ព័ត៌មានជាតិ

​ភ្ញៀវ​ទេសចរ​បាន​និង​កំពុង​សម្រុក​មក​សម្រាក លម្ហែ​ក្នុង​ខេត្ត​កែប កាន់តែ​ទ្វេដង ខណៈ​សមិទ្ធផល​ជាច្រើន​ត្រូវបាន​បង្ហាញ​ជា​រូបរាង​

(​ខេត្ត​កែប​)៖ បច្ចុប្បន្ន​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​បាននិងកំពុង​សម្រុក​ម​ក​សម្រាក ល​ម្ហែ កម្សាន្ត​កាន់តែ​ច្រើនឡើង ខណៈ​សមិទ្ធផល​ជាច្រើន​ត្រូវបាន​រំ​លេចចេញ​ជា​រូបរាង ពិសេស​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់​ជាដើម​។​

​បើ​យើង​សង្កេត​នៅតាម​ដងផ្លូវ​សាធារណៈ ទូទាំង​ខេត្ត ត្រូវបាន​អាជ្ញាធរ​ខេត្ត​ជំរុញ​ដល់​ដល់​ផ្នែក​ជំនាញ​រៀបចំតាក់តែង កែលម្អ​ប្រកបដោយ​ភាពស្រស់ស្អាត ដូច​ជា​ការស្ថាបនា​ផ្លូវ​យ៉ាង​ធំ​ទូលាយ​ប្រកបដោយ​គុណភាព តាក់តែង​លម្អ​សួនច្បារ​នៅ​ចំ​កណ្តាល​ទ្រូងផ្លូវ ដោយ​ដាំ​ផ្កា​ចម្រុះ​ពណ៌ និង​ដាំ​បង្គោល​ភ្លើង​សម្រាប់​បំភ្លឺ​ក្នុង​ពេល​រាត្រី​។​

​ដោយសារ​ខេត្ត​កែប​ត្រូវបាន​ស្ថាបនា​ផ្លូវ​ជា​ច្រើន​ខ្សែ​សុទ្ធតែ​ធំ​ទូលាយ ពិតជា​បាន​ទាក់ទាញ​ក្រុម​អ្នក​ទេសចរណ៍ ឲ្យមក​សម្រាក លម្ហែ​កាន់តែ​ច្រើនឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។​ព្រោះតែ​ភាព​លេចធ្លោ ខេត្ត​កែប​ត្រូវបាន​ទទួល​នូវ​ជ័យលាភី​ជា​បន្តបន្ទាប់ ដូចជា​ពានរង្វាន់​ឆ្នេរ​ស្រស់ស្អាត​ជាង​គេ​លើ​ពិភពលោក ជ័យលាភី​ទីក្រុង​ស្អាត ផ្ការំដួល​បី​ទង​ផ្ទួនៗ​គ្នា ជាដើម​។​ល​។​

​យ៉ាងណាមិញ​ខេត្ត​កែប ក្រោម​ការដឹកនាំ​ដ៌​ឈ្លាសវៃ​ពី​សំណាក់ លោក កែ​ន សត្ថា អភិបាលខេត្ត​កែប និង​មាន​ការជំរុញ​ដល់​មន្ទីរ​ជំនាញ​នានា ពិសេស​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កែប បាន​ពុះពារ​អនុវត្ត ស្ថាបនា​ផ្លូវ​ជា​ច្រើន​ខ្សែ ចាប់ពី​ទីប្រជុំជន​រហូត​ដល់​ទី​ជនបទ​ដាច់ស្រយាល​។​

​ស្តែង​ចេញ​ពី​ការងារ​ជាច្រើន លោក ម៉ម ទូច ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប បានឲ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ច្រើន​ស្អេកស្កះ​នៅលើ​ទឹកដី​ខេត្ត​កែប ត្រូវបាន អាជ្ញាធរ​ខេត្ត​ជំរុញ​ឲ្យ​អនុវត្ត​ជា​បន្តបន្ទាប់ ដូចជា​កំណាត់​ផ្លូវ​នានា​ស្ថិត​តាម​ភូមិសាស្ត្រ​ខេត្ត​កែប ក្រោយ​ពី​រង​ការខូចខាត​កន្លងមក ដោយ​មន្ត្រី​ជំនាញ​បាន​ខិតខំ​យកចិត្តទុកដាក់​សម្រុក​ជួសជុល​យ៉ាង​សស្រាក់សស្រាំ បើទោះជា​មាន​ឧបសគ្គ​ដោយសារ​មាន​ភ្លៀង​ធ្លាក់​ខ្លះៗ​ក៏ដោយ​។​

​លោក​ប្រធាន​បាន​បញ្ជាក់ទៀតថា ចំពោះ​កំណាត់​ផ្លូវជាតិ​លេខ​៣៣ ចំណុច​គីឡូម៉ែត្រ​១៩-២០-២១-២២​និង​២៣ ដែល​កំពុង​រង​ការខូចខាត​ស្ទើ​ទាំងស្រុង​នោះ ពេល​នេះ​មន្ត្រី​ជំនាញ​ចាប់ផ្តើម​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ស្ថាបនា​ជា​ថ្មី​ចាប់ពីពេលនេះ​តទៅ ដោយ​ទីតាំង​ជាច្រើន​ត្រូវបាន​ជួសជុល​បាន​រួចរាល់​ជា​ស្តាពរ​។

​លោក​ម៉ម ទូច បាន​បន្ថែមថា ដើម្បី​ជួយ​សម្រួល​ការធ្វើដំណើរ​របស់​ពលរដ្ឋ ខាង​មន្ទីរជំនាញ​ក៏​ត្រូវ​ចាត់ឲ្យ​មាន​រថយន្ត​បាញ់​ទឹក​បន្សើម​ផ្លូវ​នៅ​ចំណុច​ផ្លូវ​ដែល​កំពុង​ជួសជុល ក្នុង​មួយ​ថ្ងៃ​៣​ដង​ផងដែរ​។​

​សូមបញ្ជាក់​ថា កំណាត់​ផ្លូវជាតិ​លេខ​៣៣​អា ត្រូវបាន​មន្ត្រី​ជំនាញ​ស្ថាបនា​ប្រកបដោយ​ស្តង់ដា និង​មាន​ភាព​ធំ​ទូលាយ អម​ដោយ​សួន​នៅ​កណ្តាល​ទ្រូងផ្លូវ និង​ដាំ​ផ្កា​ចម្រុះ​ពណ៌ ដោយ​មាន​ដាក់​បង្គោល​ភ្លើង​បំភ្លឺ​ពេលយប់​ផងដែរ​។​

​ដោយឡែក ចំពោះ​ផ្លូវ​ខេត្ត និង​ផ្លូវ​លេខ​៣៣ ព្រមទាំង​ផ្លូវលំ​ជា​ច្រើន​ខ្សែ នៅ​ទូទាំង​ខេត្ត​កែប ត្រូវបាន​អាជ្ញាធរ​ខេត្ត​ជំរុញ​ដល់​មន្ត្រី​ជំនាញ ស្ថាបនា និង​ជួសជុល​ជា​បន្តបន្ទាប់ ចាប់ពី​ទីប្រជុំជន​រហូត​ដល់​មូលដ្ឋាន​នានា នៃ​ភូមិសាស្ត្រ​ខេត្ត​៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *