ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី បានបើកកិច្ចប្រជុំ ស្តីពីការបង្ការ និងទប់ស្កាត់ការរាតត្បាត នៃជម្ងឺកូវិដ១៩ ក្រោមអធិបតីភាព ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកនាយក នាយរងរដ្ឋបាលខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក ប្រធានច្រកព្រំដែនទ្វេភាគីដាក់ដាំ ឡាប៉ាខេ និងណាំលៀរ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា ដោយកន្លងមកអាជ្ញាធរខេត្តបានដាក់វិធានការត្រួតពិនិត្យលើអ្នកធ្វើដំណើរចេញចូលក្នុងខេត្តមណ្ឌលគិរី ជាពិសេសភ្ញៀវបរទេស ជាលទ្ធផល នៃការត្រួតពិនិត្យរបស់មន្រ្តីជំនាញសុខាភិបាលខេត្តមណ្ឌលគិរី ពុំមានអ្នកឆ្លងជម្ងឺកូវិដ១៩ទេ ហើយអាជ្ញាធរខេត្តបានដាក់វិធានបន្តដល់កម្លាំងសមត្ថកិច្ច និងមន្រ្តីជំនាញសុខាភិបាលត្រួតពិនិត្យនៅតាមគោលដៅក្រុងស្រុកទាំងប្រាំ តាមច្រកព្រំដែន និងនៅតាមព្រំប្រទល់រវាងខេត្តក្រចេះនឹងខេត្តមណ្ឌលគិរី រវាងខេត្តរតនៈគិរី នឹងខេត្តមណ្ឌលគិរី ធ្វើការត្រួតពិនិត្យលើអ្នកធ្វើដំណើរចេញចូល ។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអំពាវនាវស្នើរដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រជាពលរដ្ឋទូទាំងខេត្តមណ្ឌលគិរី ចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាត នៃជម្ងឺកូវិដ១៩ ដោយអនុវត្តន៍ទៅតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចខាងក្រោម៖
១.ត្រូវស្វាគមន៍គ្នាគោរពគំនាប់ ឬលើកដៃសំពះតាមទំនៀមទម្លាប់ខ្មែរ ចៀសវាងការចាប់ដៃ។
២.ត្រូវលាងសម្អាតជាមួយសាប៊ូ និងទឹកស្អាត ឬអាកុល លាងដៃឲ្យបានញឹកញាប់មុនពេលបរិភោគអាហារ មុនយកដៃទៅប៉ះពាល់មុខ ឬបន្ទាប់ពីចូលបន្ទប់ទឹករួច។
៣.រៀបចំឲ្យមានកំប៉ុងអាកុល ឬសាប៊ូសម្រាប់លាងដៃនៅគ្រប់អង្គភាព និងអនាម័យជាប្រចាំតាមបន្ទប់សាលប្រជុំ ដោយប្រើថ្នាំសម្លាប់មេរោគ ឬសាប៊ូឱ្យបានត្រឹមត្រូវ និងញឹកញាប់។
៤.បើមានរោគសញ្ញាណាមួយដូចជា គ្រុនក្តៅ ហៀរសំបោរ ឈឺបំពង់ក ក្អក កណ្ដាស់ ពិបាកដកដង្ហើម ត្រូវទៅពិនិត្យព្យាបាលជំងឺនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិត។
៥.នៅពេលក្អក កណ្ដាស់ ត្រូវខ្ទប់មាត់ច្រមុះដោយប្រើកន្សែង ក្រម៉ា កែងដៃ ឬក្រដាសរួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវបន្ទាប់មកត្រូវលាង សម្អាតដៃនឹងសាប៊ូ ឬអាកុល។
៦.ពេលប្រាស្រ័យទាក់ទង ជាមួយបុគ្គលដែលមានរោគសញ្ញាដូចជា គ្រុនក្តៅ ក្អក កណ្ដាស់ ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម ត្រូវរក្សាចម្ងាយសុវត្ថិភាពលើសពី ១.៥ ម៉ែត្រ និងតម្រូវឲ្យគាត់ពាក់ម៉ាស។
៧.ចំពោះមន្ត្រីទៅប្រឡប់មកពីបណ្ដាប្រទេស ដែលកំពុងរីករាលដាលខ្លាំងនៃជម្ងឺកូវិដ១៩ ត្រូវដាក់ខ្លួនឲ្យនៅដោយឡែករយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃដែលបានមកដល់ព្រះរាជាណាចក្រកម្ពុជាវិញ។
៨.រាល់បេសកកម្មក្រៅប្រទេសត្រូវផ្អាកមួយរយៈពេល ចាប់ពីថ្ងៃទទួលបានសេចក្តីណែនាំនេះតទៅ លើកលែងតែករណីចាំបាច់និងមានការយល់ព្រមពីក្រសួង។
៩.អង្គភាពចំណុះក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ត្រូវតាមដាននិងរាយការណ៍ជាប្រចាំអំពីស្ថានភាពសុខភាពមន្ត្រីរបស់ខ្លួន ។ក្នុងករណីមន្ត្រីណាមានការសង្ស័យដោយមានរូបសញ្ញាស្រដៀងនឹងជម្ងឺកូវិដ១៩ត្រូវទូរស័ព្ទជាបន្ទាន់ទៅលេខ១១៥៕