ព័ត៌មានជាតិ

លោក ស៊ុំ ស៊ីវុត្ថា មិនគួរមើលរំលងឈ្មួញឈើឈ្មោះ បញ្ញា ដែលតែងតែដឹកជញ្ជូនឈើកាត់មុខស្ទើររាល់យប់បែបនេះសោះ

(ខេត្តព្រះវិហារ)៖ មេឈ្មួញឈ្មោះ បញ្ញា ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំដោយរលូនមានការដោយសង្ស័យថា មានការបើកដៃពីសំណាក់លោក ស៊ុំ សីវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង។គេដឹងច្បាស់ថាមេឈ្មួញឈ្មោះ បញ្ញា ប្រើប្រាស់រថយន្តកែច្នៃដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារឆ្លងកាត់មុខស្នាក់ការផ្នែករដ្ឋបាលព្រៃឈើរវៀង ផ្លូវជាតិលេខ៦២ ចូលដល់ខេត្តកំពង់ធំយ៉ាងស្រួលៗ។ លោក ស៊ុំ ស៊ីវុត្ថា ហៅ តាវ៉ែនតា នាយផ្នែករដ្ឋបាលព្រៃឈើរវៀងមិនហ៊ានប៉ះពាល់ឈ្មួញឈ្មោះ បញ្ញា ដែលធ្វើសកម្មភាពដឹកជញ្ជូនឈើយ៉ាងពេញបន្ទុកនោះទេ ទំនងជាខ្លាចបាត់បង់ផលប្រយោជន៍ផ្ទាល់ខ្លួន។

មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តព្រះវិហារបានឱ្យដឹងថា មកដល់ពេលនេះ ឈ្មួញឈ្មោះ បញ្ញា នៅតែធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកជ័យសែន ចូលខេត្តកំពង់ធំយ៉ាងពេញបន្ទុកគ្មានញញើតអ្វីទាំងអស់។បើយោងតាមប្រភពខ្លះបានបង្ហើបឱ្យដឹងថា បើគ្មានការបើកដៃពីសំណាក់លោក ស៊ុំ ស៊ីវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀងទេនោះគឺឈ្មួញឈ្មោះ បញ្ញា មិនអាចដឹកជញ្ជូនឈើឆ្លងកាត់មុខស្នាក់ការផ្នែករដ្ឋបាលព្រៃឈើរវៀង ផ្លូវជាតិលេខ៦២ ចូលទៅខេត្តកំពង់ធំតាមអំពើចិត្តនោះទេ។

ចំណែកលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ និងលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារហាក់បីដូចជាបណ្ដោយឱ្យលោក ស៊ុំ ស៊ីវុត្ថា ធ្វើអ្វីៗតាមអំពើចិត្ត។ សូម្បីសមត្ថកិច្ចអាវុធហត្ថ និងសមត្ថកិច្ចជំនាញក្នុងស្រុករវៀង ខេត្តព្រះវិហារក៏មិនហ៊ានប៉ះពាល់ឈ្មួញឈ្មោះ បញ្ញា ដែលធ្វើសកម្មភាពដឹកជញ្ជូនឈើទាំងថ្ងៃ ទាំងយប់នោះដែរ។ប្រជាពលរដ្ឋបានអំពាវនាវឱ្យលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារក៏ដូចជាលោក កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងលោក សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ សូមចាត់វិធានការទៅលើឈ្មួញឈ្មោះ បញ្ញា ជាបន្ទាន់។ ដោយហេតុថា បច្ចុប្បន្ននេះឈ្មួញឈ្មោះ បញ្ញា ដឹកជញ្ជូនឈើតាមរថយន្តកែច្នៃពីស្រុកជ័យសែន ឆ្លងកាត់ផ្លូវជាតិលេខ៦២ ស្រុករវៀង ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងពេញបន្ទុកជាពិសេសចាប់ពីម៉ោង១២រំលងអធ្រាត្ររហូតដល់ម៉ោង៤ទៀបភ្លឺ។

ដើម្បីកុំឱ្យមានការរិះគន់ថា លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ និងលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មព្រះវិហារ ហាក់ដូចជាខ្លាចឥទ្ធិពលឈ្មួញឈ្មោះ បញ្ញា នេះខ្លាំងតែម្ដង៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *