ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ នេះ ឯកឧត្តម នូ សាខន សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានទី៣ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងតាខ្មៅ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំង សូមនាំគ្នាទៅទទួលការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា។
ឯកឧត្តម នូសាខន ព្រមទាំងអាជ្ញាធរក្រុងតាខ្មៅ មន្ត្រីពាក់ព័ន្ធ ដោយមានការចូលរួមពីឯកឧត្ដម ឈៀង សុវណ្ណរតនា ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ស្វាយរលំ បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយមកចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ចំនួន ១០០គ្រួសារ នៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ឯកឧត្ដម បន្តថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ គឺអាចជួយការពារបងប្អូន និងក្រុមគ្រួសារមិនឱ្យឆ្លងជំងឺដ៏កាចសាហាវនេះ ព្រមទាំងជួយកាត់ផ្ដាច់ខ្សែចម្លងចូលក្នុងសហគមន៍ផងដែរ។ ទន្ទឹមនឹងនេះ ការចាក់វ៉ាក់សាំង គឺជាការគិតគូរយកចិត្តទុកដាក់បំផុតរបស់រាជរដ្ឋាភិបាល ចំពោះសុខភាពប្រជាពលរដ្ឋនៅទូទាំងប្រទេស ហើយការស្វែងរកវ៉ាក់សាំងមកចាក់ជូនបងប្អូនប្រជាពរដ្ឋ គឺជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលបានចំណាយថវិកាយ៉ាងច្រើន ដើម្បីទិញវ៉ាក់សាំងមកចាក់ជូនបងប្អូនប្រជាពលរដ្ឋដោយមិនយកកម្រៃ ដូច្នេះសូម បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមិនទាន់បានទទួលបានការចាក់វ៉ាក់សាំង ។
សូមនាំគ្នាទៅទទួលយកការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា នៅតាមបណ្ឌលចាក់វ៉ាក់សាំងនានា ដែលនៅជិតផ្ទះរបស់បងប្អូន។ បន្ថែមពីលើនេះ ឯកឧត្តមបានពន្យល់ណែនាំ ដល់បងប្អូនប្រជាពលរដ្ឋត្រូវរស់នៅប្រកបដោយអនាម័យខ្ពស់ ត្រូវបន្តការពាក់ម៉ាស លាងដៃជាមួយអាកុល ជែល ឬសាប៊ូ រក្សាគំលាតសុវត្តិភាព និងកុំទៅកន្លែងដែលមានមនុស្សអ៊ូអរច្រើន ជាពិសេស ត្រូវអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ ៣កុំ និង៣ការពារ ឲ្យបានគ្រប់ៗគ្នា ដើម្បីជៀសផុតពីការឆ្លងជំងឺដ៏កាចសាហាវនេះ។
ឯកឧត្ដម បន្ថែមទៀតថា ការចែកអំណោយនាពេលនេះ គឺជាការគិតគូរពីសុខទុក្ខប្រជាពលរដ្ឋដែលខ្វះខាត់ ឆ្លើយតបតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ដែលមិនទុកឱ្យគ្រួសារណាមួយដាច់ស្បៀងដោយអាជ្ញាធរមិនបានដឹងនោះឡើយ បើទោះបីជាអំណោយទាំងអស់ខាងលើនេះ គ្រាន់តែអាចជួយសម្រាលបន្ទុកមួយរយៈពេលខ្លីក៏ដោយ ក៏អាជ្ញាធរនឹងខិតខំគៀងគររកជំនួយពីសប្បុរសជននានា ដើម្បីផ្តល់ជូននាពេលក្រោយៗ បន្តទៀតផងដែរ។ អំណោយដែលបានផ្ដល់ជូនពលរដ្ឋទាំង ១០០គ្រួសារនោះ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ១៥គីឡូ មី ១កេស ទឹកត្រី១ដប ទឹកស៊ីអ៉ីវ ២ដប និងថវិកា ២ម៉ឺនរៀល។