រាជធានីភ្នំពេញ៖ ក្រោយពីជំងឺកូវីដ-១៩ កំពុងមានកំណើន នៃការឆ្លងនៅកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើការអំពាវនាវ ទៅដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ថា កុំមានការរើសអើងបក្ខពួក និងពណ៌សម្បុរ ចំណែកអ្នកបង្ហោះព័ត៌មានមិនពិត ជុំវិញបញ្ហា កូវីដ-១៩ នឹងត្រូវទទួលខុសត្រូវមុខច្បាប់ជាមិនខាន។
ក្រោយបញ្ចប់កិច្ចប្រជុំ ស្ដីពី វិធានការណ៍ការពារជំងឺ កូវីដ-១៩ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ នៅទីស្ដីការ ក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា នាពេលកន្លងមក រាជរដ្ឋាភិបាល ក៏បានធ្វើការណែនាំ ដល់ប្រជាជនកម្ពុជា មិនត្រូវបែងចែកជាតិសាសន៍ឡើយ ជាពិសេស មិនត្រូវរើសអើងផងដែរ។
ប្រសាសន៍សម្ដេចក្រឡាហោម «សម្ដេចតេជោលោក បានណែនាំថា មិនត្រូវចែកខ្មែរឥស្លាម ខ្មែរនេះ ខ្មែរនោះទេ គឺបងប្អូនខ្មែរ យើងបានផ្សាយហើយ។ ក្នុងសេចក្ដីណែនាំ របស់ក្រសួងមហាផ្ទៃ ទៅតាមខេត្តបញ្ជាក់ចំណុចនេះ ផងដែរ គឺថា មិនត្រូវរើសអើងទេ ហើយមិនត្រឹមខ្មែរឥស្លាមទេ ជនជាតិណាក៏ដោយ ដែលបានមកម្ពុជា ជួបបញ្ហានឹង (កូវីដ-១៩) យើងក៏មិនត្រូវរើសអើងដែរ»។
សម្ដេចក្រឡាហោមបន្ដថា «ដូចខ្ញុំបានបញ្ជាក់ថា នៅក្នុងពេលហ្នឹង ដែលសាកលលោកទាំងមូល កំពុងតែសាមគ្គីគ្នា ដើម្បីទប់ស្កាត់ជំងឺនឹង(កូវីដ-១៩) ហើយខ្មែរយើងក៏ដូចគ្នាដែរ។ ខ្ញុំនៅបន្ដអំពាវនាវថា ទុកដាក់ផលប្រយោជន៍បុគ្គលដោយឡែកទៅផលប្រយោជន៍ ក្រុមបក្ខពួក និងពណ៌សម្បុរដោយឡែកសិនទៅដើម្បីរួមគ្នាសិន»។
ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង លើកឡើងថា ចំពោះអ្នករិះគន់រាជរដ្ឋាភិបាល តាមបែបប្រជាធិតេយ្យ រដ្ឋាភិបាលស្វាគមន៍ និងទទួលយក។ ជាពិសេស អ្នករិះគន់ រដ្ឋាភិបាល និងបង្ហោះព័ត៌មានមិនពិត ជុំវិញបញ្ហា កូវីដ-១៩ នាំឲ្យច្របូកច្របល់សង្គមជាតិ នឹងទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ។
ប្រសាសន៍សម្ដេចក្រឡាហោម «ព័ត៌មានពិត យើងសូមស្វាគមន៍ ព័ត៌មានពិតនេះថា ជួនអីគេប្រឆាំងរដ្ឋាភិបាល ក្នុងក្របខណ្ឌប្រជាធិបតេយ្យ។ រដ្ឋាភិបាលមិនយកចិត្តទុកដាក់ ស្អីៗអីចឹង អាហ្នឹងជាព័ត៌មានពិត។ ប៉ុន្ដែមួយទៀត ព័ត៌មានវាអត់មានទេ រួចហើយគាត់បំផុស អាហ្នឹងខ្ញុំសូមមេត្តាកាត់បន្ថយ ឈានទៅលុបបំបាច់ ដើម្បីយើងរួមគ្នា ការពារជីវិតសង្គមរបស់យើង ប្រជាជនរបស់យើង ឥឡូវនឹងមានបញ្ហា(កូវីដ-១៩) ហើយប្រហែលជាអាចនឹង តាមច្បាប់របស់យើង ជាធរមានអាចថា អ្នកទាំងឡាយណានៅតែប្រើប្រាស់ វោហាស័ព្ទបង្កបញ្ហាច្របូកច្របល់ ទទួលខុសត្រូវចំពោះមុខច្បាប់»។
ជាមួយគ្នានោះសម្តេចក្រឡាហោមបាន អះអាងថា រាជរដ្ឋាភិបាលនឹងបន្ដដោះស្រាយ បញ្ហាប្រឈមការលំបាកពលរដ្ឋ ដោយមិនរត់ចោលពលរដ្ឋ។ ហើយសម្ដេចក្រឡាហោមក៏បានបញ្ជាក់ថា ឥឡូវនេះយកវិធានការធំបំផុត ការពារអាយុជីវិតពលរដ្ឋ ខណៈជំងឺ កូវីដ-១៩ មានការកើនឡើង ហើយរហូតដល់ពេលនេះ មិនមានពលរដ្ឋខ្មែរណាម្នាក់ ស្លាប់ដោយ កូវីដ-១៩ទេ។
ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង រំលឹកថា នាពេលកន្លងមក រាជរដ្ឋាភិបាលហាមឃាត់ ជនជាតិមួយចំនួន ដូចជា អឺរ៉ុប អាមេរិក អ៊ីរ៉ង់ មិនឲ្យចូលស្រុកខ្មែរ។ ដោយឡែក ជនជាតិថៃ រាជរដ្ឋាភិបាលមិនទាន់មានគោលការណ៍ បិទច្រកព្រំដែនឡើយ ខណៈរាជរដ្ឋាភិបាល បានបិទច្រកព្រំដែនជាមួយប្រទេសវៀតណាមផងដែរ៕