ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តម ព្រុំ សុខា បានស្នើដល់មន្ត្រីរាជការ នៃមន្ទីរមុខងារសាធារណៈខេត្តកណ្ដាល ត្រូវចេះទម្លាប់របៀបរស់នៅ និងធ្វើការទៅតាមគន្លងនៃប្រក្រតីភាគថ្មី ដោយត្រូវប្រកាន់ខ្ជាប់នូវវិធានការ ៣ការពារ និង៣កុំ និងត្រូវចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា

ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានស្នើដល់ មន្ត្រីរាជការទាំងអស់ នៃមន្ទីរមុខងារសាធារណៈខេត្តកណ្ដាល ត្រូវលើកកម្ពស់ស្មារតីសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ដោយក្នុងបរិបទនៃការឆ្លងរាលដាលជាសកល នៃជំងឺកូវីដ-១៩ មន្ត្រីរាជការត្រូវចេះទម្លាប់របៀបរស់នៅ និងធ្វើការទៅតាមគន្លង នៃប្រក្រតីភាពថ្មី និងត្រូវប្រកាន់ខ្ជាប់នូវវិធានការ ៣ការពារ និង៣កុំ និងត្រូវចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ឱ្យបានគ្រប់ៗគ្នា ថ្លែងនៅក្នុង ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរមុខងារសាធារណៈ នៅសាលាខេត្តកណ្ដាល ។

ឯកឧត្តមរដ្ឋមន្ត្រី បន្តថា មន្ត្រីរាជការទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវតួនាទីភារកិច្ចរបស់មន្ទីរមុខងារសាធារណៈ ដើម្បីធ្វើជាសេនាធិការយ៉ាងសកម្មជូនដល់រដ្ឋបាលខេត្ត លើវិស័យមុខងារសាធារណៈ និងកំណែទម្រង់រដ្ឋបាលសាធារណៈ សំដៅដល់ការកសាងរដ្ឋបាលសាធារណៈ ឱ្យកាន់តែមានភាពឆ្លើយតប ប្រសិទ្ធភាព ប្រសិទ្ធផល និងជំនឿទុកចិត្ត ព្រមជាមួយការលើកកម្ពស់វប្បធម៌សេវាសាធារណៈ ឆន្ទៈ ម្ចាស់ការ ភក្ដីភាព និងមនសិកាវិជ្ជាជីវៈរបស់មន្ត្រីរាជការ។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរចំពោះស្នាដៃទាំងឡាយដែល លោក ប៉ុល ថូ អតីតប្រធានមន្ទីរមុខងារសាធារណៈខេត្ត រួមជាមួយមន្ត្រីរាជការ នៃមន្ទីរមុខងារសាធារណៈខេត្តកណ្ដាល សម្រេចនាពេលកន្លងមក បានធ្វើឱ្យអង្គភាពមានការរីកចម្រើន និងសម្រេចបានសមិទ្ធផលជាបន្តបន្ទាប់។ ហើយឯកឧត្តមរដ្ឋមន្ត្រី បានជំរុញដល់ប្រធានមន្ទីរថ្មី ដែលទើបតែងតំាង ត្រូវបន្តដឹកនាំ និងខិតខំអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យសកម្ម សំដៅសម្រេចបាននូវជោគជ័យធំៗបន្ថែមទៀត តាមទិសដៅ និងបេសកកម្ម របស់ក្រសួងមុខងារសាធារណៈ ជាពិសេសត្រូវធ្វើជាសេនាធិការឱ្យយ៉ាងរឹងមាំជូនរដ្ឋបាលខេត្ត លើវិស័យមុខងារសាធារណៈ និងកំណែទម្រង់រដ្ឋបាលសាធារណៈ។

សូមបញ្ជាក់ថា៖ លោក លាង ច័ន្ទរង្សី ត្រូវបានតែងតាំង ជាប្រធានមន្ទីរមុខងារសាធារណៈខេត្តកណ្ដាលថ្មី ជំនួសលោក ប៉ុល ថូ ដែលត្រូវចូលកាន់មុខតំណែងថ្មី ជាអនុប្រធាននាយកដ្ឋានត្រួតពិនិត្យ និងវាយតម្លៃ នៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ ក្នុងក្របខណ្ឌក្រសួងមុខងារសាធារណៈ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *