ឃាត់ខ្លួនប៉ូលិសម្នាក់ ករណីដកកាំភ្លើងគំរាមបាញ់សម្លាប់ប៉ូលិសដូចគ្នា ដោយសារជម្លោះក្នុងវង់ផឹកស៊ី,,,

ភ្នំពេញ ៖ នគរបាលខណ្ឌពោធិ៍សែនជ័យ នៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានឃាត់ខ្លួនមន្ត្រីនគរបាលអន្តរាគមន៍ព្រែកឯង ម្នាក់ ពាក់ព័ន្ធបទល្មើសដកកាំភ្លើងបញ្ចូលគ្រាប់ គំរាមបាញ់សម្លាប់ប៉ូលិសដូចគ្នា និងជាមិត្តភក្តិគ្នាផងដែរ ដោយសារជម្លោះក្នុងវង់ផឹកស៊ី។

សមត្ថកិច្ចបានឃាត់ខ្លួនប៉ូលិសរូបនេះ នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សមត្ថកិច្ចបង្ហើបប្រាប់ថា ជនសង្ស័យជាប៉ូលិសរូបនេះ មានឈ្មោះ រ៉េត សុគន្ធ អាយុ២៦ឆ្នាំ ជាមន្ត្រីនគរបាលអន្តរាគមន៍ព្រែកឯង។ ចំណែកជនរងគ្រោះឈ្មោះ ប៉ុន សិទ្ធារាជ្យ អាយុ២៦ឆ្នាំ ជាមន្ត្រីប៉ូលិសដូចគ្នា។

អង្គហេតុនៃករណីនេះ ត្រូវបានសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១០៖៣០នាទីយប់ ជនសង្ស័យនិងជនរងគ្រោះជាមិត្តភក្តិនឹងគ្នា បាននាំគ្នាទៅផឹកស៊ីក្នុងភោជនីយដ្ឋានមួយ យីហោ ហ្ស៊ឹម ស្ថិតនៅភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ជាមួយមិត្តភក្តិផ្សេងទៀត ប្រហែល១០នាក់។

លុះពេលផឹកស៊ីបានមួយសន្ទុះក្រោយមក ជនសង្ស័យឈ្មោះ រ៉េត សុគន្ធ បានហុចបារីមួយដើមទៅឱ្យជនរងគ្រោះឈ្មោះ ប៉ុន សិទ្ធារាជ្យ។ ប៉ុន្តែនៅពេលហុចបារីនោះ បារីបានធ្លាក់ទៅលើដី ហើយជនសង្ស័យក៏អោនរើសបារីដែលធ្លាក់ទៅលើដីហុចទៅឱ្យជនរងគ្រោះ តែជនរងគ្រោះមិនព្រមយក ដោយចង់បានបារីថ្មី ធ្វើឱ្យជនសង្ស័យនិយាយថា ជនរងគ្រោះមើលងាយខ្លួន។

ក្រោយមក ជនសង្ស័យបានទាញអាវុធខ្លីម៉ាក Lock19 ផលិតនៅប្រទេស USA ចេញពីកាបូបដាក់សម្ភារ មកបញ្ចូលគ្រាប់ រួចភ្ជង់គំរាមបាញ់ទៅលើជនរងគ្រោះ ប៉ុន សិទ្ធារាជ្យ។ ប៉ុន្តែ ពេលនោះក៏ត្រូវបានមិត្តភក្តិរួមតុជាមួយគ្នា បានឃាត់ចេញបំបែកចេញពីរៀងៗខ្លួន ហើយជនសង្ស័យបានរត់គេចខ្លួន។ ចំណែកជនរងគ្រោះ បានដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ  បន្ទាប់មកនៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ សមត្ថកិច្ចក៏តាមចាប់ខ្លួនជនសង្ស័យបានតែម្តង។ ពេលនេះ សមត្ថកិច្ចកំពុងសាកសួរជនសង្ស័យតាមនីតិវិធី មុនបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕