ខេត្តព្រះវិហារ ៖ ទិវាជាតិនៃការចងចាំ” ជូនជនរួមជាតិ ដែលបានបាត់បង់ជីវិតដោយឧក្រិដ្ឋកម្មក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(១៧/មេសា/១៩៧៥ ដល់ ០៦/មករា/១៩៧៩) បានប្រារព្ធពិធីនៅមណ្ឌលឧក្រិដ្ឋកម្ម ១០៣ ក្នុងស្រុករវៀង ខេត្តព្រះវិហារ នាថ្ងៃចន្ទ ០២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ។
ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមជាមួយ ឯកឧត្តម ប្រតិភូអមដំណើរ ឯកឧត្តម ទេសរដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ មន្ត្រីរាជការ កងកម្លាំងទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋចូលរួមសរុប ១,១០០នាក់ ក៏បានអញ្ជើញចូលរួមផងដែរ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី មាស សុភា បានបញ្ជាក់អោយដឹងថា ថ្ងៃទី២០ ឧសភា នេះគឺជា “ទិវាជាតិនៃការចងចាំ” ដែលរំលឹកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលបានកើតឡើងក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត និងចង់បន្សល់ទុកដល់ក្មេងៗជំនាន់ក្រោយអោយបានដឹង និងចូលរួមជួយទប់ស្កាត់កុំអោយរបបនេះកេីតមានឡេីងសារជាថ្មីម្ដងទៀត។
ឯកឧត្តម បានបន្តថា គោលបំណនៃ “ទិវាជាតិនៃការចងចាំ” គឺ បង្កើតឡើងដើម្បីរំលឹក និងគោរពវិញ្ញាណក្ខន្ធ និងធ្វើបុណ្យឧទ្ទិសកុសលដល់ជនរងគ្រោះដែលបានស្លាប់ជាង ៣លាននាក់ នៅក្នុងរបបប៉ុលពតដ៏សែនឃោរឃៅនេះ។
ប្រជាពលរដ្ឋកម្ពុជាភាគច្រើនបានដឹង និងបានយល់ច្បាស់អំពីរឿងរ៉ាវសោកនាដកម្ម ដ៏សែនជូរចត់ ដែលប្រជាពលរដ្ឋខ្មែរមួយប្រទេសបានឆ្លងកាត់ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ បំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វ គ្មានពេលសម្រាក ពេលឈឺគ្មានថ្នាំព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋាន មានតាំងពីកំណើតរបស់មនុស្សក៏គ្មានដែរ។
សព្វថ្ងៃនេះ ក្រោយពីកម្ពុជាមានសន្តិភាពផុតពីសង្គ្រាម គឺពលរដ្ឋរស់នៅសុខស្រួលជាមួយក្រុមគ្រួសារ ហើយមានការងារ និងមុខរបបរធ្វើទៅតាមសមត្ថភាព និងចំណង់ចំណូលចិត្តរៀងៗខ្លួន ជាមួយនឹងជីវភាពរស់នៅធូរធារសមរម្យ៕