ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ប្រកាសអន្តរក្រសួងលេខ ១០៧០ សហវ.ប្រក ស្តីពីការផ្តល់សេវាសាធារណៈ និងការពិន័យជាប្រាក់ដោយក្រសួងបរិស្ថាន

នៅព្រឹកថ្ងៃពុធ ៦ កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយប្រកាសអន្តរក្រសួងលេខ ១០៧០ សហវ.ប្រក ស្តីពីការផ្តល់សេវាសាធារណៈ និងការពិន័យជាប្រាក់ដោយក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមពីតំណាងសាលាដំបូងខេត្ត តំណាងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក​ នាយករងរដ្ឋបាលសាលាខេត្ត​ លោក លោកស្រី អភិបាល អភិបាលរងក្រុង ស្រុកទាំង១២ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំងបី និងមន្រ្តីជំនាញ នៃមន្ទីរបរិស្ថានខេត្ត។ ក្នុងពិធីបើកសិក្ខាសាលានេះ លោក អភិបាលរងខេត្ត បានលើកឡើងថា ដើម្បីចូលរួមពង្រឹងប្រសិទ្ធភាពសេវាបរិស្ថានខេត្តសៀមរាប ឲ្យកាន់តែល្អប្រសើរនោះ មានតែយើងរួមគ្នាពីគ្រប់មន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងវិស័យឯកជន ដោយត្រូវមានការចូលរួមសហការអនុវត្ត និងបង្កើនការយកចិត្តទុកដាក់ក្នុងវិស័យបរិស្ថាន ផ្តោតលើកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះឱ្យបានល្អ ក្នុងន័យសង្កត់ធ្ងន់ទៅលើចំណុចសំខាន់ៗដូចខាងក្រោម ៖ -ត្រូវតំកល់ប្រយោជន៍សាធារណៈជាធំ
-ត្រូវមានមនសិការវិជ្ជាជីវៈខ្ពស់ប្រកបដោយសីលធម៌ និងគុណធម៌ -ត្រូវផ្តល់សេវា ដោយគិតដល់ប្រយោជន៍ជាតិ
-ត្រូវមានការតាំងចិត្តខ្ពស់ក្នុងការផ្តល់សេវាសាធារណៈ
-ត្រូវផ្តល់កិច្ចសហការគ្នាឲ្យបានល្អប្រសើរក្នុងសកម្មភាព នៃការផ្តល់ សេវា ដោយជួយបំពេញអ្វីជាចំណុចខ្វះចន្លោះឲ្យគ្នាទៅវិញទៅមក។ ជាមួយគ្នានេះ លោក ក៏បានផ្តល់អនុសាសន៍មួយចំនួនដូចខាងក្រោម ៖ ១.រដ្ឋបាលក្រុង ស្រុក និងមន្ទីរ-អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវបន្តកិច្ចសហការជាមួយមន្ទីរបរិស្ថានក្នុងការផ្តល់សេវាសាធារណៈ និងការពិន័យជាប្រាក់ដោយក្រសួងបរិស្ថាន ដោយអនុវត្តន៍ឲ្យមានប្រសិទ្ធភាពខ្ពស់ និងផ្សព្វផ្សាយអំពីខ្លឹមសាររបស់ប្រកាសអន្តរក្រសួងលេខ ១០៧០ សហវ.ប្រក ឲ្យបានទូលំទូលាយ។ ២.រដ្ឋបាលក្រុង ស្រុក និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការណែនាំ និងផ្សព្វផ្សាយដល់អាជីវករ ក៏ដូចជាម្ចាស់គម្រោងនានា ឲ្យបានយល់អំពីសេវាសាធារណៈសម្រាប់វិស័យបរិស្ថានទៅតាមមន្ទីរជំនាញរៀងៗខ្លួន និងត្រូវធ្វើកិច្ចសន្យាការពារបរិស្ថាន ហើយក្នុងន័យពុំបានអនុវត្តតាមការណែនាំនឹងធ្វើត្រូវពិន័យអន្តរកាល។ ដោយ លន់ចាប

 

 

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *