ព័ត៌មានជាតិ

អភិបាលខេត្តកណ្ដាលដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ អភិបាលស្រុក ក្រុង មន្ទីរអង្គភាពពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវយកសំណាកជនបរទេសដែលកំពុងស្នាក់នៅក្នុងខេត្តកណ្ដាល ធ្វើតេស្តរកជំងឺកូវីដ-១៩,,

ខេត្ត កណ្ដាល៖ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អភិបាលស្រុក ក្រុងទាំង១១ មន្ទីរអង្គភាពពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវយកសំណាកជនបរទេសទាំងអស់ ដែលកំពុងស្នាក់នៅ និងបម្រើការងារក្នុងខេត្តកណ្ដាល ដើម្បីធ្វើតេស្តរកមេរោគកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នាបង្ការ ការពារ និងទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានដាក់បញ្ជាបែបនេះ ក្នុងឱកាសឯកឧត្តម អញ្ជើញដឹកនាំកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីត្រួតពិនិត្យ និងពង្រឹងវិធានការក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ នៅវិទ្យាល័យទេពប្រណម្យ ស្រុកពញាឮ។

ឯកឧត្តមអភិបាលខេត្តបញ្ជាក់ទៀតថា៖អភិបាលក្រុង-ស្រុក ទាំងអស់ ត្រូវសហការជាមួយ បណ្ដាលរោងចក្រ សហគ្រាស និងក្រុមហ៊ុននានានៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវធ្វើការចុះពិនិត្យ និងស្រាវជ្រាវ ដើម្បីស្វែងរកជនបរទេសទាំងអស់ មកយកសំណាក ដើម្បីធ្វើតេស្តរកមេរោគកូវីត-១៩ ក្នុងគោលបំណងរួមគ្នាបង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ ជាងនេះទៅទៀតអភិបាលក្រុង-ស្រុកទាំង១១ ត្រូវត្រៀមមណ្ឌលចត្តាឡីស័ក ដើម្បីត្រៀមដាក់បងប្អូនពលករ ដែលបានវិលត្រឡប់មកពីប្រទេសថៃ ដើម្បីធ្វើចិត្តាឡីស័កឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់អាជ្ញាធរស្រុក ក្រុង កងកម្លាំងទាំងបី និងមន្ទីរអង្គភាពពាក់ព័ន្ធ បានធ្វើការសហការគ្នាយ៉ាងល្អ ក្នុងការបង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ នាពេលកន្លងមក ដោយបានគ្រប់គ្រងអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បានយ៉ាងល្អប្រសើរ។

ឯកឧត្តម គង់ សោភ័ណ្ឌ បានបញ្ជាក់បន្ថែមថា អ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល មានចំនួន ៥៤២២ នាក់ និងបានយកសំណាកទៅពិនិត្យចំនួន ៤៧៣៥ នាក់ អ្នកធ្វើចត្តាឡីស័កនៅមណ្ឌលមានចំនួន ១១៨៨ នាក់ និងអ្នកធ្វើចត្តាឡីស័កនៅផ្ទះមានចំនួន ៤២៣៤ នាក់។ ឯកឧត្តមអភិបាលខេត្តកណ្ដាល ក៏បានបន្ថែមទៀតថា ចំពោះតួលេខទាំងអស់នេះនឹងនៅមានការកើនឡើងបន្តទៀតផងដែរ។

បន្ទាប់ពីកិច្ចប្រជុំចប់រួចមកឯកឧត្តមអភិបាលខេត្ត ក៏បានចុះពិនិត្យមណ្ឌលចត្តាឡីស័កដែលត្រៀមចាំទទួលបងប្អូនពលករដែលគាត់មកពីថៃ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *