ព័ត៌មានជាតិ

អាង​ទំនប់​អូរ​ច្រនៀង ក្នុង​ឃុំ​កំពង់ត្រាច​ខាងលិច ត្រូវបាន​អាជ្ញាធរ​ស្រុក​កំពង់ត្រាច​រៀបចំ​គម្រោង​ស្តារឡើងវិញ​

(​ខេត្ត​កំពត​)៖ អាង​ស្តុក​ទឹក​ត្រង់ចំណុច​ភូមិ​កំពង់ត្រាច​ទី​២ ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត ត្រូវបាន​អាជ្ញាធរ​ស្រុក រៀបចំ​គម្រោង​ស្តារ​ឡើងវិញ ដើម្បី​ស្តុក​ទឹក​សម្រាប់​ផ្គត់ផ្គង់​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​

​ក្នុង​ដំណើរ​ដឹកនាំ​មន្ត្រី​ចុះ​ពិនិត្យ គម្រោង​ស្តារ​ទំនប់ និង​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ជាង​៥០​គ្រួសារ កាលពី​រសៀល​ថ្ងៃ​ពុធ ៤​រោច ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០១៩ លោក អូន ខន អភិបាល នៃ​គណៈ​អភិបាល​ស្រុក​កំពង់ត្រាច បាន​លើកឡើង​ថា គម្រោង​ស្តារ​អាង​ទំនប់​ទឹក​នេះ​មាន​ទំហំ​បណ្ដោយ​ប្រវែង​៤០០​ម ចាប់ពី​ចំណុច​ទ្វារ​ទឹក​ខាងត្បូង​ទៅ​ដល់​កូន​ប្រឡាយទឹក​ប៉ែក​ខាងជើង និង​ទទឹង​ប្រវែង​២៥​ម ជម្រៅ​២,៥០​ម និង​មួយ​ខ្សែ​ទៀត​មាន​ទំហំ​បណ្ដោយ​ប្រវែង​២០០​ម ចាប់ពី​ចំណុច​ទ្វារ​ទឹក​ទៅ​ប៉ែក​ខាងលិច ទទឹង​ប្រវែង​២៥​ម ជម្រៅ​២,៥០​ម​
​ដោយ​អាង​ទំនប់​ទឹក​នេះ អាច​បម្រើ​ជូន​សេចក្ដីត្រូវការ​របស់​ប្រជាពលរដ្ឋ​ចំនួន​៣​ភូមិ គឺ​ភូមិ​អូរ​ច្រនៀង ភូមិ​កំពង់ត្រាច​ទី​២ និង​ភូមិ​ដើម​ចារ នៃ​ភូមិសាស្ត្រ​ឃុំ​កំពង់ត្រាច​ខាងលិច​។

​សូម​បញ្ជាក់​ជូន​ថា គម្រោង​ស្តារ​អាងទឹក​ទំនប់​នេះ ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ​ស្នើឡើង​ក្នុង​វេទិកាសាធារណៈ​ថ្នាក់​ជាតិ​កាលពី​ចុងឆ្នាំ​២០១៧ នៅ​វត្ត​កោះ​ព្រះធម៌ ហៅ​វត្ត​តូប ភូមិ​អូរ​ច្រនៀង ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត ក្រោម​អធិបតីភាព​របស់ លោក អូន ខន អភិបាល​ស្រុក​កំពង់ត្រាច និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍ នៃ​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​កំពង់ត្រាច​៕ សេង ណា​រិទ្ធ​

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *