ព័ត៌មានជាតិ

រដ្ឋបាល​ខេត្ត​កែប ប្រារព្ធ​ទិវា​សត្វ​ស្លាប​ទេសន្តរប្រវេសន៍​ពិភពលោក​២០១៩ ក្រោម​ប្រធានបទ​”​ការពារ​សត្វ​ស្លាប ជា​ដំណោះស្រាយ​ចំពោះ​ការបំពុល​ដោយ​ប្លា​ស្ទិក​”

(​ខេត្ត​កែប​)៖ ការ​ប្រារព្ធ​ទិវា​សត្វ​ស្លាប​ទេសន្តរប្រវេសន៍​ពិភពលោក​២០១៩ ក្រោម​ប្រធានបទ​”​ការពារ​សត្វ​ស្លាប ជា​ដំណោះស្រាយ​ចំពោះ​ការបំពុល​ដោយ​ប្លា​ស្ទិក​”​ត្រូវបាន​រៀបចំឡើង​ដោយ​មន្ទីរ​បរិស្ថាន​ខេត្ត​កែប នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប និង លោក ស្រ៊ុន ដា​រិទ្ធិ រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន អមដំណើរ​ដោយ​លោក លោកស្រី ជា​អភិបាលរង​ខេត្ត ប្រធាន អនុប្រធាន មន្ទីរ​អង្គភាព​ជំ​ុ​វិញ​ខេត្ត កងកម្លាំង​ទាំង​បី លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ក្នុង​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយា​វង្ស​ទាំងមូល​។​

​មានប្រសាសន៍​ក្នុង​អង្គ​ពិធី​នេះ លោក កែ​ន សត្ថា អភិបាលខេត្ត​កែប បាន​គូសបញ្ជាក់ថា ខេត្ត​កែប​ជា​ខេត្ត​មួយ​ក្នុងចំណោម​ខេត្ត​ទាំង​បួន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​មាន​ឆ្នេរសមុទ្រ ដោយ​ខេត្ត​នេះ​សំបូរ​ដោយ​ធនធានធម្មជាតិ​និង​ជីវចម្រុះ​គ្រប់​ប្រភេទ ហើយ​ខេត្ត​កែប ក៏​ជា​ខេត្ត​មួយ​ដែល​មាន​ឆ្នេរសមុទ្រ​ប្រវែង​សរុប ២៦,៥០​គីឡូម៉ែត្រ និង​មាន​កោះ​សរុប​ចំនួន​១៣​កោះ មាន​ព្រៃកោងកាង​ចំនួន​បី​កន្លែង ដែល​មាន​ក្រឡា​ផ្ទៃ​ចំនួន​១.០០៥​ហិកតា ស្មៅ​សមុទ្រ ៣.០៩៥​ហិកតា ផ្កា​ថ្ម ៥២,៥០​ហិកតា ស្រែអំបិល​ទំហំ ១.០៤០​ហិកតា និង​តំបន់ការពារធម្មជាតិ​មាន​មួយកន្លែង គឺ​ឧទ្យាន​ជាតិ​កែប​មាន​ផ្ទៃដី​ទំហំ ១.០៥២​ហិកតា​។​

​ដោយ​ភាពស្រស់ស្អាត និង​សំបូរបែប​នៃ​ធនធាន​ធម្មជាតិ​ដូចជា​ឆ្នេរសមុទ្រ ព្រៃកោងកាង ស្មៅ​សមុទ្រ តំបន់​ផ្កាថ្ម ព្រៃឈើ និង​ប្រជុំ​កោះ ដែល​ធ្វើឲ្យ​ខេត្ត​កែប​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​មួយ​ដ៏​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​។​

​លោក​អភិបាលខេត្ត​បាន​បន្ថែមថា ប្រព័ន្ធ​អេកូឡីសី​ុ​តំបន់ឆ្នេរ និង​តំបន់ដីសើម​ជាពិសេស​ព្រៃកោងកាង វាល​ឆ្នេរ និង​វាលភក់​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការរក្សា​លំនឹង​បរិស្ថាន ការ​ស្រូបយក​កាបូ​ន និង​ផ្តល់​ជា​ធនធាន​នេសាទ​ដែល​ចូលរួម​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជា​នេសាទ​មូលដ្ឋាន​។​ដូច្នេះ​តំបន់ដីសើម​មានដូចជា​ព្រៃកោងកាង ស្មៅ​សមុទ្រ វាល​ភក់ វាល​ខ្សាច់ គឺ​ផ្តល់​ជា​ទីជម្រក​ដ៏​សំខាន់ និង​ផ្តល់​ចំណីអាហារ​ដល់​សត្វ​ស្លាប​ទេសន្តរប្រវេសន៍​។​

​ក្នុងឱកាស​នោះ លោក ស្រ៊ុន ដា​រិទ្ធិ រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បាន​លើកឡើង​ថា ទិវា​សត្វ​ស្លាប​ទេសន្តរប្រវេសន៍​នេះ ត្រូវបាន​គេ​ប្រារព្វ​ឡើង​ទូ​ទាំង​ពិ​លោក​ជា​រៀងរាល់ឆ្នាំ ចាប់ពី​ឆ្នាំ​២០០៦​មក​ម្លេះ ដោយ​បាន​ជ្រើសរើស​ថ្ងៃទី​១០ ខែ​ឧសភា ដើម្បី​ប្រារព្ធ​ទិវា​នេះ​ទៅ​តាម​ប្រធានបទ ដែល​បាន​កំណត់​ផ្សេងៗ​គ្នា ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដែល​ឆ្នាំ​នេះ​ប្រធានបទ​គឺ​”​ការពារ​សត្វ​ស្លាប ជា​ដំណោះស្រាយ​ចំពោះ​ការបំពុល​ដោយ​ប្លា​ស្ទិក​”​។​

​លោក​បាន​បន្តទៀតថា ពេល​នេះ​កម្ពុជា​កំពុងតែ ចូល​រួន​ជាមួយ​ពិភពលោក​ទាំងមូល ក្នុងការ​ប្រារព្ធ​ទិវា​សត្វ​ស្លាប​ទេសន្តរប្រវេសន៍​ពិភពលោក​២០១៩​។ ទិវា​នេះ​គឺជា​គោលបំណង​បង្កើន​ការយល់ដឹង​ដល់​ប្រជាពលរដ្ឋ ពី​បញ្ហា​ចម្បង​នៃ​សំណល់​ប្លា​ស្ទិក​ដែល​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​សត្វ​ស្លាប​ទេសន្តរប្រវេសន៍​។​

​ដូច្នេះ​យើង​ត្រូវ​ចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិក ហើយ​លើក​ទឹកចិត្ត​ដល់​សាធារណជ​នឲ្យចូលរួម​ការពារ​ទីជម្រក និង​កន្លែង​រក​ចំណី​របស់​សត្វ​ស្លាប​ទេសន្តរប្រវេសន៍ ដោយ​ទុកដាក់​សំណល់​ប្លា​ស្ទិក​ឲ្យបាន​ត្រឹមត្រូវ ដើម្បី​កុំឲ្យ​មានស​ត្វ​ស្លាប​ទេសន្តរប្រវេសន៍ ឬ​ជីវចម្រុះ​ដទៃ​ទៀត​រងរបួស និង​ស្លាប់​ដោយសារ​ការបំពុល​ដោយ​សំណល់​ប្លា​ស្ទិក​។​

​ដោយឡែក នៅ​ព្រឹក​ថ្ងៃ​ដដែល បន្ទាប់​ពី​ប្រារព្ធ​ទិវា​សត្វ​ស្លាប​ទេសន្តរប្រវេសន៍ គណៈអធិបតី​ក្នុង​អង្គពិធី​ទាំងមូល​ក៏​បាន​ចូលរួម​ដាំ​កូន​ឈើ និង​ដាំ​ដើម​ផ្កា​ចម្រុះ​ពណ៌ នៅក្នុង​បរិវេណ​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយា​វង្ស និង​នៅតាម​ដងផ្លូវ​ជាតិ​លេខ​33A ដើម្បី​តាក់តែង​លម្អ​សោភណភាព​ទីក្រុង​ទេសចរណ៍​ឲ្យ​កាន់តែ​មាន​ភាព​ស្រស់បំព្រង​៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *