ព័ត៌មានជាតិ

លោកអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រី ចុះផ្សព្វផ្សាយផ្ទាល់ដល់អាជីវករលក់សំបុត្រទូក អូរប័រ និងភ្ញៀវទេសចរណ៍ ឲ្យមានការយកចិត្តទុកដាក់ចំពោះបញ្ហាបម្រែបម្រួលអាកាសធាតុ​

ខេត្តព្រះសីហនុ. នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រី ចុះផ្សព្វផ្សាយផ្ទាល់ដល់អាជីវករលក់សំបុត្រទូក អូរប័រ និងភ្ញៀវទេសចរណ៍ទាំងអស់ ដែលមានបំណងធ្វើដំណើរទៅកាន់បណ្តាកោះនានាក្នុងខេត្តព្រះសីហនុ ឱ្យមានការយកចិត្តទុកដាក់ចំពោះបញ្ហាការប្រែប្រួលអាកាសធាតុ តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧត្តុនិយម ដោយបង្កើនការប្រុងប្រយ័ត្នក្នុងពេលធ្វើដំណើរ ដើម្បីជៀសវាងកើតមានគ្រោះថ្នាក់ដោយប្រការណាមួយ។

គួរបញ្ជាក់ផងដែរថា ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានដាក់ចេញនូវបទបញ្ជាជាថ្មីដល់សមត្ថកិច្ច និងស្ថាប័នដែលមានការពាក់ព័ន្ធត្រូវធ្វើការសហការគ្នាក្នុងការដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ឬភ្ញៀវទេសចរដែលជាប់គាំងនៅក្រុងកោះរ៉ុង ត្រឡប់មកកាន់ដីគោកវិញឱ្យបានត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ ដើម្បីបញ្ចៀសនូវហានិភ័យផ្សេងៗដែលអាចកើតឡើងជាយថាហេតុ ស្របតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២០ របស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថានៅតំបន់មាត់សមុទ្រ នឹងមានភ្លៀងខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី ២៤- ២៧ ខែកញ្ញា ឆ្នាំ២០២០៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *