ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែ និងមណ្ឌលសុខភាពក្នុងស្រុកក្រឡាញ់

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃពុធ ៨រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា សៀមរាប បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់ និងតំណាងមណ្ឌលសុខភាពចំនួន៨ក្នុងស្រុកក្រឡាញ់ មាន៖

១- មន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់
២- មណ្ឌលសុខភាព ក្រូចគរ
៣- មណ្ឌលសុខភាព រោងគោ
៤- មណ្ឌលសុខភាព តាអាន
៥- មណ្ឌលសុខភាព កំពង់ថ្កូវ
៦- មណ្ឌលសុខភាព ស្រណាល
៧- មណ្ឌលសុខភាព សំពៅលូន
៨- មណ្ឌលសុខភាព សំបួរ
៩- មណ្ឌលសុខភាព គោកស្នួល

ដែលមណ្ឌលសុខភាពខាងលើ ជាមណ្ឌលសុខភាពមានការខ្វះខាតអាល់កុល និងម៉ាស់ ប្រើប្រាស់ក្នុងការបំពេញការងារ ហើយការជួបសួរសុខទុក្ខនេះ គឺជាការរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរលាកសួតប្រភេទថ្មី (Covid-19) ដោយឯកឧត្តមបាននាំយកអាល់កុល និងម៉ាស់ ដែលទទួលបានពីកាកបាទក្រហមកម្ពុជា ផ្ដល់ជូនដល់ មន្ទីរពេទ្យបង្អែកស្រុក និងមណ្ឌលសុខភាពចំនួន៨ ផ្សេងទៀតក្នុងភូមិសាស្ត្រស្រុកក្រឡាញ់ ដែលជាស្រុកមួយមានបងប្អូនប្រជាពលករមកពីធ្វើការនៅប្រទេសជិតខាងរហូតដល់ជិត ៣ពាន់នាក់ (គិតត្រឹមព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះ)។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិយព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់លោកគ្រូ អ្នកគ្រូពេទ្យនៅតាមមណ្ឌលសុខភាពខាងលើ និងបានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូពេទ្យមណ្ឌលសុខភាពខាងលើ ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការពិគ្រោះយោបល់ មើលថែ និងព្យាបាលសុខភាពដូនដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ពិសេសការផ្ដល់សារអប់រំផ្សព្វផ្សាយអំពីជំងឺរលាកសួតប្រភេទថ្មី (Covid-19) ជូនដល់បងប្អូនប្រជាពលករដែលទើបត្រលប់មកពីប្រទេសជិតខាង និងប្រជាពលរដ្ឋទូទៅ។ ឯកឧត្តមបន្តថា អាល់កុល និងម៉ាស់ ដែលបានផ្ដល់ជូននាពេលនេះសាខាទទួលបានពីកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ហើយការផ្ដល់ជូននេះជាចំនួនមានកំណត់ តែនៅក្នុងដំណាក់កាលនេះយើងចាំបាច់ត្រូវចែករំលែកគ្នា ព្រោះស្ទើរតែគ្រប់មណ្ឌលសុខភាពគឺមានការខ្វះខាតដូចគ្នា ហើយនេះពិតជាការបង្ហាញពីការយកចិត្តទុកដាក់គិតគូរពីសំណាក់ថ្នាក់ដឹកនាំ ពិសេសកាកបាទក្រហមកម្ពុជា ក្នុងការចូលរួមប្រយុទ្ធនឹងជំងឺរលាកសួតប្រភេទថ្មី (Covid-19) នេះ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអនុប្រធាន ក៏បានអញ្ជើញសួរសុខទុក្ខ និងផ្ដល់ជូននូវអំណោយមនុស្សធម៌មួយចំនួនផងដែរដល់អ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់នេះ។

សម្ភារដែលបានផ្ដល់ជូនក្នុង១មណ្ឌលសុខភាពមាន៖ អាល់កុល ៥លីត្រ ម៉ាស់១០កញ្ចប់ស្មើនឹង៥០០ និងក្រមារម្នាក់១សម្រាប់លោកគ្រូ អ្នកគ្រូពេទ្យ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *