បង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ដកហូតបានជិត ៥០គីឡូក្រាម!

ភ្នំពេញ ៖​ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្ដមសេនិយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ។

វេលាម៉ោង ២១:០០នាទី កម្លាំងជំនាញ (ក១០) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្សសត្យា និងលោកឧត្តមសេនីយ៍ទោ ហៀប ដារ៉ាត់ នាយករងមន្ទីរ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការដឹកនាំសម្របសម្រួលពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ ឈានទៅបង្រ្កាបនៅចំណុចក្បែរស្ថានីប្រេងឥន្ទ: តូតាល់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ឃាត់ខ្លួនជនសង្ស័យបាន ០១នាក់ ឈ្មោះ ប៉ាន់ ប៉េរ៉ា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ។ វត្ថុតាងចាប់យកបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE) ២កញ្ចប់តូច ទម្ងន់ប្រមាណ១០០ក្រាម។

បន្ទាប់មកដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០វេលាម៉ោងប្រហែល១២:៥នាទី កម្លាំងសមត្ថកិច្ចយើងបានបន្តទៅធ្វើការឆែកឆេរបន្ទប់ជួលគ្មានលេខ ស្ថិតក្នុងនៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលជាកន្លែងរក្សាទុកគ្រឿងញៀន។ ដកហូតវត្ថុតាងបានសារធាតុញៀន ប្រភេទមេតំហ្វេតាមីន (ICE)ទម្ងន់ ៤៧៧៨០.៨៧ក្រាម, អ៊ិចស្តាស៊ី(MDMA) ៣០២.៨១ក្រាម, នីមេតាហ្សេប៉ាម ៧៧.០៤ក្រាម បន្ថែមទៀត។

ដោយឡែកវត្ថុតាងចាប់យកសរុបរួមទម្ងន់ ៤៨១៦០,៥៤ក្រាម ហេីយបច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីបន្តតាមនីតិវិធី៕