ព័ត៌មានជាតិ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុងពិធីខួបអនុស្សាវរីយ៍លើកទី១០៩ នៃទិវាអន្តរជាតិនារី ៨ មីនា ក្រោមប្រធានបទ “មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ” នៅក្រសួងផែនការ

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីខួបអនុស្សាវរីយ៍លើកទី១០៩ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ “មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ” នៅទីស្តីការក្រសួងផែនការ នារសៀលថ្ងៃ សុក្រ ៦កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។

ថ្លែងក្នុងឱកាសនៃពិធីអបអរសាទរនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា ៖ ប្រធានបទឆ្នាំនេះគឺពិតជា មានសារៈសំខាន់ណាស់ព្រោះ កត្តាសុខសន្តិភាពពិតជាសំខាន់ណាស់ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ មានសុខសន្តិភាព គឺយើងមានអ្វីៗទាំងអស់ និងមានការលើកម្ពស់សមភាពយេនឌ័រ ដែលយើងទាំងអស់គ្នាបានប្រារព្ធ ពិធីអបអរនាពេលនេះ ។

លោកជំទាវក៏ បានរំលឹកអំពីប្រវត្តិចលនាតស៊ូជាបន្តបន្ទាប់របស់នារីនៅលើពិភពលោក ទាមទារឲ្យមានការគោរពសិទ្ធិស្ត្រីនៅក្នុងសង្គម និងសិទ្ធិក្នុងការចូលរួមបោះឆ្នោតរហូតទទួលបានជោគជ័យ ហើយអង្គការសហប្រជាជាតិបានបញ្ចូលប្រធានបទនេះជាផ្លូវការទិវាអន្តរជាតិ ៨ មីនា ដែលត្រូវបានប្រទេសសមាជិក ប្រារព្ធពិធីអបអរសាទរជារៀងរាល់ឆ្នាំ។

លោកជំទាវក៏បានវាយតម្លៃខ្ពស់ចំពោះលក្ខណៈសម្បត្តិនារីកម្ពុជាប្រកបដោយសមត្ថភាព ដោយស្មារតីទទួលខុសត្រូវ និងអំណត់តស៊ូព្យាយាមគ្រប់ការងារ និងគ្រប់កាលៈទេសៈ ដែលបានចូលរួមតស៊ូយ៉ាងសកម្មក្នុងសម័យសង្គ្រាម កាលពីអតីតកាល ក្នុងការការពារទប់ស្កាត់នូវការវិលត្រលប់មកវិញនៃរបប ប៉ុល ពត រហូតមកដល់បច្ចុប្បន្ន ដែលមានតម្លៃជាសាកល ពោលគឺស្ត្រីជាកម្លាំងចលករជំរុញកិច្ចអភិវឌ្ឍន៍គ្រួសារ និងអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចជាតិ។ ហេតុដូច្នេះហើយ ទើបរាជរដ្ឋាភិបាលដែលមានសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញជាផែនយការយុទ្ធសាស្ត្រ ក៏ដូចជាអានុសាសន៍ផ្សេងៗ ដើម្បីសំដៅលើកកម្ពស់នារីនៅតាមស្ថាប័ន ក្រសួង មន្ទីរ គ្រប់អង្គភាពសាធារណៈ ក្នុងគោលបំណងជំរុញការចូលរួមរបស់ស្ត្រី ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងសង្គមជាតិ។

លោកជំទាវក៏បានសំណូមពរឲ្យ៖
ទី១.មន្ត្រីរាជការនៃក្រសួងផែនការទាំងអស់ ពិសេស នារីដែលទទួលបានការលើកទឹកចិត្តពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំក្រសួង ក្នុងការតែងតាំងត្រូវចេះសាមគ្គីភាពគ្នា ពិសេស គឺអនុវត្តតាមអានុសាសន៍របស់សម្តេចតេជោ១១ចំណុច ក្នុងពិធីបិទកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលពាក់ព័ន្ធនឹងក្រសួងផែនការ។
ទី២.ត្រូវអនុវត្តនូវទិសស្លោក អរគុណសន្តិភាព ដោយមានការចូលរួមមន្រ្តីរាជការយើងទាំងអស់គ្នា។
ទី៣.ប្តេជ្ញាដោះស្រាយនូវរាល់បញ្ហាដែលក្រសួងផែនការបានដាក់ចេញ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *