ព័ត៌មានជាតិ

ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប បានអញ្ជើញដឹកនាំប្រតិភូអន្តរក្រសួង ស្ថាប័ន ចុះស្វែងយល់ពីការគ្រប់គ្រង អភិរក្សធនធានជលផលក្នុងតំបន់អភិរក្សជលផលអតីតឡូត៍លេខ៦ (បឹងទន្លេឆ្មារ) ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។

នៅព្រឹកថ្ងៃសុក្រ ១០ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប តំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប អមដំណើរដោយថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប និងលោក អ៊ុង វុទ្ធី អភិបាលរងខេត្តកំពង់ធំ បានអញ្ជើញដឹកនាំប្រតិភូអន្តរក្រសួង ស្ថាប័ន អង្គភាពជំនាញថ្នាក់ក្រោម អាជ្ញាធរស្រុក ឃុំ កងកម្លាំងសមត្ថកិច្ច និងមន្រ្តីក្រុមការងារបច្ចេកទេសអាជ្ញាធរទន្លេសាប ចុះសិក្សាស្វែងយល់ពីការគ្រប់គ្រង អភិរក្សធនធានជលផលក្នុងតំបន់អភិរក្សជលផលអតីតឡូត៍លេខ៦ (បឹងទន្លេឆ្មារ) ស្ថិតក្នុងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។

ក្នុងឱកាសនោះដែរ ឯកឧត្តម បានជម្រាបជូនប្រតិភូ និងអង្គប្រជុំអំពីបេសកកម្មការងាររបស់អាជ្ញាធរទន្លេសាប ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន ក្នុងការយកចិត្តទុកដាក់លើសារៈសំខាន់នៃធនធានធម្មជាតិ ជីវចម្រុះ និងសក្តានុពលក្នុងតំបន់បឹងទន្លេសាប ជាពិសេសតំបន់ស្នូលបឹងទន្លេឆ្មារ ដែលជាប្រភពផ្តល់ធនធានជលផលដល់បឹងទន្លេសាប ដែលបាន និងកំពុងរងការគំរាមកំហែងនាពេលបច្ចុប្បន្ន ដូចជាការបម្រែបម្រួលអាកាសធាតុ បណ្តាលឱ្យទឹកបឹងទន្លេឆ្មារគោករាក់នៅរដូវប្រាំង និងកំណើនប្រជាពលរដ្ឋរស់នៅជុំវិញតំបន់អភិរក្ស បង្កឱ្យផលស្តុកធនធានជលផលធ្លាក់ចុះ និងផលប៉ះពាល់មកលើប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប។
ជាមួយនេះដែរ ឯកឧត្តម ក៏បានលើកពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការការពារ ថែរក្សា និងគ្រប់គ្រងតំបន់បឹងទន្លេសាប ជាពិសេសការលើកយកនូវអនុសាសន៍ និងសេចក្តីអំពាវនាវដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី នារសៀលថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៤ ចំពោះវិធានការចូលរួមទប់ស្កាត់ការទន្រ្ទានដីព្រៃលិចទឹក ចូលរួមថែរក្សា និងការពារបឹងទន្លេសាប គឺជាការចូលរួមរក្សាធនធានជលផល និងសន្តិសុខស្បៀងសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាសន្តិសុខទឹកសម្រាប់ការប្រើប្រាស់ និងស្រោចស្រព ព្រមទាំងរក្សាបាននូវតុល្យភាពប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប។

ការចុះសិក្សាស្វែងយល់នៅតំបន់អភិរក្សជលផលអតីតឡូត៍លេខ៦(បឹងទន្លេឆ្មារ) នេះជាបេសកកម្មលើកទី៤ របស់ក្រុមប្រតិភូអន្តរក្រសួង និងអង្គការអន្តរជាតិ ក្នុងតំបន់បឹងទន្លេសាប ដែលតំបន់អភិរក្សជលផលនេះ ដែលមានផ្ទៃដី ៨៣២៥ ហិកតា និងមានបង្គោលការពារដែនអភិរក្សបានចំនួន ៣៣បង្គោល។ តំបន់អភិរក្សជលផលនេះ មានលក្ខណៈសមស្របសម្រាប់ជាកន្លែងជួយថែរក្សាពូជមច្ឆាជាតិ និងជីវចម្រុះគ្រប់ប្រភេទ ដើម្បីជួយបង្កើនបរិមាណផលស្តុកជលផល ការទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាជន និងសេដ្ឋកិច្ចជាតិ។

ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះតំបន់អភិរក្សក្នុងតំបន់ទន្លេសាប កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ អាជ្ញាធរទន្លេសាប បានចេញលិខិតជម្រាបជូនទៅ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តទាំង៦ ជុំវិញបឹងទន្លេសាប (ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ) ចូលរួមអនុវត្តដោយម៉ឺងម៉ាត់ក្នុងការចាត់វិធានការការពារ និងទប់ស្កាត់បទល្មើសនេសាទក្នុងរដូវបិទនេសាទឆ្នាំ២០២៤ ក្នុងភូមិសាស្រ្តខេត្តទាំង៦ ជុំវិញបឹងទន្លេសាប ដើម្បីធានាបាននូវភាពសម្បូរ នៃធនធានជលផល ជាពិសេសប្រភេទត្រីកម្រ និងជិតផុតពូជអាចមានទីជម្រក និងសម្រេចបាននូវការថែរក្សា និងបង្កើនផលស្តុកសម្រាប់ប្រើប្រាស់យូរអង្វែង ព្រមទាំងចូលរួមលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជានេសាទ និងធានាបាននូវប្រភពប្រូតេអ៉ីន និងជីវភាពសម្រាប់បន្តដល់កូនចៅជំនាន់ក្រោយៗ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *