ភ្នំពេញ ជនសង្ស័យម្នាក់ ឈ្មោះ នេន រស្មី ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅក្នុងដីឡូត៍ អតីតឌ្រីមលែនមុខណាហ្គាវើល មានមុខរបរ រត់រ៉ឺម៉កកង់បីផង រត់ផាស្អាប់ផង ហើយក៏បន្ថែមមុខរបរឆក់ទូរស័ព្ទដៃមួយទៀត តែភ្លាត់ស្នៀត ត្រូវបានធ្លាក់ចូលដៃអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់។
ក្រោមវិធានការជំនាញរបស់សមត្ថកិច្ច ជនសង្ស័យខាងលើបានសារភាពឲ្យដឹងថា កាលពីវេលាម៉ោង៤និង00នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ រូបខ្លួន និងបក្ខពួកម្នាក់ទៀតបានសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះកំពុងអង្គុយក្នុងរ៉ឺម៉កកង់បីនៅចំណុចផ្លូវនរោត្តមភូមិ១៣ សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន ក្រោយពេលកើតហេតុកំលាំងល្បាតរបស់អ.ហខណ្ឌចំការមនបានចុះទៅដល់កន្លែងកើតហេតុ ឃើញម៉ូតូ១គ្រឿងម៉ាកnexខាងលើផ្ដួលចោនៅលើផ្លូវ ហើយជនរងគ្រោះកំពុងស្ថិតនៅទីនោះដោយបានប្រាប់សមត្ថកិច្ចថាជនសង្ស័យបានឆក់យកទូរស័ព្ទរបស់ខ្លួន និងបានរត់ចូលទៅក្នុងភូមិបាត់ បន្ទាប់មកសមត្ថកិច្ចក៏បានរុករកតែពុំឃើញក៏លើកយកម៉ូតូមករក្សាទុកដើម្បីធ្វើការស្រាវជ្រាវបន្ត។ ដោយមានការសហការណ៍ល្អពីប្រជាពលរដ្ឋ និងក្រុមអ្នកសារពត៌មានC007ព្រមទាំងមិត្តភ័ក្រ្ក៤ទៅ៥នាក់ ដែលបានជួយចូលរុករក នៅម៉ោង៥និង២២នាទីក៏ប្រទះឃើញជនសង្ស័យដែលមានសភាពភ័យញ័រក៏នាំគ្នាឃាត់ទុក និងដឹកយកមកប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន។
ជនសង្ស័យបានបន្ថែមថារូបខ្លួនជាអ្នកឆក់និងឈ្មោះតុងជាអ្នកបើកម៉ូតូ ក្នុងខណះពេលដែលជនរងគ្រោះកំពុងកាន់ទូរស័ព្ទអង្គុយក្នុងរឺម៉កកង់បីពេលធ្វើសកម្មភាពឆក់បានហើយក៏បើកម៉ូតូបន្ថែមល្បឿនប៉ុន្តែត្រូបានជនរងគ្រោះកញ្ឆក់ចាប់ដៃបានបណ្ដាលឲ្យដួលម៉ូតូឃើញសភាពបែបមិនស្រួលក៏នាំគ្នារត់គេចខ្លួនដោយរូបគេរត់ទៅបុកនិងថ្មរនាំងទ្រូងផ្លូវបណ្ដាលឲ្យដួលរួចងើបឡើងរត់ត្រឡប់ទៅក្រោយតាមផ្លូវនរោត្តមឡើងតាមផ្លូវសុធារសចូលតាមផ្លូវលំទៅលាក់ខ្លួននៅផ្សាររន្ទះបាញ់ហើយត្រូវបានមនុស្សមួយក្រុមរកឃើញ រួចចាប់ខ្លួនបាន ចំណែកបក្ខពួករបស់ខ្លួនម្នាក់ទៀតឈ្មោះអាតុងបានយកទូរស័ព្ទរត់គេចខ្លួនបាត់មិនដឹងថាគេទៅទីណាទេ ហើយក៏មិនស្គាល់កន្លែងស្នាក់នៅរបស់វាដែរ។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌចំការមនបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវបន្ត និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕