ព័ត៌មានជាតិ

ស្នងការ​ខេត្ត​ស្វាយរៀង ចុះ​ធ្វើ​វេទិកា​សាធារណៈ​ជា​មួយ​ពលរដ្ឋ​ស្រុក​ចន្ទ្រា ក្រោយ​មាន​ពាក្យ​ច​ចាម​អារាម​ថា មាន​ក្រុមចោរ​ជិះ​រថយន្ត​ទម្លាក់​គ្នីគ្នា ឲ្យ​ដើរ​លួច​ព្រទ្យ​សម្បត្តិ​អ្នកស្រុក​

(​ស្វាយរៀង​)៖ ដើម្បី​ស្រាយ​មន្ទិលសង្ស័យ​របស់​បងប្អូន​ប្រជាពលរដ្ឋ នៅ​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ដែល​ថ្មីៗ​នេះ​លឺ​ពាក្យ​ច​ចាម​អារាម​តៗ​គ្នា​ថា មាន​ក្រុមចោរ​ជិះ​រថយន្ត​ទម្លាក់​គ្នីគ្នា​នៅ​ឃុំ​ព្រៃ​គគីរ ឲ្យ​ដើរ​លួច​ព្រទ្យ​សម្បត្តិ​របស់​ប្រជាពលរដ្ឋ​នោះ នៅ​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៩​នេះ លោក​ឧត្តមសេនីយ៍ទោ កឹង ឃ​ន ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង បាន​ដឹកនាំ​កងកម្លាំង​ក្រោម ឱវាទ​ពាក់ព័ន្ធ ចុះ​ធ្វើ​វេទិកាសាធារណៈ និង​ផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច ដល់​អាជ្ញាធរ ប្រជាពលរដ្ឋ និង​ប្រជា​ការពារ មកពី​៥​ភូមិ​នៃ​ឃុំ​ព្រៃ​គគីរ​។​

​លោក​ឧត្តមសេនីយ៍ទោ កឹង ឃ​ន បាន​ថ្លែងថា ដើម្បី​លើកកម្ពស់​ការងារ​សន្តិ​សុខ​សណ្តាប់ធ្នាប់​សង្គម និង​ដោះស្រាយ​កង្វល់​របស់​ពល​រដ្ឋ​នៅ​ថ្នាក់មូលដ្ឋាន ក្នុងនាម​លោក​ជា ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង បាន​ណែនាំ​ដល់​កងកម្លាំង​ជាប្រចាំ​ឲ្យខិត​ខំ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​ពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន នៃ​ខេត្ត​ស្វាយរៀង គឺ​ធ្វើ​យ៉ាង​ឲ្យ​ពលរដ្ឋ​រស់នៅ​បាន​សុខសាន្ត ជា​ពិសេស​បាន​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច ដែល​រាជរដ្ឋាភិបាល​បានចេញ ក្នុង​នោះ​កម្លាំង​បាន​ការពារ​សន្តិសុខ​បាន​ល្អប្រសើរ​ជូន​ប្រជាពលរដ្ឋ ក៏​ដូច​បាន​បង្ក្រាប​បទល្មើស​ផ្សេងៗ បាន​ជាច្រើន​ករណី​រាប់​ទាំង​ករណី​បង្ក្រាប​គ្រឿងញៀន ដ៏​ធំ​ឆ្លងដែន​ផងដែរ​។​

​លោកស្នងការ បានបញ្ជាក់​ថា បើ​មាន​ការសង្ស័យ​ជន​មិន​ស្គាល់​មុខ​ណា ចូល​ក្នុង​ភូមិ​ហើយ​គិត​ថា​មិនមែន​ជា​មនុស្ស​ល្អ​នោះ ត្រូវ​រាយ​ការ​ជា​បន្ទាន់​ទៅ​អាជ្ញាធរ​មូលដ្ឋាន ក៏ដូចជា​កងកម្លាំង​សមត្ថកិច្ច​ដែល​នៅ​កៀក​បំផុត ដើម្បី​ឲ្យ​សមត្ថកិច្ច​យើង​មក​សួរនាំ​ក្នុងន័យ​ពង្រឹង​សន្តិសុខ សុវត្ថិភាព​នៅ​មូលដ្ឋាន​ឲ្យ​កាន់​ប្រសើរឡើង​។​

​សូមបញ្ជាក់​ថា ក្នុងឱកាស​នោះ លោក​ឧត្តមសេនីយ៍​ស្នងការ បាន​ស្តាប់​ការលើកឡើង​ពី​ក្តីកង្វល់ និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​បាន​ពន្យល់​បកស្រាយ អំពី​សភាពការណ៍ និង​ពាក្យ​ចចាមអារ៉ាម​ដែល​កើតមាន ឡើង​កន្លងមក ដើម្បី​ឲ្យ​ពួកគាត់​បាន​យល់​ជ្រួតជ្រាប និង​ដោះស្រាយ​ពី​សំណូមពរ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែរ​៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *