង ទំនាក់ ទំនង ជា មួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងអនុវត្តការងារអនុលោមតាមប្រកាសលេខ០៨៣ ទរពអ.ប្រក ចុះថ្ងៃ ទី ២៥ ខែធ្នូ ឆ្នាំ ២០១៧ ស្តីពីការប្រព្រិត្តទៅរបស់វិទ្យាស្ថានជាតិអធិការកិច្ច។ អ្នកនាំពាក្យដដែលរូបនេះបន្តថា បើទោះ ជាវិទ្យា ស្ថាន ទើប តែបង្កើតឡើង ក្តី តែយើងបានសហការជាមួយបណ្តាប្រទេសជាដៃគូរ ដើម្បីបើកវគ្គបណ្តុះបណ្តាល ជាបន្តបន្ទាប់ សំរាប់មន្ត្រីជំនាញនូវគ្រប់កំរិតទាំងនៅក្នុង និងក្រៅប្រទេសប្រកបដោយគុណភាព ហើយធនធានទាំងនេះកំពុងបំរើការងារ នៅក្នុងអង្គភាពរបស់ខ្លួនយ៉ាងមានប្រសិទ្ធិភាព ៕