ភ្នំពេញ ៖លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ បានប្រកាសវះកាត់មន្ត្រីណា ដែលកាងពីក្រោយបទល្មើសល្បែងស៊ីសងនៅមូលដ្ឋាន ដើម្បីព្រមានទប់ស្កាត់កុំឲ្យបទល្មើសប្រភេទនេះ នៅរាជធានីភ្នំពេញកើតឡើងតទៅទៀត។
លោក ឃួង ស្រេង បានណែនាំដល់មន្ត្រីក្រោមឱវាទ និងតាមមូលដ្ឋានទាំងអស់ ត្រូវបញ្ឈប់ជាបន្ទាន់ពីការទទួលសំណូករបស់ជនខិលខូចមួយចំនួន ដើម្បីបើកឱកាសឲ្យមានសកម្មភាពប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន បើពុំដូច្នេះទេនឹងត្រូវវះកាត់អស់បុណ្យសក្តិជាមិនខាន។
អភិបាលរាជធានីភ្នំពេញ បានថ្លែងដូច្នេះក្នុងពិធីប្រកាស ដាក់ឲ្យដំណើរការរដ្ឋបាលខណ្ឌបឹងកេងកង នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ហើយចាត់ទុកថា ការទទួលសំណូកពីជនល្មើសទាំងនោះ គឺជាទង្វើរខុសច្បាប់ដែលមិនអាចលើកលែងឲ្យបានឡើយ ហើយអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវដោះស្រាយបញ្ហាល្បែងស៊ីសងខុសច្បាប់នេះ ឲ្យខាងតែបានដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងសង្គម។
លោក ឃួង ស្រេង បានថ្លែងថា «ល្បែងស៊ីសងខុសច្បាប់សណ្តាប់ធ្នាប់សាធារណៈ កុំប៉ះពាល់លុយគេឲ្យសោះ បើប៉ះពាល់លុយគេ ដោះមិនចេញទេ អនុវត្តន៍មិចចេញ។ បើឯងយកលុយគេហើយ អាលូវអាចឹងៗៗ បែបប៉ះពាល់ដល់ការងាររបស់ខ្លួនហើយ ខ្ញុំនឹងតម្រឹមរឿងហ្នឹង បើប៉ះពាល់លុយគេចឹងទៀត ខ្ញុំត្រូវសារ៉េចេញ ចូលអភិក្រមចុងក្រោយ គឺវះកាត់ចេញ»។
នៅក្នុងឱកាសនោះដែរ លោកអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់អាជ្ញាធរ ខណ្ឌសង្កាត់ទាំងអស់ត្រូវចុះរុះរើស្លាកយីហោ បរទេសដែលខុសច្បាប់ សរសេរខុសពាក្យ ពេជន៍ គ្មានខ្លឹមសារ និងខុសទម្រងបែបជាភាសាជាតិ ត្រូវកាត់ចេញហើយយកមកអប់រំតាមផ្លូវច្បាប់ ដែលការពារតម្លៃវប្បធម៌ជាតិ និងសន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គម។
ជាមួយគ្នានេះ លោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង បានប្តេជ្ញាពង្រឹងកិច្ចសហការជាមួយ គណៈអភិបាលដើម្បីធានាប្រសិទ្ធភាព ក្នុងការដោះស្រាយបញ្ហាប្រឈមនានានៅក្នុងសង្គម ដូចជាការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានល្អមានគុណភាពខ្ពស់ ដោះស្រាយបញ្ហា សណ្តាប់ធ្នាប់សាធារណៈ លុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ និងកេ្មងទំនើងជាដើម ៕