ខេត្តកណ្ដាល នាព្រឹកថ្ងៃសៅរ៍ ១៤កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានចូលរួមក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាជាផ្លូវការវិមាន កីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
វិមានកីឡដ្ឋានមរតកតេជោ បានសាងសង់លើទំហំផ្ទៃដីប្រមាណ១៦.២២ហិកតា ទំហំសំណង់ប្រហែល ៨.២៤ម៉ឺនម៉ែត្រការ៉េ គឺជាកីឡដ្ឋានខ្នាតធំ ដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់ ៦ម៉ឺននាក់ ហើយមានសមត្ថភាពទទួលរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិធំៗកម្រិតពិភពលោក។ ពិសេសនឹងក្លាយជាកីឡដ្ឋានដ៏សំខាន់ សម្រាប់ត្រៀមស្វាគមន៍ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា នាឆ្នាំ២០២៣ខាងមុខ៕